ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា ទម្លាយស្នាមរបួស ដែលស្វាមីវាយដំ

ចាត់ទុកជាលើកដំបូង ដែលអ្នកនាងស្វែង សុជាតា បានសម្រេចចិត្តបង្ហាញជាសាធារណៈជាមួយស្នាកស្នាមដែលបានកើតឡើងពីការវាយដំរបស់ស្វាមី។ អ្នកនាងថានេះជារូបភាពក្រោយការវាយដំប៉ងសម្លាប់កាលពីថ្ងៃទី៩ មេសា ដោយរបួសទាំងនោះ ក្រៅពីមិនទាន់បានជាក៏ត្រូវស្វាមីជាគ្រូផ្សំថ្នាំ និងជាអតីតអ្នកសច្ចំមានបារមីកាន់ បង្កអោយមានរបួសចំកន្លែងរបួសចាស់កាលពីថ្ងៃទី២២ មេសា ម្សិលមិញនោះផង។

អ្នកនាងស្វែង សុជាតា ខ្លួនមានសភាពប៉ោងភ្នែកមិនទាន់បាត់ និងហើមថ្គាមយ៉ាងធ្ងន់ធ្ងរ ដោយក្រោយបង្ករបួសកាលពីមុនចូលឆ្នាំស្វាមីក្មេង ដែលមានឈ្មោះថា ថោង សុខុម មិនបាននាំអ្នកនាងទៅព្យាបាលទេ ក្នុងពេលដែលអ្នកនាងក៏មិនហ៊ានចេញក្រៅព្រោះតែខ្មាសគេ ហើយសុខចិត្តទិញថ្នាំលេបធម្មតាៗនៅផ្ទះ។ អ្នកនាងថារបួសទាំងនោះនៅតែបង្កអោយចុកចាប់ ជាពិសេសត្រង់កន្លែងថ្គាមហើម ទើបបណ្ដាលអោយលោកថោង សុខុម ដាក់បណ្ដាសារអោយអ្នកនាងឆាប់ស្លាប់ ដើម្បីកុំអោយឮថ្ងូរក្នុងផ្ទះ។ អ្នកនាងជម្លោះកាលពីថ្ងៃម្សិលមិញ គឺបណ្ដាលមកពីអ្នកនាងតមាត់រឿងស្វាមីដាក់បណ្ដាសារអោយស្លាប់ ហើយដោយសារតែអ្នកនាងចាប់បានរឿងលោកមានស្រីជាប្រពន្ធក្មេងលួចលាក់នោះផង ទើបរឿងកាន់តែធំតែម្ដង។ អ្នកនាងថាលោកថោង សុខុម បានចាក់សោ៧សោមិនអោយអ្នកនាងចេញក្រៅ ហើយពេលអ្នកនាងតមាត់ក៏ស្ទុះយកពូថៅមកកំទេចទូរស័ព្ទរបស់អ្នកនាង និងអីវ៉ាន់ក្នុងផ្ទះតែម្ដង មិនខុសពីមនុស្សកំរោលចូល។ អ្នកនាងថាការប្រតាយប្រតប់ជាថ្មី បានធ្វើអោយរបួសចាស់ហើមឡើងជាថ្មី ដោយរូបភាពរបួសស្នាមទាំងនេះក៏មិនត្រូវបានរក្សាទុកនោះដែរ ដោយសារតែទូរស័ព្ទរបស់អ្នកនាងត្រូវកំទេច។ រូបភាពទាំងអស់ត្រូវបានតារាសម្ដែងម្នាក់ជាអ្នករក្សាទុកប៉ុណ្ណោះដោយសារតែមុនមានរឿង អ្នកនាងបានថតហើយផ្ញើអោយទៅអោយតារានោះទុកគ្រាន់ធ្វើភស្ដុតាង។

អ្នកនាងស្វែង សុជាតា ប្រកាសថា ខ្លួននឹងដាក់បណ្ដឹងសុំអោយសមត្ថកិច្ចចាប់ខ្លួនស្វាមីមិនបានរៀបការម្នាក់នេះមកដល់គុគអោយបាន ជាថ្នូរដែលលោកបានវាយដុំ និងប៉ងសម្លាប់អ្នកនាង និងកូនប្រុសមួយលើកជា២លើក ហើយថែមទាំងមានស្រីក្មេង ដែលធ្វើអោយអ្នកនាងបន្តទ្រាំមិនបាន។ អ្នកនាងថារបួសដែលបានបង្ហាញនេះ នៅតិចជាងរបួសផ្លូវចិត្តឆ្ងាយណាស់ ទើបអ្នកនាងត្រូវតែលែងអោយបានដាច់ខាតដោយគ្មានការត្រលប់ក្រោយម្ដងទៀត៕

មតិយោបល់