ព័ត៌មានសិល្បៈ និងកម្សាន្ត

សេន រ៉ានុត ចេញបទប្រុសស្រឡាញ់ប្រុស

បើទោះជាបានបោះបង់អាជីពជាអ្នកចម្រៀងក្រោយពីបានទៅសើយសុខនៅលើទឹកដីសហរដ្ឋអាមេរិក ក៏លោកសេន រ៉ានុត នៅតែបន្តផលិតបទចម្រៀងថ្មី ដែលជាប្រភេទបទ Original Song ចេញបង្ហោះនៅលើហ្វេសប៊ុក។ យ៉ាងណាមិញ ក្នុងចំណោមបទថ្មីដែលលោកផលិតទាំងអស់គេចាប់អារម្មណ៍ជាមួយនឹងបទចុងក្រោយដែលទើបតែចេញបង្ហោះ ដោយសារតែបទមួយនោះ មានអត្ថន័យ ប្ដូរអារម្មណ៍ពីធ្លាប់ស្រឡាញ់ស្រីទៅស្រឡាញ់ប្រុស។

បទដែលមានចំណងជើងថា«ហេតុអ្វីអារម្មណ៍ខ្ញុំបែបនេះ»ដែលមានខ្លឹមសារប្ដូរអារម្មណ៍ពីស្រឡាញ់ស្រីទៅជាស្រលាញ់ប្រុសរបស់លោក ត្រូវបានគេកត់សម្គាល់ថាមានការចាប់អារម្មណ៍ភ្លាមៗតែម្ដងតាំងពីពេលបង្ហោះនៅថ្ងៃទី២៩ មេសា។ នេះជាបទដំបូងដែលតារាប្រុសសំបូរស្នេហ៍រូបនេះ ច្រៀងរៀបរាប់ពីអារម្មណ៍របស់បុរសម្នាក់ដែលបានប្ដូរអារម្មណ៍ពីស្នេហ៍មនុស្សស្រីទៅមនុស្សប្រុសវិញ ខណៈដែលអ្នកគាំទ្រលោកបានបង្ហាញការងឿងឆ្ងល់ ថាហេតុអ្វីលោកសម្រេចផលិតបទនេះ ដែលហាក់ស្ដែងពីអារម្មណ៍របស់លោកច្រើនជាង សំដៅដល់អ្នកដទៃ ដោយសារតែបទភាគច្រើនដែលលោកបាននិពន្ធលោកសុទ្ធតែបានបញ្ជាក់ថាជាចំណូលចិត្តរបស់ខ្លួន។ យ៉ាងណាមិញ លោកសេន រ៉ានុត បានអះអាងថាលោកគ្រាន់តែមានបំណងច្រៀង និងនិពន្ធដើម្បីឆ្លុះបញ្ចាំងពីសង្គមរបស់មនុស្សប្រុសស្រឡាញ់ប្រុសប៉ុណ្ណោះ គឺមិនមែនចង់សំដៅខ្លួនឡើយ។ លោកបានបញ្ជាក់ប្រាប់អ្នកគាំទ្រវាជារឿងគួរអោយខ្លាច ប្រសិនបើលោកស្រឡាញ់ប្រុសមែនដូចក្នុងអត្ថន័យបទចម្រៀង។ លោកទទួលស្គាល់ថាក្រោយចេញបង្ហោះបទនេះ មានអ្នកស្ដាប់ភាគច្រើនចាប់អារម្មណ៍ ជាពិសេសបងប្អូនខ្មែររស់នៅអាមេរិកបានទាំងយល់ច្រលំថាលោកបង្ហោះបទនេះ ស្ដែងពីអារម្មណ៍ពិតរបស់ខ្លួននោះផង៕

https://www.youtube.com/watch?v=kX5VXTiBWF0

មតិយោបល់