ក្រោយប្រកាសក្តែងៗលើបណ្តាញសង្គមហ្វេសប៊ុក រឿងរ៉ាវផលិតករជំពាក់លុយថ្លៃថតរហូតដល់ពីរឆ្នាំ មិនព្រមសង ពេលនេះទទួលបានដំណឹងជាថ្មីថា ផលិតកររឿង «សង្រ្គាមបងប្អូន» ព្រមបញ្ចប់រឿងដោយនឹងផ្ញើលុយតាមវីង ឲ្យ ថន ស្រីណៃ នៅរសៀលថ្ងៃទី២០ ខែមេសា នេះដើម្បីបញ្ចប់រឿង ។
ថ្លែងប្រាប់ Post Komsan នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ថន ស្រីណៃ បានថ្លែងឲ្យដឹងថា «ច៎ាសបង ខាងផលិតករដែលជំពាក់លុយ ២ឆ្នាំនោះ ព្រមវេរលុយអោយតាមវីង នៅវេលាម៉ោង៣ រសៀលនេះ ដោយនាងខ្ញុំកំពុងរងចាំមើលដូចគ្នា»។
ខាងក្រោមនេះជាប្រវត្តិរឿងដែលថន ស្រីណៃ បានប្រកាសក្តែងរឿងផលិតករជំពាក់លុយលើហ្វេសប៊ុក កាលពីរសៀលថ្ងៃទី១៩ មេសា៖
ថន ស្រីណៃ បានសរសេរថា«ថ្ងៃនេះមានអារម្មណ៍មិនល្អចង់និយាយរឿងមួយ,ចង់និយាយរឿងមួយដែរកើតឡើងកាលពីរ២ឆ្នាំមុន, ដែលខ្ញុំបានសំដែងជាមួយតារាហ្វីលីពីន លោកទេពរិនដារ៉ូ និងលោកខាតវៃហាំង»។
នាងបានបន្តថា រហូតមកទល់ថ្ងៃនេះផលិតករដែលបានផលិតរឿងដុំមួយនេះពុំទាន់បានដោះស្រាយទូទាត់នៅឡើយទេ( នៅខ្វះ $640 ទៀត) ខ្ញុំបានទុកឱកាស២ឆ្នាំហើយទាំងរូបនាងខ្ញុំក៏បានទៅជួបគាត់ផ្ទាល់ដល់ផលិតកម្មក៏មាន ហើយគាត់បានសន្យាជាមួយខ្ញុំជាច្រើនដងរហូតមកដល់ថ្ងៃនេះ។
តារាស្រីដែលមានសម្រស់ផូរផង់ខាងលើ បានបន្តថា តាមពិតប្រាក់ជាងប្រាំមួយរយដុល្លារវាមិនច្រើនណាស់ណាទេក៏ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលខំទាំងបើករថយន្តខ្លួនឯងទៅដល់កន្លែងថត, ចាក់សាំងរថយន្តក៏ខ្លួនឯងរហូតដល់ចប់រឿងមួយនោះ, ហើយខ្ញុំតែងគិតថាគាត់ជាផលិតករដែលមានកិត្តិយសម្នាក់ពុំគួណាធ្វើរឿងអយុត្តិធម៌បែបនេះមកលើនាងខ្ញុំសោះ.។
នាងបានបន្ថែមទៀតថា កាលពីប៉ុន្មានខែមុនខ្ញុំធ្លាប់បានអានអត្ថបទមួយដែលចុះផ្សាយនៅរឿងរ៉ាវរបស់តារាល្បី២ដួងគឺ លោកចារិទ្ធី និង លោកសាវីន ហ្វីលីព គឺ ដូចរឿងនាងខ្ញុំបេះបិទ. នាងខ្ញុំសូមផ្ដាំទៅលោកផលិតករម្នាក់នោះសូមមេត្តាជួយដោះស្រាយទូទាត់ថវិកាដែលនៅសល់ទាំងប៉ុន្មានជាបន្ទាន់មុនពេលនាងខ្ញុំបង្ហាញឈ្មោះជាសាធារណ:។ដោយក្ដីរាប់អាន, ពីនាងខ្ញុំ ថន ស្រីណៃ៕




មតិយោបល់