ព័ត៌មានជាតិ

សាហាវណាស់! ក្មេងស្ទាវក្រុមមានគ្នាជិត២០ នាក់ ជិះម៉ូតូដេញកាប់ប្រហារ តាមដងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ០៣ នាក់

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង០៧ និង៥០នាទីយប់ ថ្ងែទី២២ ខែមេសា មានក្មេងស្ទាវមួយហ្វូងមានគ្នាជិត ២០ នាក់ ជិះម៉ូតូដេញកាប់ប្រហារ បុរស ០៣ នាក់ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទល់មុខនឹងហាងលក់គ្រឿងសំណង់ស្រីមុំ ក្បែរនឹងសាលាបឋមសិក្សាសន្ធរម៉ុក សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញយុវជនបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FT-0572 បានជិះតាមបណ្តោយផ្លូវម៉ៅសេទុងភ្លាមៗនោះ គេក៏បានឃើញក្រុមក្មេងស្ចាវមួយហ្វូង ជិះម៉ូតូយ៉ាងច្រើន មកកាក់ម៉ូតូរបស់ជនរងគ្រោះ ហើយក៏បានធ្វើការកាប់ប្រហារមកលើជនរងគ្រោះ យ៉ាងសាហាវ ដូចក្នុងរឿងហុងកុង បណ្តាលឲ្យបុរសទាំងបីនាក់នោះ រត់ចែកជើងគ្នា ពេញទាំងផ្លូវតែម្តង ចំណែកក្រុមក្មេងស្ទាវមួយហ្វូងនោះ ក៏បានព្យាយាមដេញតាមកាប់ប្រហារជនរងគ្រោះ កន្លែងផ្សេងៗគ្នា បង្កឲ្យបុរសម្នាក់រងរបួសធ្ងន់ នឹងពីរនាក់ទៀតរងរបួសស្រាល។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-0572 ជិះគ្នាបីនាក់ (ប្រុសទាំងអស់) ជិះចេញពីញុំាអីនៅកន្លែងមួយ ពេលដែលគាត់ញុំាអីរួច បម្រុងថា នឹងជូនមិត្តភក្តីមកផ្ទះ នៅក្បែរសាលាបឋមសិក្សាសន្ធរម៉ុក ខណៈជិះមកដល់ផ្ទះហើយ កំពុងតែចាក់សោទ្វារផ្ទះ មិនដឹងយ៉ាងម៉េច ក៏មានក្រុមក្មេងស្ទាវមួយហ្វូង ជិះម៉ូតូដប់គ្រឿង មានគ្នាជិត២០នាក់ ប្រដាប់ដោយកាំបិតគ្រប់ដៃ ក៏បានកាប់ប្រហារមកលើរូបគាត់ទាំងបីនាក់ យ៉ាងសាហាវ ដូចក្នុងរឿងហុងកុង ខណៈនោះ ពួកគាត់ក៏បាននាំគ្នារត់ចែកជើងគ្នា ប៉ុន្តែម្នាក់ទៀតរត់មិនទាន់ ដោយសារតែក្រុមក្មេងស្ទាវមានគ្នាច្រើនពេក ក៏ត្រូវបានក្រុមក្មេងស្ចាវនោះកាប់ចំ បណ្តាលឲ្យរងរបួសធ្ងន់ នឹងពីរនាក់ទៀតរងរបួសស្រាល ភ្លាមៗនោះ ក្រុមក្មេងស្ទាវ ពេលដែលធ្វើសកម្មភាពហើយ ក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ខណៈដែលក្រុមក្មេងស្ទាវ បានជិះម៉ូតូចេញអស់ហើយ ទើបឃើញសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ។

ជនរងគ្រោះម្នាក់ ដែលរត់មិនទាន់នោះ ត្រូវបានក្រុមក្មេងស្ទាវកាប់ប្រហារយ៉ាងសាហាវនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យភ្លាមៗតែម្តង។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ បានសំណូមពរជាច្រើនថា ៖ « សូមឲ្យសមត្ថកិច្ចជួយដាក់កម្លាំងការពារ និងកម្លាំងត្បាតឲ្យបានច្រើន កុំចាំដល់ពេលកើតហេតុ ហើយ ទើបឃើញសមត្ថកិច្ចមកដល់ ដើម្បីការពារកុំឲ្យមានបទល្មើយចោរកម្មកើតឡើង »។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្ពិ៍នគរបាលទឹកល្អក់២ និងកំពុងប្រតិបត្តិការតាមរក នឹងចាប់ជនដៃដល់យកមកដាក់ទោសតាមផ្លូវច្បាប់៕

មតិយោបល់