យោងតាមតារាសម្តែងស្រីក្នុងខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញមានចំណងជើងថា «Avatar» ដែលត្រូវបានដាក់បញ្ចាំងឲ្យមនុស្សទូទាំងពិភពលោកទស្សនាកាលពីឆ្នាំ២០០៩នោះ ភាគបន្តរបស់ភាពយន្តនេះនឹងចាប់ផ្តើមការថតនាចុងឆ្នាំនេះហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចក្រភពអង់គ្លេស Daily Mail (Mail Online) នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានកម្សាន្ត The Hollywood Reporter លោកស្រី Sigourney Weaver បានឲ្យដឹងថា រូបលោកស្រីប្រហែលជាមិនអាចបញ្ជាក់អ្វីផ្សេងបានឡើយ ក្រៅពីថាក្រុមការងារនឹងចាប់ផ្តើមការថតរឿងថ្មី ដែលជាភាគបន្តរបស់រឿង Avatar កាលពីឆ្នាំ២០០៩នៅវដូវស្លឹកឈើជ្រុះនាឆ្នាំនេះ។ តារាស្រីវ័យ៧៣ឆ្នាំរូបនេះបានផ្តល់ទំនុកចិត្តដល់អ្នកគាំទ្រទាំងអស់ថា ភាគបន្តនេះនឹងធ្វើឲ្យពួកគេខកបំណងដាច់ខាត ដោយទទូចថាភាពយន្តបែបប្រឌិត-វិទ្យាសាស្រ្តថ្មីនេះនឹងមានតម្លៃសាកសមសម្រាប់ការទន្ទឹមរង់ចាំដ៏យូរឆ្នាំបែបនេះ។
គួរបញ្ជាក់ថា ខ្សែភាពយន្ត Avatar ដែលធ្លាប់ដាក់បញ្ចាំងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០០៩ រកកម្រៃបានជិត២.៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាចំណូលដ៏ច្រើនជាងគេបង្អស់មិនទាន់អាចមានរឿងដទៃៗណាបំបែកកំណត់ត្រានេះបាននៅឡើយទេ ហើយវាទទួលបានការកោតសរសើរស្ញប់ស្ញែងយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកវាយតម្លៃខ្សែភាពយន្ត។ ដោយឡែកថាតើវគ្គបន្តនៃខ្សែភាពយន្តបែបវិទ្យាសាស្រ្តស្រមើស្រមៃនេះ នឹងនៅតែមានភាពល្អអស្ចារ្យដូចដែលអ្នកគាំទ្របានរំពឹងទុកឬយ៉ាងនោះ មានតែត្រូវរង់ចាំតាមដានទាំងអស់នៅគ្នា នៅពេលដែលវាដាក់បញ្ចាំងនៅរោងភាពយន្តក្នុងពេលយ៉ាងតិចមួយឆ្នាំខាងមុខទៀត៕
មតិយោបល់