ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកររឿង«ជួបស៊យ»សម្រេចដាក់រឿងទទួលទេវតា

ខុសពីបណ្ដាផលិតករភាគច្រើន ដែលសម្រេចលើករឿងមិនបញ្ចាំងតាមរោងនៅអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ផលិតកររឿង«ជួបស៊យ» បែរជាដាក់បញ្ចាំងរឿងនេះនៅថ្ងៃទី១៣ មេសា ត្រឹមតែប៉ុន្មានម៉ោងមុនចូលឆ្នាំប៉ុណ្ណោះ ដោយអះអាងថាដើម្បីទទួលទេតាឆ្នាំថ្មី។ នេះបើយោងតាមការប្រកាសក្នុងពិធីបើកសម្ពោធដែលបានធ្វើឡើងកាលពីថ្ងៃទី១០ មេសា នៅផ្សារទំនើបស្ទឹងមានជ័យ។

លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD បានថ្លែងប្រាប់ថា លោកមិនមែនដឹងថានៅអំឡុងថ្ងៃចូលឆ្នាំខ្មែរ នៅតាមបណ្ដារោងភាពយន្តមិនសូវមានអ្នកទស្សនានោះទេ ដោយសារតែក្នុងអំឡុងពេលនោះគឺបងប្អូនខ្មែរភាគច្រើនមានទម្លាប់ទៅសម្រាកនៅតាមខេត្តនៅឯស្រុកកំណើត។ យ៉ាងណាមិញ លោកថាអ្នកមិនចេញទៅឆ្ងាយ ហើយមានចំណូលចិត្តដើរលេងតាមផ្សារទំនេរ និងអាចមើលកុនទាន់ពេលទំនេរក៏មានច្រើនដែរ ទើបលោកសម្រេចថាជ្រើសយកថ្ងៃចូលឆ្នាំតែម្ដង ដើម្បីដាក់បញ្ចាំងរឿង។ លោកចាត់ទុកថាការកំណត់ថ្ងៃបញ្ចាំងរឿង«ជូបស៊យ»ចំថ្ងៃ១៣ មេសា ដើម្បីជាការទទួលទេវតាឆ្នាំថ្មី ដោយលោកប្រកាសថាបើទោះជាថ្ងៃបើកឆាកដាក់បញ្ចាំងនោះ មិនមានអ្នកទស្សនាច្រើនក៏ដោយ។

យោងតាមការដាក់បញ្ចាំងក្នុងពិធីបើកសម្ពោធ ភាពយន្តរឿង«ជួបស៊យ»ត្រូវបានគេកត់សម្គាល់ថាមានសាច់រឿងល្អ និងមានភាពកំប្លុកកំប្លែងទាក់ទាញយ៉ាងខ្លាំង ដោយខ្សែរឿងមួយនេះទទួលបានការសរសើរពីអ្នកទស្សនាគ្រប់ៗគ្នា។ ភាពយន្តនេះត្រូវបានប្រកាសថាចំណាយដើមអស់ច្រើន និងប្រមូលផ្ដុំដោយតារាល្បីៗ ទើបធ្វើអោយខាងផលិតករនៅតែមានជំនឿចិត្តខ្ពស់ថាភាពយន្តរបស់ខ្លួន បើទោះជាដាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ក៏ពិតជាកន្ទាក់អ្នកទស្សនាបានច្រើនក្នុងចំណោមអ្នកចូលចិត្តទស្សនាភាពយន្តខ្មែរ ដែលមិនចេញដំណើរទៅខេត្តឆ្ងាយៗ។ ភាពយន្តនេះក៏មានបញ្ចូលឈុតឆាកកំសត់រហូតធ្វើអោយអ្នកទស្សនាហូរទឹកភ្នែកដោយមិនដឹងខ្លួន នៅចុងបញ្ចប់រឿង ជាពិសេសត្រង់ឈុតតួឯកលោកជា សុវណ្ណនារាហ៍ ត្រូវស្លាប់ទាំងវ័យក្មេងដោយសារជំងឺមហារីកខួរក្បាល៕

មតិយោបល់