គ្មានអ្នកណាមិនដឹងនោះទេ ថាលោក សុវណ្ណ មករា ដែលល្បីខាងសំបូរស្នេហ៍រហូតបណ្ដាលអោយភរិយាក្ដៅក្រហាយនោះ គ្រោងដាក់ពាក្យបណ្ដឹងចោទលោកអ៊ុន សុធា ពីបទបរិហាកេរ្តិ៍រឿងបង្ហោះថាលោកបើកលុយថ្លៃថតកុនអោយ។
ដំណឹងផ្លូវការទើបបានទម្លាយថាផលិតករសំបូររឿងអាស្រូវដដែលនោះមិនដាក់បណ្ដឹងវិញទេ បន្ទាប់ពីមានតារាច្រៀងច្រើននាក់ដែលលោកមិនបើកលុយអោយក្រោយពេលថតចប់ដូចគ្នាប្រកាសរួមគ្នាបកអាក្រាត បើហ៊ានអូសលោកអ៊ុន សុធា ចូលតុលាការ។
អ៊ីចឹងហើយទើបធ្វើអោយលោកអ៊ុន សុធា ត្រូវគេឃើញរីកមុខរីកមាត់ខុសពីពេលមុន ខណៈដែលលោកក៍ត្រូវបានប៉ុស្ដិ៍លេខ៥អោយតំណែងជាតួឯកក្នុងរឿង«ជីវិតនាងរចនា»យ៉ាងកាលីប បើទោះជាតំណែងលើកនេះ បានត្រឹមជាតួវ័យចំណាស់បន្តិចក្នុងរឿង។
ក្នុងពិធីក្រុងពាលីដើម្បីប្រកាសពីការចេញថតរឿង កាលពីថ្ងៃទី២ មេសា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកអ៊ុន សុធា ត្រូវបានផលិតកររឿង«ជីវិតនាងរចនា»បញ្ជាក់ថា ជាតួឯកនៅក្នុងរឿងនេះ ដោយលោកត្រូវសម្ដែងជាតួឧត្តមសេនីយ៍ត្រីឈ្មោះសុវណ្ណ និងត្រូវសម្ដែងជាបុរសវ័យ ៥៣ឆ្នាំ ដែលមានទាំងភរិយា និងកូនម្នាក់។
លោកត្រូវអោយសម្ដែងជាតួមានចរឹតម៉ឺងម៉ាត់ កាច តែលាក់អារម្មណ៍ចិត្តល្អចំពោះកូន និងក្រុមការងារ។ នេះជាលើកទី១ដែលលោកបានតំណែងជាតួឯក ហើយជាតួស្ថិតក្នុងការសម្ដែងជាតួវ័យជ្រេ មានកូនធំប៉ុនខ្លួន ក្នុងពេលដែលលោកធ្លាប់តែសម្ដែងធ្វើជាកូនគេនាពេលកន្លងមក។
លោកហួង តារាមុន្នី អ្នកទទួលខុសត្រូវការផលិតភាពយន្តនៅប៉ុស្ដិ៍លេខ៥បានអះអាងថា លោកអ៊ុន សុធា មានទឹកមុខម៉ឺងម៉ាត់ និងមានរូបរាងខ្ពស់សង្ហា ទើបមន្ត្រីប៉ុស្ដិ៍លេខ៥ក្រោមការចាត់ចែងដឹកនាំថតរបស់ផលិតករថៃ ដែលជាអ្នកទទួលផលិតរឿង«ជីវិតនាងរចនា»ជ្រើសលោកអោយសម្ដែងតួឯក។
លោកថាលោកអ៊ុន សុធា តែងធ្វើបុរសវ័យជាង៥០ឆ្នាំសម ម្យ៉ាងលោកក៏មានរូបរាងខ្ពស់សង្ហារមាឌធំសមជាមេទាហានគេផង ទើបលោកយល់ថាការជ្រើសរើសអោយលោកគ្រប់គ្រងក្នុងតំណែងនេះសមស្រប។ លោកថាលោកអ៊ុន សុធា ត្រូវសម្ដែងជាតួអ្នកមានស្ដុកស្ដម្ភ ដោយក្រៅពីម៉ឺងម៉ាត់ និងពោរពេញដោយការសណ្ដោស តារារូបនេះក៏ត្រូវមានភាពស៊ីវិល័យ និងឡួយឆាយក្នុងរឿងផងដែរ ដោយគ្រាន់តែមានទម្រង់ជាអ្នកថ្លៃថ្នូរក្នុងវណ្ណៈជាន់ខ្ពស់។
លោកថាខ្សែរឿង«ជីវិតនាងរចនា»ស័ក្តសមចំពោះអ៊ុន សុធា ទើបខាងផលិតសម្រេចកុងត្រាអោយលោកសម្ដែងតួឯក ដោយចំណាយផលិតប្រមាណ៤ខែ នឹងចប់សព្វគ្រប់ ហើយដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥។
លោកអ៊ុន សុធា បញ្ជាក់ថានេះមិនមែនជារឿងទី១របស់លោកជាមួយផលិតករថៃនៅប៉ុស្ដិ៍លេខ៥នោះទេ ប៉ុន្តែអាចចាត់ទុកថាជារឿងបើកឆាក ដែលលោកបានតំណែងជាតួអង្គឪពុក និងជាមេទាហានម្នាក់ក្នុងវ័យ៥៣ឆ្នាំដែលមានកូនស្រីវ័យក្រោម១១ឆ្នាំ។ លោកថាអាចជារឿងលំបាកដែរ ដែលលោកត្រូវសម្ដែងជាតួមន្ត្រីធំ ហើយត្រូវធ្វើចរឹតជាឪពុកដែលមានវ័យជ្រេ ប៉ុន្តែលោកនៅតែគិតថាខ្លួនសម្ដែងបានជោគជ័យ ដោយសារតែការសម្ដែងជាទម្រង់តួអង្គនោះ ខ្លួនពិតជាអាចធ្វើបានល្អ៕
មតិយោបល់