ព័ត៌មានសុខភាព

អាហារបំប៉ន៤មុខ ជួយឲ្យថ្លើម​មានសុខភាព​ល្អ​រហូត

ថ្លើម គឺជាសីរាង្គដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែថ្លើមក៏ងាយនឹងទទួលរងនូវផលប៉ះពាល់​ខ្លាំងដូចគ្នាដែរ ប្រសិនបើអ្នក​មិនចេះ​ការពារ។ ភាគច្រើនជំងឺថ្លើម កើតមានដោយសារតែកត្តាធំពីរយ៉ាង គឺការទទួលទានគ្រឿងស្រវឹង​លើសកម្រិត និងភាពធាត់ជ្រុល ដែល​បណ្តោលឲ្យ​មានខ្លាញ់​រុំថ្លើម។

ជាទូទៅមនុស្សដែលកើតជំងឺថ្លើមតែងតែមានរោគសញ្ញាដូចជា អស់កម្លាំង ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ចង្អោរ ទឹកនោមពណ៌ក្រម៉ៅ ស្បែកនៅត្រង់កញ្ចឹងក និងក្លៀកមានភាពស្ងួត ហើយខ្មៅ។

ប៉ុន្តែ ប្រសិនបើអ្នកអាចជៀសវាងពីរចំណុចខាងលើនេះបាន គឺអាចជួយរក្សាថ្លើមឲ្យមានសុខភាពល្អបាន។ ខាងក្រោមនេះ គឺជាអាហារដែលអាចជួយឲ្យថ្លើមមានសុខភាពល្អ៖

១.ចេក
ចេក មានផ្ទុកប៉ូតាស្យូមរហូតដល់ទៅ ៤៧០មីលីក្រាម ដែលជាសារធាតុដ៏ល្អបំផុតសម្រាប់សម្អាតថ្លើម និងបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ចេកអាចជួយរំលាយអាហារ និងបណ្តេញជាតិពុលផងដែរ។

២.មើមខ្ញី
មើមខ្ញី មានផ្ទុកជាតិសរសៃ ដែលអាចជួយការពារប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងកម្ចាត់ជាតិពុលចេញពីរាងកាយដូចផ្លែចេកដែរ។ ជាមួយគ្នានេះផងដែរ ខ្ញីមានផ្ទុកសារធាតុអុកសីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្សេងៗ។

៣.ដំឡូងជ្វា
ដោយសារតែជាតិប៉ូតាស្យូមកម្រិតខ្ពស់ ធ្វើឲ្យដំឡូងមានគុណសម្បត្តិជួយសម្អាតថ្លើមយ៉ាងពូកែបំផុត។ ដំឡូងជ្វាមួយមើម មានផ្ទុកជាតិប៉ូតាស្យូម ៧០០មីលីក្រាម រួមទាំងម៉ាញ៉េស្យូម ជាតិដែក វីតាមីនB6 វីតាមីនC និងវីតាមីនD ដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម។

៤.រមៀត
រមៀត គឺជាគ្រឿងទេសដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារបញ្ហារលាក ព្រមទាំងជួយព្យាបាលបញ្ហារំលាយអាហារ។ ជាពិសេសរមៀត អាចជួយឲ្យប្រសើរឡើងនូវមុខងារថ្លើម ក្នុងការកម្ចាត់ជាតិពុល។

ដូច្នេះហើយ ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ អ្នកគ្រប់គ្នាគួរតែបន្ថែមអាហារទាំងអស់នេះនៅក្នុងរបបអាហារជាប្រចាំ៕

មតិយោបល់