ព័ត៌មានសេដ្ឋកិច្ច

រឹបអូសជង្គង់មាន់ខូចគុណភាពជិត ២៥គីឡូក្រាម នៅបាត់ដំបង ទាំងព្រឹកព្រលឹម

មន្ត្រីកាំកុងត្រូលប៉ុស្តិ៍អូររំដួល សាខាខេត្តបាត់ដំបង បានត្រួតពិនិត្យ និងរឹបអូសនូវ ទំនិញជាង ៧០គីឡូក្រាម យកទៅដុតចោល កាលពីម៉ោង ៥ព្រឹក ថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រអគ្គនាយកដ្ឋានកាំកុងត្រូល។

ក្នុងនោះដែរ មន្រ្តីកាំកុងត្រូល រឹបអូសបាន សាច់មាន់ និងជង្គង់មាន់ខូចគុណភាពចំនួន ២៥គីឡូក្រាម នឹងនំខូចគុណភាព ៣០គីឡូក្រាម។

កាលពីម្សិលមិញនេះ មន្រ្តីកាំកុងត្រូលសាខាបាត់ដំបង ក៏បានបន្តចុះត្រួតពិនិត្យនៅតាមផ្ទះ និងហាងដាក់តាំងលក់ទំនិញ និងទឹកដោះគោ នៅក្រុងបាត់ដំបង ដើម្បីស្វែករកទំនិញខូចគុណភាព និងណែនាំដល់អាជីវករ។

គួររម្លឹកដែរថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រសិនបើមាន ទំនិញ ឬផលិតផលម្អូបអាហារ បន្លែផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ គឺក្រសួងនឹងចាត់វិធានការ ស្រាវជ្រាវរកប្រភពដើមផលិត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។

ប្រសិនបើមានករណីរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងទំនិញ ឬផលិតផលដែលកំពុងចរាចរលើទីផ្សារ ក្រសួងនឹងចាត់វិធានការ ស្រាវជ្រាវរកប្រភពដើមផលិតឲ្យឃើញ ដោយអាចសួរនាំពីឈ្មួញកណ្តាល អ្នកប្រើប្រាស់ ដើម្បីរកឲ្យឃើញ អ្នកដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ថា កាំកុងត្រូល មិនមែនត្រឹមធ្វើនៅកន្លែងលក់ប៉ុណ្ណោះនោះទេ គឺស្វែងរកទាំងប្រភពដើមផលិត ព្រមទាំងត្រួតពិនិត្យទំនិញ និងផលិតផលនាំចូលជាប្រចាំ ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុង ចំពោះផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕

មតិយោបល់