ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿថា តារាកូនកាត់រូស្ស៊ីរូបនេះ សម្រេចចិត្តបែបនឹង

ក្នុងពិធីសម្ពោធរឿងណូលីណូឡា ដែលប្រកាសដាក់លក់សំបុត្រចាប់ពីថ្ងៃទី២០ កញ្ញា តារាសម្ដែងកូនកាត់រុស្ស៊ីមួយរូប បានធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកក្រៅពីបានសម្រេចចិត្តរស់នៅស្រុកខ្មែរ ដែលមិនមែនជាទីកំណើតរបស់ខ្លួន លោកក៏បានទទួលការសិក្សាថ្នាក់ខ្មែរដល់ចប់ និងថែមទាំងមានមហិច្ឆតានៅក្នុងវិស័យភាពយន្តខ្មែរគួរអោយសរសើរ។

លោកបានប្រកាសថានឹងមិនចាកចេញពីស្រុកខ្មែរនោះឡើយ បើទោះជាលោកមានសញ្ជាតិរុស្ស៊ី និងមានសាច់ញាតិរាប់មិនអស់នៅក្នុងបប្រទេសនោះ។

លោក សួន រ៉ានីរ៉ាស៊ីនី ដែលសារភាពថាមានឪពុកជាជនជាតិខ្មែរ និងមានម្ដាយជានារីរុស្ស៊ី បានអះអាងថា ក្រោយពេលម្ដាយ និងឪពុករបស់លោកបានចាប់ដៃគ្នា លោកបានកើត និងធំដឹងក្ដីនៅក្នុងប្រទេសរុស្ស៊ីឯណោះទេ ប៉ុន្តែដោយសារតែឪពុករបស់លោកមានបំណងចង់អោយលោកបានសិក្សា និងស្វែងយល់ពីប្រទេសកម្ពុជា ទើបលោកទាំង២សម្រេចចិត្តមករស់នៅស្រុកខ្មែរ ដោយបានយកលោកមករស់នៅស្រុកខ្មែរក្នុងឆ្នាំ២០០០។

លោកថាខ្លួនមិនត្រឹមតែរស់នៅប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ឪពុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានសិក្សាសាលាខ្មែរតាំងពីថ្នាក់វិទ្យាល័យ រហូតដល់បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ដោយបានប្រលងជាប់ជាមន្ត្រីប្រចាំនៅក្នុងក្រសួងរដ្ឋមួយផងដែរ។ លោកថាខ្លួនមានមុខមាត់ជាជនជាតិរុស្ស៊ី ប៉ុន្តែអាចសរសេរខ្មែរស្ទាត់ និងប្រើភាសាខ្មែរច្បាស់នេះហើយ ទើបធ្វើអោយលោកទទួលបានឱកាសការងារជាហូរហែរ ខណៈដែលរូបរាងខ្ពស់ស្រឡះរបស់លោក ក៏ជួយអោយលោកបានក្លាយជាតារាសម្ដែងម្នាក់ ដែលមានការងារថតស្ទើរមិនមានពេលសម្រាកមកទល់បច្ចុប្បន្ន។

លោក សួន រ៉ានីរ៉ាស៊ីនី បន្តថា ភាពយន្តរឿងណូលីណូឡា មិនមែនជាស្នាដៃរឿងដំបូងដែលលោកបានសម្ដែងនោះទេ គឺនៅមានរឿងច្រើនទៀត ប៉ុន្តែលោកចាត់ទុកថានេះជារឿងលើកដំបូង ដែលជួយអោយលោកត្រូវបានគេស្គាល់មុខច្បាស់ ស្របពេលដែលក៏ទទួលបានឱកាសថតរឿងជាហូរហែរ ក្រោយបានសម្ដែងរឿងនេះ។ ដោយសារតែភាពជោគជ័យទាំងការងារក្នុងក្រសួង និងការងារថតកុននេះហើយ ដែលធ្វើអោយលោកតាំងចិត្តមិនទៅរស់នៅជាមួយសាច់ញាតិ ជាពិសេសគឺលោកយាយខាងម្ដាយ ដែលចង់អោយលោកទៅរស់នៅប្រទេសរុស្ស៊ីបំផុតនោះ។

លោកថាខ្លួនបើអោយទៅលេងប្រទេសរុស្ស៊ីគឺអាចទៅបាន ប៉ុន្តែបើអោយចោលប្រទេសកម្ពុជា ចោលសិល្បៈស្រុកខ្មែរ គឺលោកមិនទៅទេ ដោយសារតែលោកហាក់ដូចជាដិតដាមនូវអនុស្សាវរីយ៍ និងចង់រស់នៅធ្វើការស្រុកខ្មែរច្រើនជាង។ លោកអះអាងថាខ្លួនរំពឹងយ៉ាងខ្លាំងថា ភាពយន្តរឿងណូលីណូឡា ដែលលោកសម្ដែងជាតួឯក នឹងទទួលបានជោគជ័យលើសលប់ ដោយសារតែភាពយន្តនេះ លោកសម្ដែងជាខ្មែរកូនកាត់ ហើយមានមុខជំនួញផ្នែកធ្វើសិប្បកម្មកែច្នៃដើមត្នោត ដែលតួអង្គរបស់លោកក៏មិនខុសពីអ្នកផ្សព្វផ្សាយស្នាដៃកូនខ្មែរ និងតំបន់ទេសចរណ៍នៅខេត្តសៀមរាបផង ដែលលោកប្រកាសថាជាអ្វីដែលលោកពេញចិត្ត។ យ៉ាងណាមិញ លោកថាស្នាដៃដែលខ្លួនសម្ដែងគឺលុះត្រាតែមានការគាំទ្រខ្លាំងក្លាពីអ្នកគាំទ្រ ទើបកាន់តែធ្វើអោយលោកសប្បាយចិត្តចំពោះការសម្រេចចិត្តក្នុងការបោះបង់ប្រទេសរុស្ស៊ី៕

មតិយោបល់