ខណៈដែលរឿង «រាជបុរី Comeback» ត្រូវបានប្រកាសប្ដូរឈ្មោះ និងកំណត់ថ្ងៃដាក់បញ្ចាំងនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនោះ ផលិតកររឿងនេះ ក៏ធ្វើពិធីក្រុងពាលីចេញថតរឿងថ្មីមួយទៀតភ្លាមៗ កាលពីថ្ងៃទី២០ តុលា ដោយអះអាងថាដើម្បីឲ្យមានភាពយន្តបណ្ដាក់គ្នា ក្រោយពីភាពយន្តរឿង«នរណា Comeback » ដែលបានប្ដូរចំណងជើងពី«រាជបុរី Comeback»នោះ។
អ្វីដែលគួរកត់សម្គាល់ថាលោកបានប្រកាសថាភាពយន្តរឿង«ម៉ាដាមអាប»ដែលលោកទើបក្រុងពាលីក្ដៅៗនេះ គឺមិនផ្ដោតតែរឿងអាបមួយមុខនោះទេ ប៉ុន្តែបានដាក់បញ្ចូលវិញ្ញាណខ្មោចសំខាន់ៗទៀតបញ្ចូលគ្នា ដែលលោកបញ្ជាក់ថាគឺនឹងប្លែកភ្នែកមហាជន។
លោកហួរ សុផល ចាងហ្វាងផលិតកម្មក្លាស៊ិកនិយាយ លោកសម្រេចចិត្តថតរឿងថ្មីដោយមិនបង្អង់យូរទៀតទេ ដោយសារតែលោកចង់ឲ្យផលិតកម្មរបស់លោកមានរឿងបន្តបន្ទាប់ភ្លាមៗសម្រាប់បម្រើអារម្មណ៍មហាជន។
លោកថាភាពយន្តរឿង «ម៉ាដាមអាប» ដែលលោកសម្រេចបោះទុននេះ គឺជារឿងដែលបានប្រមូលផ្ដុំសម្ដែងដោយតារាល្បីៗរួមមាននាយចេក នាយព្រែក អ្នកនាងកាតុ កញ្ញារ៉ូលីន លោកឈួន ពន្លឺ ចៅខ្មែរ កញ្ញា ស៊ីស៊ី លោកសត្យា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត។
មួយរឿងនេះលោកថាគឺស្ដែងពីវិញ្ញា៤ប៉ះគ្នា ដោយកញ្ញា រ៉ូលីន គឺតួអង្គអាប ដែលមានសកម្មភាពច្រើនក្នុងរឿង និងតារាសម្ដែងសំខាន់ៗផ្សេងទៀតត្រូវសម្ដែងជាតួអង្គនាងនាថ និងតួអង្គខ្មោចដើមចេកជ្វារជាដើម។ លោកថាអ្នកនាងកាតុ និងកញ្ញា ស៊ីស៊ី គឺជាតួអង្គភរិយារបស់នាយចេក ដោយគ្រោយពេលស្លាប់ទៅក៏ក្លាយជាវិញ្ញាខ្មោចកាចសាហាវ ប៉ុន្តែបង្កប់នូវភាពកំប្លុកកំប្លែង។ នៅក្នុងរឿងនេះ កញ្ញារ៉ូលីន គឺជាជាតួអង្គអាប អ្នកនាងកាតុ គឺជាតួអង្គខ្មោចដើមចេកជ្វា ក្ញ្ញាស៊ីស៊ី គឺជាតួអង្គនាងនាថ ក្រោយពេលស្លាប់ និងកញ្ញារំដួលលិចទឹកគឺជាតួអង្គព្រះម៉ែនាគរាជ ដែលលោកប្រកាសថានៅក្នុងរឿងនេះក៏រំលេចវិញ្ញាណព្រះម៉ែនាគរាជផងដែរ ដើម្បីឲ្យស្រទាប់មហាជនបានជ្រាបច្បាស់ថានៅក្នុងរឿងព្រេងខ្មែរក៏មានវិញ្ញាណព្រះម៉ែនាគរាជផងដែរ គឺមិនមែនជាបារមីដែលចម្លងមកពីថៃនោះទេ។
លោកមិននច្បាស់ពីរឿងដើមទុនសម្រាប់ការផលិតភាពយន្តនេះនៅឡើយទេ ដោយសារតែភាពជាក់ស្ដែងគឺលោកនឹងត្រូវចំណាយខ្ពស់ដោយសារតែភាពយន្តនេះត្រូវថតនៅខេត្តកំពត និងតាមប្រាសាទមួយចំនួនដែលសុទ្ធតែត្រូវការដេកផ្លូវ។ មួយរឿងនេះ គឺជារួមបញ្ចូលដោយវិញ្ញាណ៤សំខាន់ៗ ដោយលោកយល់ថាភាពយន្តមួយដែលមានវិញ្ញាណអាប វិញ្ញាណខ្មោចដើមចេកជ្វា វិញ្ញាណនាងនាថ និងវិញ្ញាណព្រះម៉ែនាគរាជ ដែលសុទ្ធតែជាវិញ្ញាណសំខាន់ និងល្បីៗនៅក្នុងរឿងព្រេងខ្មែរបែបនេះ គឺលោកប្រកាសថានៅក្នុងភាពយន្តខ្មែរមិនធ្លាប់មាន។
លោករំពឹងយ៉ាងខ្លាំងថាភាពយន្តនេះនឹងទទួលបានការចាប់អារម្មណ៍ ដោយក្នុងរឿងទាំងមូលក៏ភ្ជាប់ទៅនឹងសម័យបច្ចុប្បន្នដោយមិនមែនជារឿងបុរាណសុទ្ធសាធនោះដែរ។
រឿងនេះលោកគ្រោងដាក់បញ្ចាំងឲ្យទាន់នៅដើមឆ្នាំ២០១៨ ប៉ុន្តែសម្រាប់គុណភាពមិនឆិនឆៃទេ ដើម្បីកុំឲ្យបាត់គុណភាពក្នុងការប្រកួតប្រជែង។
ក្នុងនោះប៉ារ៉ូលតារាសម្ដែងក្នុងរឿងក៏នឹងរំលេចឲ្យសើច និងមានការអប់រំនៅក្នុងផងដែរ។
លោកថារឿង«ម៉ាដាមអាប»មានតារាក្មេងចាស់ល្បីៗរហូតដល់៣០តួរូមគ្នាសម្ដែង ហើយភាពយន្តនេះគឺលោករំពឹងខ្លាំងថានឹងកក្រើកនៅដើមឆ្នាំថ្មី ដោយសារតែលោកបានដាក់បញ្ចូលសុទ្ធតែឈុតឆាកច្នៃប្រឌិតក្នុងរឿងព្រេងនិទានខ្មែរ លាយលំនឹងឈុតឆាកវិទ្យាសាស្រ្ត ដែលនឹងក្លាយជារសជាតិថ្មីសម្រាប់ភាពយន្ត៕
មតិយោបល់