ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie រក្សាសម្រស់ធម្មជាតិ ព្រោះខ្លាចជំងឺមហារីក

នាពេលថ្មីៗនេះ កំពូលតារាភាពយន្តហូលីវូដអ្នកនាង Angelina Jolie ដែលមានសម្រស់ដ៏ស្រស់ស្អាតដាច់គេ ទោះបីជានាងមានវ័យឈានដល់ ​​៤១ឆ្នាំហើយក្តី អ្នកនាងបានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Hello ពាក់ព័ន្ធនិងការបាត់បង់ជីវិតម្តាយរបស់អ្នកនាង​ដោយសារតែជំងឺមហារីកកាលពី១០ឆ្នាំមុន ដែលវាគឺជារឿងដ៏សោកសង្រែងសម្រាប់តារាសម្តែងដ៏ល្បីល្បាញរូបនេះ ក្នុងការ​និយាយ​រំលឹកពី​ម្តាយ​របស់ខ្លួន។ នេះដោយយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Daily Mail នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែ​មីនា ឆ្នាំ២០១៧។

អ្នកនាង Angelina Jolie បានលើកឡើងថា​ម្តាយរបស់អ្នកនាង គឺលោកស្រី Marcheline Bertrand មិនមែនជាមនុស្សឆើតឆាយនោះឡើយ ស្របពេលដែលលោកស្រីបានខិតខំចិញ្ចឹមបីបាច់ថែរក្សាអ្នកនាងនិងប្អូនប្រុសអ្នកនាង គឺលោក James Haven ដោយផ្ទាល់ដៃលោកស្រី នៅក្នុង​ទីក្រុង Los Angeles ក្រោយពីបានលែងលះជាមួយស្វាមីលោកស្រី គឺលោក Jon Voight។ អ្នកនាង Jolie បានបន្តថា ” ម្តាយរបស់ខ្ញុំគឺជាស្ត្រីម្នាក់ដែល​ស្រឡាញ់ការតែងខ្លួនបែបលក្ខណៈធម្មជាតិ។ គាត់មិនដែលចាយវាយតុបតែងខ្លួនលើសលុបគាត់នោះឡើយ និងកម្រតែងខ្លួនណាស់ដោយពាក់ត្រឹមតែ​គ្រឿងអលង្ការសាមញ្ញៗធម្មតាប៉ុណ្ណោះ “។

គួរបញ្ជាក់ថាម្ដាយអ្នកនាង Angelina Jolie បានទទួលមរណភាពដោយសារតែជំងឺមហារីកកាលពីឆ្នាំ២០០៧ ក្នុងអាយុ៥៦ឆ្នាំ។ ដោយឡែក​អ្នកនាង Angelina Jolie ក៏ទើបតែបានចែកផ្លូវគ្នាជាមួយស្វាមីដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបគឺលោក Brad Pitt ផងដែរ៕

មតិយោបល់