ព័ត៌មានសិល្បៈ និងកម្សាន្ត

រមណីយដ្ឋានវត្ត​សំ​ពៅ​ប្រាំ ​នៅ​លើ​កំ​ពូល​ភ្នំ​បូក​គោ​

វត្តសំពៅប្រាំស្ថិតនៅលើទីខ្ពង់រាបនៃភ្នំបូកគោដែលសព្វថ្ងៃនេះភ្នំបូកគោត្រូវបានក្រុមហ៊ុន ឯកជនក្នុងស្រុកមួយ អភិវឌ្ឍអោយក្លាយទៅជាទីក្រុងទេសចរណ៏ភូមិភាគនិរិតី យ៉ាងសំខាន់សម្រាប់ភ្ញៀវ ទេសចរជាតិ ក៏ដូចជា អន្តរជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីលើកំពូលភ្នំកំពស់ ១០៨០ម ។ ភ្នំបូកគោ មានចំងាយ ៤២គ. ពីក្រុងកំពត ស្ថិតនៅ ស្រុក កំពង់បាយ បត់ចេញពីផ្លូវជាតិលេខ ចំងាយ ៣២គ. ទៀតឡើង តាមផ្លូវធ្វើថ្មីដែលចាក់ក្រាលជ័រកៅស៊ូយ៉ាងស្អាត ងាយស្រួលសំរាប់រថយន្តធន់តូច និងមធ្យមឡើង បាន ប៉ុន្តែភ្លៀវទេសចរត្រូវមានការប្រុងប្រយ័តបន្តិច ព្រោះថាផ្លូវលេខ ៣២ នេះមានសភាពបត់បែនច្រើនដែលត្រូវបានធ្វើចាប់ពីចង្កេះដល់កំពូលភ្នំ។តំបន់ភ្នំបូកគោនេះត្រូវបានរកឃើញនឹងរៀបចំឡើងដោយជនជាតិ បារាំងម្នាក់ឈ្មោះ រូលួស នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ១៩២២ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ ។ កាលនោះរាជការបារាំង បានថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គ ស្ថាបនា ជាព្រះដំណាក់មួយនៅបូកគោ ម្យ៉ាងដោយប្រទេសកម្ពុជា កាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននោះ ព្រះបាទស៊ីសុវត្ថិ ទ្រង់ព្រះតំរិះចាត់អោយមានការសាងសង់អារាមមួយ ដោយមានកូនវិហារតូចមួយនិង ចេតីយមួយឡើង ដែរ ។ អារាមនេះត្រូវបានកសាងឡើង នៅលើផ្ទាំថ្មនៃកំពូលភ្នំបូគោ ដោយនៅចំពីមុខវត្តនេះ មានផ្ទាំងថ្មជា បន្ទះៗ ចំនួន ដែលមានទំហំបណ្តោយ ១០ម និងកំពស់ប្រហែល ១០ម ដែរ ។ ទ្រង់ទ្រាយរបស់ ផ្ទាំងថ្មនេះ មើលទៅហាក់បីដូចជាក្តោងសំពៅ ដែលកំពុងបណែ្តតខ្លួនលើកំពូលភ្នំ ហេតុនេះហើយទើបអ្នកផង សន្មតវត្ត នេះថា “វត្តសំពៅប្រាំ” ។

កាលបើបានឈ្មោះនេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមាន ស្រាប់មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង ៖ ក្នុងកាលកន្លងយូរមកហើយ កាលនោះមាន សេ្តចមួយអង្គ ព្រះនាមព្រះថោង ។ រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គជា ព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យ និងបិតា ដែលតំរូវឱ្យព្រះអង្គគោរពបូជាព្រះអនុជពៅ ម៉្លោះហើយទ្រង់យាង ចាកចេញពីព្រះរាជវាំង ជាមួយ ស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយមានដើមធ្លកមួយដើមដុះ នាកណ្តាល វាលខ្សាច់នោះ ។ ព្រះអង្គបញ្ឈប់ពលរេហ៏នៅទីនោះសម្រាកព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាង ឡើង ព្រះអង្គ យាងមួយព្រះអង្គឯង លំហែរកាយតាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្ស អ៊ូអរ ព្រះអង្គក៏យាង ទៅជិតបានជួបនឹងនាងនាគ ដែលកំពុងនាំភិលៀងមកកំសាន្តឆ្នេរសមុទ្រនេះ។ ព្រះអង្គបាន លួងលោមប្រតិព័ទ្ធ នាងនាគ ក៏យល់ព្រម តែសូមឱ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតា ក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះ ព្រះបាទភុជង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមាន តំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យ នៅឋានមនុស្សលោក។ សំពៅទាំង៥នោះ បើក ក្តោងសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតំរៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយ ដឹកជញ្ជូនយកទៅរកទីណាមួយ មានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង។ ឯសំពៅទាំងប្រាំនោះក៏បញ្ឈរទុក សម្រាប់ព្រះអង្គមានដំណើរទៅណាមក ណា ទ្រង់គង់ក្រសាលតាមព្រះចិន្តា។ ពលរេហ៏ទាំង ៥០០នាក់ក៏ ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជ និវេសន៏ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ លុះអស់កាលជាយូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅ ទាំងប្រាំនោះ ក៏កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្តោង ទាំង៥ ដែលគេឃើញ សព្វថ្ងៃនេះ។

បច្ចុប្បន្ន រមណីយដ្ឋាន វត្តសំពៅប្រាំ ត្រូវបានជាទីពេញនិយមសំរាប់ភ្ញៀវទេសចរនៅពេលដែល ពួកគាត់បានធ្វើដំណើរមកដល់ភ្នំបូកគោ ។ យ៉ាងណាមិញនៅលើភ្នំបូកគោ ក៏មានកន្លែង ទាក់ទាញមួយចំនួន ទៀតដូចជា រូបសំណាកលោកយាយម៉ៅ កាស៊ីណូចាស់ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារំាង វិហារកាតូលិក ទឹកធ្លាក់ពពកវិល វាលស្រែ ១០០&៥០០ និងរូបសំណាកអណ្តើកថ្ម ដែលទាំង នេះគឺជាសក្តានុពលសំរាប់ទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ ម្យ៉ាងវិញទៀតនៅលើកំពូលភដ៏ខ្ពស់ស្គឹមស្គៃ នៃភ្នំបូកគោ ក៏មានរៀបចំនូវសេវាកម្មស្នាក់នៅ និងម្ហូបអាហារសំរាប់បម្រើជូនភ្ញៀវទេសចរតាមតំរូវការ ជាមួយ នឹងសេវាកម្មល្អឥតខ្ជោះ ស្របទៅតាមគោលការណ៏រាជរដ្ឋាភិបាល ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ

Bokor

អត្ថបទដោយ៖ ជួប រតនា

 

មតិយោបល់