ព័ត៌មានបច្ចេកវិទ្យា

Samsung ​ប្រកាសប្រោះ Note 7 ចំនួន ៤.៣ លានគ្រឿង ឱ្យរស់ឡើងវិញ តាម ៣ ដំណាក់កាល

នៅក្នុងសេចក្តីថ្លែងការមួយ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងធ្វើការជុសជុលកែលំអរទូរសព្ទដៃ Galaxy Note 7 ចំនួន ៤.៣ លានគ្រឿង ដែលបានប្រមូលពីអតិថិជនកាលពីឆ្នាំមុន ដើម្បីដាក់លក់នៅលើទីផ្សារសារជាថ្មីឡើងវិញ តាមដំណើរការ ៣ ដំណាក់កាល។

យោងតាមសេចក្តីថ្លែងការដដែលបានឱ្យដឹងបន្ថែមថា ក្នុងនោះSamsung នឹងរុះរើយកគ្រឿងគ្រៅដែលមិនជាប់ពាក់ព័ន្ធនឹងបញ្ហាផ្ទុះឆេះដូចជា កាមេរ៉ា និងបន្ទះឈីបផ្សេងៗជាដើម បន្ទាប់មក ចម្រាញ់ផ្នែកលោហ: ដូចជាសម្បករបស់ទូរសព្ទ ក្រោមជំនួយពីក្រុមហ៊ុនដទៃ រួចហើយផលិតវាឡើងវិញសារជាថ្មី ដើម្បីដាក់លក់នៅទីផ្សារដែលសមគួរផ្សេងៗ។

ចំពោះគ្រោងការនេះដែរ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសបញ្ចប់ជីវិត Note 7 ដែលនៅសេសសល់ជុំវិញទូទាំងពិភពលោកឱ្យបានមុនបំណាច់ខែមីនា និងក្រោមហេតុផលកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថានដែលកើតចេញពីកាក់សំណល់គ្រឿងអេឡិចត្រូនិក ហើយម្យ៉ាងទៀត សមាសធាតុផ្សំជាច្រើនរបស់វាមិនបានចូលរួមក្នុងការបង្កឱ្យកើតមានបញ្ហាផ្ទុះឆេះជាបន្តបន្ទាប់នោះទេ។

បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរតំបន់ដើម្បីអាចដាក់លក់ Galaxy Note 7 ដែលបានជុសជុល និងកែខៃថ្មីឡើងវិញបាន។ ដោយឡែក បើតាមព័ត៌មានចចាមអារ៉ាម Note 7 ថ្មី នឹងបំពាក់ថ្មដែលមានថាមពលទាបជាងមុន ដើម្បីបញ្ជៀសការកើនឡើងនៃកម្ដៅដែលនាំឱ្យផ្ទុះឆេះ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលព្រឹត្តិការណ៍ WMC ២០១៧ កន្លងទៅ មានបាតុករមួយក្រុមបានបង្អាក់វេទិការបស់ក្រុមហ៊ុន Samsung ក្នុងគោលបំណងទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គិតគូរចំពោះផលប៉ះពាល់ផ្នែកបរិស្ថានដែលអាចកើតចេញពីទូរសព្ទ Note 7 ដែលប្រមូលមកវិញជាង ៤ លានគ្រឿងនោះ៕

ប្រភពព័ត៌មាន: theverge

មតិយោបល់