ក្នុងវេទិកាសន្និសីទសារព័ត៌មានទាំងយប់ កាលពីយប់ម៉ោងជាង៧ ថ្ងៃទី៣ ឧសភា អ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមី បានអះអាងថាមុខជំនួញលក់គ្រឿងសម្អាងរបស់នាង ត្រូវបានបំផ្លាញគួរអោយភ្ញាក់ផ្អើល ដោយសារតែចោទថាគឺជាផលិតផលក្លែងក្លាយ រហូតធ្វើអោយអតិថិជនរបស់ខ្លួនជ្រួលច្របល់។ អ្នកនាងថាមុខជំនួញខ្លួនរងការបំផ្លាញ ដោយអ្នកនាងប្រកាសថានឹងប្ដឹងទាមទារជំងឺចិត្តនោះផង ជាថ្នូរនឹងការប៉ះពាល់កេរ្តិ៍ឈ្មោះផលិតផល។
អ្នកនាង គង់ ច័ន្ទស្រីមុំ និយាយថា អ្នកនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសារព័ត៌មានក្រៅស្រុកមួយបានផ្សាយពីការចាប់បានគ្រឿងសម្អាងក្លែងក្លាយជាច្រើនប្រភេទនាំចូលប្រទេសកម្ពុជាកាលពីប៉ុន្មានថ្ងៃមុន ហើយបានយករូបផលិតផល Momo ដែលនាងនាំចូលផ្ដាច់មុខពីក្រុមហ៊ុនជប៉ុនវិចខ្ចប់នៅថៃរបស់នាងទៅដាក់ភ្ជាប់ ដែលនាំអោយមានការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយផង ថាផលិតផលដែលនាងនាំចូល ជាគ្រឿងសម្អាងក្លែងក្លាយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ នាងថាផលិតផលរបស់ខ្លួន មិនពាក់ព័ន្ធនឹងការចាប់បាននៅថ្ងៃនោះទេ ដោយនាងបានចោទថាវេបសាយបរទេស និងវេបសាយក្នុងស្រុកដែលផ្សាយកាលពីព្រឹកថ្ងៃ៣ ឧសភា ថា ជាការបំផ្លាញអាជីវកម្មតម្លៃសែនដុល្លាររបស់នាង ព្រោះតែផ្សាយព័ត៌មានមិនពិត។ នាងប្រកាសដាក់បណ្ដឹង ដោយបានរៀបចំមេធាវីរួចហើយ ក្នុងការទាមទារអោយសារព័ត៌មានបរទេសដែលផ្សាយដំបូងគេធ្វើការកែតម្រូវ និងទទួលខុសពីការភាន់ច្រលំ ដើម្បីបញ្ចប់ភាពរំជើបរំជួលដែលនាំអោយអតិថិជនរបស់នាងជ្រួលច្របល់។ អ្នកនាងថាក្រុមហ៊ុននាំចូលផលិតផលម៉ូម៉ូរបស់នាង មានច្បាប់ និងមានឯកសារនាំចូលត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ហើយបើក្នុងចំណោមគ្រឿងសម្អាងថាដែលជាប់ឈ្មោះថាជាផលិតផលក្លែងក្លាយនោះមានផលិតផលរបស់នាងមែន គឺ ពិតជាមន្ត្រីអាជ្ញាធរមកចាប់ខ្ទេចពីហាងរបស់នាងនៅផ្សារស៊ីលិបនោះហើយ។
គង់ ច័ន្ទស្រីមុំ និយាយថា មុខជំនួញរបស់នាងបានប្រើដើមទុនខ្ទង់សែនដុល្លារ ដោយក្នុងមួយខែនាងទទួលបានចំណូលមិនតិចជាងម៉ឺនដុល្លារនោះឡើយ។ អ្នកនាងថាមកទល់ពេលនេះ មិនទាន់ទាក់ទងផេកបរទេសដែលបានចុះផ្សាយមិនពិតពីផលិតផលរបស់ខ្លួនទេ ដោយនាងថានឹងអោយមេធាវីចាត់ការរឿងនេះ ដើម្បីស្ដារមុខមាត់អាជីវកម្មអោយបានឆាប់បំផុត៕
មតិយោបល់