ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ី ហ្សិនយ៉ា មន្ត្រីក្រសួងផែនការជាស្វាមី គំរាមជីវិត

ជម្លោះដ៏មុតស្រួចរវាងតារាសម្ដែងនាងម៉ី ហ្សិនយ៉ា និងលោកស៊ុង និត ជាស្វាមីដែលត្រូវគេស្គាល់ថាមានតំណែងជាមន្ត្រីប្រចាំនៅក្រសួងផែនការផង កាន់តែឡើងកំដៅមកទល់នឹងភាគីខាងប្រពន្ធរត់ទៅជ្រកនៅផ្ទះរបស់ម្ដាយ ហើយភាគីខាងប្រុសក្រោយពីចង់រករឿងលែងបាន ក៏ចេញសារគំរាម។ ភាគីខាងស្រីបានអះអាងថាលោកស៊ុង និត ជាស្វាមីបានខលមករករឿងខ្លួន ដោយលោកប្រកាសថា រវាងនាង និងលោក ត្រូវតែមានម្នាក់ស្លាប់មួយ បន្ទាប់ពីនាងហ៊ានទម្លាយរឿងលោកប្រើហិង្សាជាសាធារណៈ។

អ្នកនាងម៉ី ហ្សិនយ៉ា បានអះអាងថា ស្វាមីរបស់នាងដែលជាមន្ត្រីក្រសួងផែនការបានតេមកគំរាមនាងកាលពីល្ងាចថ្ងៃទី១ ឧសភា ដោយបានបញ្ជាក់ថាលោកទទួលយកមិនបាននោះទេ ដោយសារតែជម្លោះចុងក្រោយបានធ្លាយដល់ក្រសួង កន្លែងដែលលោកធ្វើការ ហើយធ្វើអោយលោកខ្មាស់គេ។ នាងថាលោកគំរាមហែករឿងអាក្រក់របស់នាងជាការតបស្នង និងថាមិនអោយនាងបានសុខឡើយ ក្នុងពេលដែលនាងហ៊ានប្ដឹងអ្នកកាសែតធ្វើអោយមានព័ត៌មាននោះធ្លាយចេញ។ អ្នកនាងថាអស់អ្វីត្រូវខ្លាចទៀតហើយ ដោយសារនាងមានគ្រប់ភស្ដុតាង និងសាក្សីគ្រប់រឿង ដើម្បីចោទប្រកាន់លោក ស៊ុង និត ជាស្វាមី ពីបទប្រើហិង្សា និងគំរាមកំហែងច្រើនលើកច្រើនសារ ដោយអំពើហិង្សាមួយលើកចុងក្រោយ គឺធ្វើអោយនាងនៅរបួសធ្ងន់នៅឡើយ។ នាងថាលោកជាបុរសកាន់លុយ ហើយអោយតែនិយាយរឿងស្រីគឺប្រើសម្ដីជេរប្រមាថ និងឈានដល់ការវាយដំនាងដដែលជាដដែល តែមកពីនាងអាណិតដល់កូន៣នាក់ទើបបន្តស៊ូទ្រាំ។ អ្នកនាងថារវាងខ្លួន និងស្វាមី លែងគ្នា និងរស់នៅបែកគ្នាម្ដងរួចមកហើយកាលពីមួយរយៈមុន ប៉ុន្តែដោយសារតែមានការផ្សះផ្សារ និងអាណិតកូន៣នាក់ផង ទើបវិលត្រូវរ៉ូវវិញ។ យ៉ាងណាមិញ ជីវិតរស់នៅមិនខុសពីរង ទារុណកម្មនោះទេ ដោយតែលោក ស៊ុង និត កាន់លុយបំបិទសិទ្ធិរបស់នាងស្ទើរគ្រប់រឿង ហើយ បើនិយាយពីរឿងគំរាមវិញគឺរាប់មិនអស់ ដោយការខលមកលើកក្រោយកាលពីល្ងាចថ្ងៃទី១ ឧសភា ប្រើពាក្យគំរាមដល់អាយុជីវិតតែម្ដង។ អ្នកនាងថាខ្លួនមិនហ៊ានទៅប្ដឹងទៀតទេ ដោយសារប្ដឹងកន្លងមកមិនមានការអើពើ ព្រោះតែមន្ត្រីបម្រើការនៅក្នុងសាលាសង្កាត់ និងខណ្ឌដែលនាងរស់នៅ ភាគច្រើនស៊ីផឹកជាមួយប្ដីនាង។ អ្នកនាងនិយាយថា«ក្រោយចេញព័ត៌មានហ្នឹង គាត់ខលមកខ្ញុំមុនហ្នឹង ថា ខ្ញុំ និងគាត់ នឹងមានម្នាក់ស្លាប់មួយបើខ្ញុំហ៊ានធ្វើអោយគាត់ខ្មាស់គេប៉ុណ្ណឹងហើយ ហើយគាត់ចង់បកអាក្រាតអីពីខ្ញុំ អត់អីទេ ខ្ញុំនឹងបកអាក្រាតគាត់អោយអស់ ថាគាត់បំពានសិទ្ធិខ្ញុំយ៉ាងណាខ្លះ ខ្ញុំលែងខ្លាចគាត់ហើយ!»។ អ្នកនាងលោកស៊ុង និត ព្រោះតែអាងអំណាចជាស្វាមី និងជាមន្ត្រីម្នាក់ក្នុងក្រសួងផែនការ ទើបរមែងប្រើសិទ្ធិធ្វើបាបនាងម្ដងជាពីរដង ដោយសូម្បីតែកូនទាំង៣ធំៗអស់ទៅហើយដែលនាងប្រាប់ថាមិនចង់មានជម្លោះអោយកូនពិបាកចិត្ត។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបញ្ជាក់នេះ ភាគីខាងលោក ស៊ុង និត មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ៕

មតិយោបល់