ក្រិក: វាជាសំណាង១ ក្នុងចំណោម ១០០គ្រោះថ្នាក់ ខណៈសត្វឆ្កែអនាថាមួយក្បាល ស្ថិតក្នុងស្ថានភាព ស្គមស្បែកដណ្តប់ឆ្អឹង រស់នៅដាច់សង្វែង លើដងវិថី រើសស៊ីចំណី និងដេក តាមចិញ្ចើមថ្នល់ ត្រូវបានអ្នកសារព័ត៌មានស្រីម្នាក់ រើសយកទៅចិញ្ចឹម និងព្យាបាលថែរក្សា ឥឡូវក្លាយជាសត្វមានសំណាងបំផុត។ យោងតាមគេហទំព័របរទេស ចុះផ្សាយថ្ងៃទី១៨ ឧសភា ២០១៦ នេះ។
សត្វឆ្កែឈ្មោលមួយក្បាលនេះ ត្រូវបានម្ចាស់ថ្មីរបស់វា ដាក់ឈ្មោះថា ប៊ីលី (Billy) ក្រោយពេលរើសយកមកចិញ្ចឹម ខណៈអ្នកកាសែតឈ្មោះ Valia Orfaniduo រូបនោះ ចុះធ្វើព័ត៌មាន ជុំវិញប្រធានបទ ជីវិតសត្វឆ្កែអនាថា លើដងវិថី Orphan Pet នៃប្រទេស ក្រិក ចម្ងាយផ្លូវ ៤០ម៉ាយល៍ ស្មើ ៦៤,៣៧៣៨ម៉ែត្រ ក៏ប្រទះឃើញសត្វឆ្កែ ដ៏សង្វែគមួយក្បាលនេះ ទើបទាក់ដាក់ទ្រុង តែម្តង។
” ពេលពួកយើងយក ប៊ីលី ចេញពីទ្រុង ឃើញសភាពស្គមស្គាំង ស្ថិតក្នុងសភាពស្បែកដណ្តប់ឆ្អឹង និងមានជម្ងឺប្រចាំខ្លួនទៀត ធ្វើឱ្យយើងទាំងអស់គ្នា ជាក្រុមការងារ ទប់ទឹកភ្នែកមិនបាន “។ នេះជាសម្តីរបស់នាង Valia Orfaniduo ម្ចាស់ថ្មីរបស់ ប៊ីលី បានឱ្យដឹង និងបន្តទៀតថា៖ យើងមានការអាណិតអាសូរ ប៊ីលី ខ្លាំងណាស់ ពេលប្រទះឃើញ វាកំពុងដើរត្រេតត្រូត ដោយហេវហត់ខ្សត់កម្លាំង ស្ទើរដួលម្តងៗ ដើម្បីស្វែងរកចំណីចិញ្ចឹមជីវិត។ ឃើញដូច្នេះ ទើបយើងសម្រេចចិត្តថា ត្រូវតែជួយសង្គ្រោះ។
បន្ទាប់ពី ២សប្តាហ៍ ក្រោយពេលជួយសង្គ្រោះ សត្វឆ្កែមួយក្បាលនេះ យកមកចិញ្ចឹម និងព្យាបាលថែរក្សា ឃើញថា ប៊ីលី មានសភាពសុខភាពល្អប្រសើរ មានជីវិតសប្បាយរីករាយ ខុសប្លែកកាលគ្រាមុន ទាំងស្រុង។ បច្ចុប្បន្ន ម្ចាស់ស្រីចិត្តធម៌ បាននាំវា ទៅរស់នៅ ក្នុងទ្រីក្រុង Switzerland យ៉ាងមានសេចក្តីស្រណុកសុខស្រួល ផងដែរ៕
មតិយោបល់