ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់ផលិតករ និងតារាល្បីៗ គាំទ្រញត្តិថ្កោលទោសរឿង វ៉ាន់ នីឡា

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាសិល្បៈរហូតដល់រាប់រយនាក់ ក្រោមការដឹកនាំរបស់ក្រុម«គ្រួសារតារាកម្ពុជា» និងសមាគមសិល្បករខ្មែរ បានប្រមូលស្នាមមេដៃគាំទ្រឲ្យមានការថ្កោលទោសលើករណីនៃការបង្ហោះរូបស្រាតរបស់ វ៉ាន់ នីឡា។ ញត្តិនេះ ត្រូវបានតារាសិល្បៈ នឹងស្នើប្រគល់ជូនក្រសួងវប្បធម៌ នៅថ្ងៃអង្គារ ទី២៨ ខាងមុខ ដោយមានតំណាងជាសិល្បករយកទៅប្រគល់។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់តារាល្បី និងផលិតករល្បីៗ បន្ទាប់ពីផ្ដិតមេដៃគាំទ្រញត្តិនេះ៖

លោកហ្វៃ សំអាង ប្រធាននាយកដ្ឋានសិល្បៈទូរទស្សន៍អប្សរា បានអះអាងថា ការប្រមូលស្នាមមេដៃរបស់តារាសិល្បៈ និងអ្នកគាំទ្រ ជួយដល់តារាសិល្បៈ គឺជារឿងល្អមួយ ដែលលោកយល់ថា តារាគ្រប់រូបគួរតែរួបរួមគ្នាធ្វើញត្តិថ្កោលទោសបែបនេះឲ្យបានស្រុះដៃគ្នា។ លោកឲ្យតែខ្លឹមសារញត្តិមិនមានពាក់ព័ន្ធរឿងនយោបាយ និងជាការលើកស្ទួយតម្លៃសង្គម និងអ្នកសិល្បករសិល្បការិនី ដែលបានរងគ្រោះដូចករណីតារាចម្រៀង វ៉ាន់ នីឡា គឺត្រូវតែជួយគាំទ្រ។

លោក សាវិន ហ្វីលីព តារាសម្ដែងជើងចាស់ បានអះអាងថា បញ្ហាធ្វើញត្តិគាំទ្រកញ្ ញាវ៉ាន់ នីឡា ដើម្បីជួយជំរុញផ្លូវច្បាប់បន្ថែមទៀត គឺជារឿងដែលលោកគាំទ្រពេញទំហឹង ដោយសារតែករណីនេះនឹងក្លាយជាគំរូល្អមួយ ដើម្បីឲ្យអ្នកសិល្បៈចេះជួយអ្នកសិល្បៈដូចគ្នា ជាជាងរង់ចាំឲ្យអ្នកមានឥទ្ធិពល ឬច្បាប់តែម្យ៉ាងជាអ្នកដោះស្រាយនូវរាល់បញ្ហារបស់តារាសិល្បៈ។ លោកថា ឲ្យតែមានរឿងអីតារាចេះខ្វែងជើងគ្នា លោកថា បញ្ហាដែលបានចោទឡើងមកលើជីវិតរបស់សិល្បៈ ពិតជាត្រូវកាត់បន្ថយ។

អ្នកនាង សឿ សុធារ៉ា តារាសម្ដែងល្បីឈ្មោះ បានអះអាងថា គ្មានអ្វីសប្បាយចិត្តជាងឃើញអ្នកសិល្បៈចេះសាមគ្គីគ្នា និងចេះពួតដៃគ្នានោះទេ ដោយនាងមិនមានអារម្មណ៍នៅសុខ និងអន្ទះសារចង់ផ្ដិតមេដៃលើញត្តិថ្កោលអ្នកបង្ហោះរូបស្រាតរបស់កញ្ញា វ៉ាន់ នីឡា តាំងពីបានចាប់ផ្ដើម។ អ្នកនាងថា រឿងរ៉ាវរបស់ វ៉ាន់ នីឡា មិនមែនជារឿងបុគ្គលទេ ដូច្នេះជារឿងប្រសើរខ្លាំងណាស់ដែលនាងបានឃើញតារាសិល្បៈរួមគ្នាធ្វើញត្តិជួយនាង។

លោក សែម វិសាល អ្នកនិពន្ធរឿងប្រចាំផលិតកម្ម Wonder Film Cambodia ដែលកំពុងផលិតរឿង«ផ្ទះចិញ្ចឹមខ្មោច» បានអះអាងថា នេះជារឿងត្រឹមត្រូវរបស់អ្នកសិល្បៈគ្រប់គ្នា ហើយលោកក៏បានសម្ដែងការខកចិត្តផងដែរ បន្ទាប់ពីបានឮថា ក្រសួងវប្បធម៌ បានកំហិតមិនឲ្យតារាសិល្បៈទៅច្រើននៅថ្ងៃប្រគល់ញត្តិ ដែលលោកយល់ថា គួរតែបើកចិត្តទទួលតារាសិល្បៈ ដោយសារតែកិច្ចការនោះ គឺជារឿងរបស់អ្នកសិល្បៈ និងជារឿងដែលខាងក្រសួងវប្បធម៌ត្រូវឈឺឆ្អាល។

ចំណែកលោក ទិត្យ វិច្ឆិកា តារាចម្រៀង បានលើកឡើងថា បើទោះជាញត្តិមួយនេះ ទទួលបានមេដៃរហូតដល់រាប់រយនាក់ ប៉ុន្តែលោកនៅតែមើលឃើញថា តារាសិល្បៈល្បីៗ ហាក់មិនសូវសហការគ្ នាដើម្បីមកផ្ដល់មេដៃក្នុងពេលស្វែងរកគាំទ្រចាប់ផ្ដើម។ លោកថា តារាម្នាក់ៗ គួរតែមានបេះដូងឈឺចាប់នៅពេលតារាសិល្បៈដូចគ្នាត្រូវគេប្រមាថ ត្រូវគេមើលងាយ និងកុំគិតតែរឿងរវល់និងខ្វះការលះបង់ជួយគ្នាខ្លាំងពេក ដើម្បីប្រមូលកម្លាំងជួយគ្នា។

អ្នកនាង ខាត់ សុឃីម តារាចម្រៀងដែលបានប្រកាសថា នឹងទៅចូលរួមប្រគល់ញត្តិជាមួយលោក សុះ ម៉ាច និងស្ថាបនិក«គ្រួសារតារាកម្ពុជា» បានអះអាងថា បន្ទាប់ពីញត្តិគាំទ្រលើករណីកញ្ញា វ៉ាន់ នីឡា កម្លាំងអ្នកសិល្បៈដដែលនឹងជួយគ្នាលើករណីផ្សេងទៀត ដើម្បីឲ្យអ្នកសិល្បៈទទួលបាននូវភាពថ្លៃថ្នូរ និងគ្មានការរំលោភបំពាន។

មិនខុសគ្នាផងដែរ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានប្រកាសថាញត្តិគាំទ្រកញ្ញាវ៉ាន់ នីឡា គឺមានតម្លៃដ៏កម្រសម្រាប់តារាសិល្បៈនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ នាងប្រកាសប្រឆាំងដាច់ខាតនូវរាល់គាំទ្រសកម្មភាពគៀរករតារាសិល្បៈឲ្យក្លាយជាឈ្នាន់របស់អ្នកនយោបាយដាច់ខាត។

លោក ម៉េង ប៊ុនលី តារាចម្រៀង បានអះអាងថា បើទោះជាត្រូវមមាញឹកនឹងការផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏លោកត្រូវតែចំណាយពេលផ្ដិតមេដៃលើញត្តិដែលមានខ្លឹមសារជួយគ្នាសម្រាប់អ្នកសិល្បៈដូចគ្នានោះដែរ។ លោកថា ញតិ្តដែលបានធ្វើឡើងនេះ បើកុំតែប្រើពេលតិច ប្រហែលជាមានមេដៃគាំទ្រជាងនេះ

លោក ម៉ាដូណា បានអះអាងថា ចង់ឃើញអ្នកសិល្បៈចេះជួយគ្នាបែបនេះ ដ្បិតអីបើទោះជាមានឬមិនមានលទ្ធផលក្នុងការទាមទារ ក៏បានបញ្ជាក់ថា តារាសិល្បៈមានការសហការគ្នា។

ក្រៅពីសិល្បករល្បីៗខាងលើ តារាសិល្បៈរាប់មិនអស់ផ្សេងទៀត ក៏បានសម្ដែងក្ដីត្រេកអរក្នុងការផ្ដិតមេដៃដូចគ្នាបែបនេះផងដែរ ដូចកញ្ញា ដេនី ក្វាន់ កញ្ញា នី មុន្នីនាថ អ្នកស្រី ស័ក្ដ សាក់កេត លោក សោម ដូរិន ដែលសុទ្ធតែជាផលិតករជើង និងអ្នកនាង ម៉ៅ សុចាន់ធី ជាដើម។ ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា ថ្វីដ្បិតថា អវត្តមាននៅថ្ងៃប្រគល់ញត្តិ តែអ្នកនាងបានអះអាងថា សមាគមអ្នកគាំទ្រពេញទំហឹងសម្រាប់ចំណាត់ក្នុងធ្វើឡើងនូវញត្តិថ្កោលទោសនោះ បើទោះជាអ្នកនាងខកខានមិនបានចូលរួមផ្ដិតមេដៃដែលគ្រោោងប្រមូលតារាឲ្យជួបជុំលើកចុងក្រោយមុនពេលប្រគល់ញត្តិជូនក្រសួងវប្បធម៌ក្ដី។

គួរបញ្ជាក់ផងដែរ នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹកនោះ តារាសិល្បនឹងធ្វើការប្រគល់ញត្តិជូនក្រសួងវប្បធម៌ ក្រោមការដឹកនាំរបស់លោក សុះ ម៉ាច ប្រធានសមាគមន៍សិល្បករខ្មែរ៕

“]

មតិយោបល់