ក្រុមហ៊ុនស្មាតហ្វូន Xiaomi របស់ប្រទេសចិន នៅថ្ងៃមិ្សលមិញនេះ បានប្រកាសចេញនូវកំពូលទូរសព្ទដៃទំនើបជំនាន់ថ្មី Mi 6 នៅក្នុងព្រឹត្តិការណ៍មួយ នាទីក្រុងប៉េកាំង ដោយវាបានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិឡូយកប់ មិនចាញ់ iPhone ស៊េរី 7 តែតម្លៃគឺទាបជាងពាក់កណ្តាល។

Xiaomi Mi 6 ត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ ៥.៥ អីុញ កាមេរ៉ាភ្លោះនៅខាងក្រោយទំហំ ១២ មេហ្គាភិចសែល ដោយម្ខាងប្រើភ្នែកដែលអាចចាប់យករូបភាពក្នុងមុំធំទូលាយ និងម្ខាងជាប្រភេទ Telephoto ដែលអាចចាប់យករូបភាពចម្ងាយឆ្ងាយ។ មិនខុសពី iPhone 7 និង 7 Plus កាមេរ៉ារបស់ Mi 6 ភ្ជាប់មកជាមួយមុខងារថតរូបព្រាលបែបកាមេរ៉ាអាជីព អាចយឹតរូបភាពមកជិតបាន ១០ តង់ និង ២ តង់ដោយមិនបាត់បង់គុណភាព ព្រមជាមួយបច្ចេកវិទ្យាទប់លំនឹង។ ក៏មានផងដែរ បន្ទះស្គេនក្រយៅដៃនៅខាងមុខ និងកញ្ចក់កោងបែប 3D នៅគែមខាងក្រោយ។

បន្ថែមពីលើនេះ Mi 6 ប្រើប្រាស់ RAM រហូតដល់ ៦ ជីហ្គាបៃយ៍ គឺធំបំផុតក្នុងចំណោមស្មាតហ្វូននាពេលបច្ចុប្បន្ន និងប្រតិបត្តិដោយបន្ទះឈីប Snapdragon ជាមួយ CPU ជំនាន់ Octa-core ប្រើបច្ចេកវិទ្យា 10nm ដែលមានល្បឿនដំណើរការកាន់តែលឿន និងប្រើថាមពលកាន់តែមានប្រសិទ្ធភាព។
តាមការប្រកាសរបស់ក្រុមហ៊ុន ទូរសព្ទដៃម៉ូឌែលថ្មីនេះ នឹងចាប់ចេញលក់នៅទីផ្សារក្នុងស្រុក នៅថ្ងៃទី ២៨ មេសា ហើយសម្រាប់ទីផ្សារអន្តរជាតិ វានឹងចេញតាមក្រោយ (ក្រុមហ៊ុនពុំបានបញ្ជាក់កាលបរិច្ឆេទពិតប្រាកដ)។
សម្រាប់ Mi 6 ជម្រើសទំហំអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន ៦៤ ជីហ្គាបៃយ៍ នឹងដាក់លក់ក្នុងតម្លៃ ៣៦០ ដុល្លារ សម្រាប់ជម្រើស ១២៨ ជីហ្គាបៃយ៍ តម្លៃ ៤២០ ដុល្លារ ហើយសម្រាប់ជម្រើសសម្បកសេរ៉ូមិច មានតម្លៃ ៤៣៥ ដុល្លារ ដែលជាមួយកម្រិតតម្លៃនេះ បើធៀបជាមួ យ iPhone 7 គឺវាទាបជាងរហូតដល់ពាក់កណ្តាលឯណោះ៕
ប្រភពព័ត៌មានៈ techcrunch
មតិយោបល់