យោងតាមគេហទំព័រព័ត៌មាន Android Authority បានឱ្យដឹងថា អ្នកប្រើប្រាស់ Galaxy S8 ក៏ដូចជា Galaxy S8+ មួយចំនួន កំពុងរាយការណ៍នៅក្នុងទំព័រសហគមន៍អ្នកប្រើប្រាស់ទូរសព្ទ Samsung នៅសហរដ្ឋអាមេរិកថា ទូរសព្ទដៃ របស់ពួកខ្លួន ចេះតែរលត់ឆេះៗដោយខ្លួនឯង និងដោយគ្មានមូលហេតុ។

តាមការកត់សម្គាល់របស់គេហទំព័រដដែលបានឱ្យដឹងថា អ្នកប្រើប្រាស់ប្រមាណជាង ១០០ នាក់ បានរអ៊ូរទាំអំពីបញ្ហាស្រដៀងគ្នានេះ។ ក្នុងនោះ អ្នកប្រើប្រាស់ម្នាក់បានលើកឡើងថា ទូរសព្ទ Galaxy S8 របស់ខ្លួនមានដំណើរការល្អប្រសើរគ្រប់យ៉ាង លើកលែងតែវាចេះតែរលត់ចុះឡើងៗដោយខ្លួនឯង។ គាត់បន្ថែមថា ក្នុងរយៈពេលដែលគាត់ប្រើ ១០ ម៉ោង គឺវារលត់ឆេះៗរហូតដល់ ៧ ដងទៅហើយ។
ដោយឡែក ម្ចាស់ Galaxy S8+ ម្នាក់ បានអះអាងផងដែរថា ទូរសព្ទរបស់គាត់ក៏មានបញ្ហាដូច្នោះដែរ ហើយគាត់ក៏បានធ្វើការ Hard Reset ពី ៧–៨ លើកទៅហើយ ប៉ុន្តែ បញ្ហានៅតែមិនអាចជួសជុលបានដដែល។ ជាមួយគ្នានោះ អ្នកប្រើប្រាស់ Galaxy S8+ ម្នាក់ទៀត បានត្អូញត្អែរថា ទូរសព្ទរបស់គាត់ចេះតែរលត់ជាញឹកញយ ហើយបន្ទាប់ពីវាឆេះវិញ វាក៏លោតសារមួយឱ្យគាត់ធ្វើការផ្ទេរឯកសារចូលក្នុង SDCard។
កំពូលទូរសព្ទ Samsung Galaxy ស៊េរី S8 ដែលទើបប្រកាសចេញកាលពីចុងខែមុននេះ បានចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកមួយសប្តាហ៍មកហើយ ប៉ុន្តែ វាគ្មានបញ្ហាអ្វីកើតឡើងធំដុំដូចជា Note 7 នោះទេ។
គួរបញ្ជាក់ថា ថ្មីៗនេះ Galaxy S8 និង S8+ មានបញ្ហាអេក្រង់របស់វាលោតឡើងពណ៌ក្រហម ប៉ុន្តែ បញ្ហានេះត្រូវបានក្រុមហ៊ុនដោះស្រាយតាមរយៈកំណែកម្មវិធីថ្មី និងថា វាកើតឡើងដោយសារអេក្រង់របស់ S8 និង S8+ នោះ វាប្រែប្រួលតាមបរិយាកាសខាងក្រៅ ហើយអាចលប់បំបាត់បានដោយចូលទៅកាន់ Settings -> Display -> Screen Mode -> Color Balance។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុន Samsung មិនទាន់បានឆ្លើយតបថាបណ្តាលមកពីមូលហេតុអ្វីនោះទេ រហូតមកទល់ពេលនេះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហានេះ Post Tech នឹងធ្វើសេចក្តីរាយការណ៍បន្ត ជូនប្រិយមិត្ត៕

ប្រភពព័ត៌មានៈ mashable
មតិយោបល់