ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកររឿង “នេះឬ ជីវិត” តម្រូវអោយតួស្រីដូរប្រុសជាង១០រូប

ក្នុងពិធីក្រុងពាលីរឿង “នេះឬជីវិត” ផលិតករខ្មែរ និងថៃ ដែលជាអ្នកទទួលខុសត្រូវរឿងនេះ បានអះអាងថា សាច់រឿងគឺសំដៅអោយតួឯកស្រី ដែលសម្ដែងដោយកញ្ញា យ៉ែម ស្រីពេជ្រ មានប្រុសបណ្ដាក់គ្នាពីមួយទៅមួយ ដោយសារតែអាងលើសម្រស់។ ផលិតករបន្ត រឿងនេះនឹងអប់រំអោយនារី ដែលមើលងាយស្នេហា និងភាពស្មោះត្រង់ទទួលរងនូវការឈឺចាប់ ដោយចុងបញ្ចប់រឿងគឺតួឯកស្រីនឹងស្លាប់ដោយភាពអាម៉ាស់ ដោយសារតែនាងមិនស្ដាប់តាមការទូន្មានរបស់ឳពុកម្ដាយ ហើយបន្តយករឿងស្នេហាធ្វើជាល្បែងដូរប្រុសពីម្នាក់ទៅម្នាក់។

លោក ហួង តារាមុន្នី អ្នករៀបចំកម្មវិធីភាពយន្តប្រចាំនៅប៉ុស្តិ៍លេខ៥ បានអះអាងថាភាពយន្តមួយនេះ នឹងតម្រូវអោយតួឯកស្រីដូរបុរសជាដៃគូស្នេហារហូតដល់ជាង១០នាក់ ហើយទីបំផុតនាងក៏ធ្លាក់ខ្លួនឈឺ ហើយទទួលរងនូវការឈឺចាប់។ លោកថារឿងនេះមានចំនួនជាង៣០ភាគ និងកំណត់ចេញថត៣ខែ ដោយចាប់ដំណើរតាំងពីថ្ងៃទី១២ កក្កដាតទៅ។ លោកថារឿងនេះ តួស្រីនឹងរងការរិះគន់ ប៉ុន្តែអ្នកទស្សនានឹងទទួលបាននូវសារអប់រំធំមួយ គឺកុំយកស្នេហាជាល្បែង។ រឿងនេះក៏ត្រូវចំណាយទុនផលិតច្រើនផងដែរ ដោយគ្រាន់តួសម្ដែងគឺមានរហូតដល់ជាង៥០រូប៕

មតិយោបល់