Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រឿង«រ៉ូហ្សា៥»...

រឿង«រ៉ូហ្សា៥»ចេញវីដេអូឃ្លីប

នៅព្រឹកថ្ងៃទី២៣ មេសា នេះ ផលិតកររឿង«រូហ្សា៥ Rosa 5» បានអះអាងថាខ្លួននឹងដាក់បញ្ចាំងខ្សែភាពយន្តមួយនេះនៅនៅដើមខែ៥ខែមុខ ដោយរំពឹងថានឹងជោគជ័យ ដោយសារសម្អាងថានៅក្នុងរឿងនោះមានចម្រុះដោយតារាល្បីៗ ហើយមានសាច់រឿងប្លែក ដោយសូម្បីតែចំណងជើងក៏ផលិតករថានឹងក្លាយជាចម្ងល់ធំមួយសម្រាប់អ្នកគាំទ្រ។ ការលើកឡើងនេះគឺបន្ទាប់ពីផលិតកម្មដែលរ៉ាប់រងក្នុងការផលិតរឿងនេះ ក៏ទើបបង្ហោះវីដេអូខ្លីហើយកត់សម្គាល់ថាមានអ្នកចាប់អារម្មណ៍ច្រើនគ្នា។

អ្នកស្រី សរ កេសរ៉ា ចាងហ្វាងផលិតកម្ម និងចាអតីតតារាសម្ដែងជើងចាស់បានអះអាងថា រឿង«រូហ្សា5» ជារឿងដែលមានសាច់រឿងខុសប្លែកពីស្នាដៃកន្លងមកនៅក្នុងភាពយន្តខ្មែរ ដោយសារតែការកំប្លុកកំប្លែង គឺត្រូវនឹងបរិបទសង្គមនាពេលបច្ចុប្បន្ន ហើយសំខាន់ជាងគេគឺខ្លឹមសារអប់រំ។ អ្នកស្រីថាតារាសម្ដែងនៅក្នុងរឿងនេះ ជម្រើសសុទ្ធតែតារាល្បីឈ្មោះ ដោយមិនមែនផ្អែកតែទើបទេពកោសល្យមួយមុខ ហើយយកមកសម្ដែងនោះទេ។ អ្នកស្រីថាខ្លួនចង់ឲ្យស្នាដៃនេះទទួលជោគជ័យក្នុងពេលសម្ពោធដាក់បញ្ចាំងនៅថ្ងៃទី៤ ខែឧសភា ទើបសម្រេចចំណាយទុនខ្ពស់ក្នុងការយកតួដែលមានកេរ្តិ៍ឈ្មោះឲ្យសម្ដែងប៉ះគ្នា ហើយសូម្បីតែការដឹកនាំសាច់រឿងក៏ស្វះស្វែងរកអ្នកជំនាញច្បាស់លាស់។ អ្នកស្រីថាតារាសម្ដែងនៅក្នុងរឿងនេះរួមមាន លោកទេព រិន្ទដារ៉ូ កញ្ញាមាស សម្ផស្ស កញ្ញាយ៉េយ៉េ កញ្ញាប៉ុបពី កញ្ញាផេនខេក និងតារាល្បីៗជាច្រើនរូបទៀត។ បើទោះជាវីដេអូឃ្លីបហាក់បង្កប់សាច់រឿងមិនឲ្យអ្នកទស្សនាមើលយល់ពីសាច់រឿង ក៏អ្នកស្រីប្រកាសថាខ្លួនមានការរំពឹងខ្ពស់ ដោយអះអាងថាវីដេអូឃ្លីបរបៀបមានចម្ងល់មិនអស់មិនហើយនេះ គឺពិតជាធ្វើឲ្យមហាជនចង់ទស្សនាដោយផ្ទាល់នៅក្នុងរោងកុន។ អ្នកស្រីខ្លួនជាតារាជើងចាស់ ដូច្នេះមិនអាចផលិតស្នាដៃច្រំដែល ហើយមិនមានអ្វីប្លែកនោះទេ ដើម្បីឲ្យភាពយន្តខ្មែរមានសាច់រឿងមួយ និងខ្លឹមសារអប់រំអាចប្រកួតប្រជែងនឹងស្នាដៃបរទេសបាន។ អ្នកស្រីទទូចឲ្យមហាជនគាំទ្រស្នាដៃរឿង«រូហ្សា5» ដោយហេតុផលថាអ្នកបានទស្សនារឿងនេះ គឺនាងចំណេញគំនិត ហើយបានសើចសប្បាយក្នុងន័យអប់រំខ្ពស់៕

Loading...