ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៃ សុគន្ធ ប្រាប់ហេតុផលលើក ម៉ារូ និង ពេជ្រ អាវីហ្សា អោយក្លាយជាដៃគូស្នេហា

ផ្អែកតាមសមត្ថភាព និងការសម្ដែងស៊ីសង្វាក់គ្នាក្នុងបទចម្រៀង«ស្រណោះណាស់» ដែលត្រៀមចេញ Full MV ក្នុងពេលដ៏ខ្លី លោកម៉ៃ សុគន្ធ តារាចម្រៀងប្រចាំផលិតកម្ម Zoom ដែលរមែងត្រូវថ្នោងមហាជនរឿងចម្លងបទពីថៃយកមកច្រៀង បានអះអាងថាលោក នឹងសម្រេចអោយតារាសម្ដែងលោក ទេព ពង្សវិរៈ ហៅ ម៉ារ៉ូ និងកញ្ញា ពេជ្រ អាវីហ្សា អោយក្លាយជាដៃគូសម្ដែងជាមួយគ្នាទៀតក្នុងបទចម្រៀងរបស់ខ្លួនទៀត។ លោកថាហេតុផលជម្រើសយកតារាខុសជំនាន់គ្នាទាំងពីរអោយក្លាយជាតួឯកក្នុងបទចម្រៀងរបស់ខ្លួន មិនមែនដោយសារតែចង់លើកស្ទួយលោកម៉ារ៉ូ អោយមានមុខមានមាត់នោះទេ ប៉ុន្តែសំខាន់គឺអ្នកទាំងពីរសម្ដែងជាគូស្នេហ៍គ្នាស័ក្តសមតែម្ដង។

លោកម៉ៃ សុគន្ធ និយាយថា ក្នុងចំណោមតារាសម្ដែងទាំងអស់ លោកថាចាត់ទុកថា ការសម្ដែងរបស់លោកម៉ារ៉ូ និងពេជ្រ អាវីហ្សា ជាតារា២ដួងដែលចាក់ត្រូវអារម្មណ៍របស់លោកជាងគេ បន្ទាប់ពីបានធ្វើការរួមគ្នាតាមរយៈបទ«ស្រណោះណាស់»រួចម្ដង។ លោកថាអ្នកទាំងពីរទើបតែបានសម្ដែងជាមួយជាលើកទី១ប៉ុណ្ណោះ ប៉ុន្តែលោកសរសើរពួកគេសម្ដែងស៊ីសង្វាក់គ្នាមិនខុសពីដៃគូចាស់នោះទេ ទើបលោកសម្រេចចិត្តជ្រើសអ្នកទាំងពីរអោយសម្ដែងជាមួយគ្នាជាថ្មីទៀតក្នុងបទ«បងមានហេតុផល» ដែលជាបទថ្មីរបស់លោក នឹងត្រៀមថតនៅថ្ងៃទី៦ ឧសភា នេះ។ លោកថា លោកម៉ារ៉ូ អាចចាត់ទុកថាជាតារាសម្ដែងមួយរូបរបស់លោក ហើយលោកក៏នឹងផលិតបទថ្មីអោយសម្ដែងជាមួយពេជ្រ អាវីហ្សាទៀតដែរ ដើម្បីអោយអ្នកទាំងពីរក្លាយជាដៃគូសម្ដែងមួយសម្រាប់បទចម្រៀងរបស់ខ្លួន។

លោកម៉ារ៉ូ និយាយថា ការសម្ដែងរបស់លោកជាលើកទី១ជាមួយរៀមច្បង ពេជ្រ អាវីហហ្សា បានជួយអោយលោកទទួលបានបទពិសោធន៍ច្រើនណាស់ ជាពិសេសគឺការលេងទឹកមុខ។ អ្វីដែលសំខាន់គឺនាងជាតារាមិនចេះប្រកាន់ខ្លួន ហើយមិនរើសអើងចំពោះលោកដែលជាតារាថ្មី។ និស្សិតឆ្នាំទី៣ផ្នែកច្បាប់រូបនេះ និយាយថា ការសម្ដែងជាមួយតារាជើងចាស់ពេជ្រ អាវីហ្សា ស៊ីសង្វាក់គ្នាល្អ ក៏ព្រោះតែនាងផ្ដល់ឱកាសអោយលោកកាន់ដៃកាន់ជើង បង្ហាញភាពស្និទ្ធស្នាលដោយមិនប្រកាន់ខ្លួន ដែលធ្វើអោយលោកហ៊ានសម្ដែងប៉ុណ្ណោះ។ លោកថាការសម្ដែងក្នុងបទ«បងមានហេតុផល»របស់លោក ម៉ៃ សុគន្ធ ជាមួយតារាល្បីរូបនេះជាថ្មី នឹងក្លាយជាឱកាសធ្វើអោយលោកមានការទទួលស្គាល់។ យ៉ាងណាមិញ លោកថាមិនហ៊ានលេចលើស្មើក្រោមជាមួយនឹងពេជ្រ អាវីហ្សា នោះទេ ដោយកាន់តែគោរព និង អោយតម្លៃនាងទ្វេរដង។ តារាទ្រេមុខកូនកាត់ មកពីខេត្តបាត់ដំបងរូបនេះបញ្ជាក់ថា ដ្បិតថាក្នុងការសម្ដែង និង ពេជ្រ អាវីហ្សា ស្និទ្ធគ្នាមិនខុសពូគូស្នេហ៍មែន ប៉ុន្តែក្រៅឆាកលោកខ្លាចចិត្តកញ្ញាច្រើនជាង៕

មតិយោបល់