ព័ត៌មានជាតិ

ពលការិនីបោសសម្អាតនៅម៉ាឡេស៊ី២នាក់ នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៣ ឧសភា

ភ្នំពេញៈ ពលការិនីខ្មែរ ចំនួន២រូប ដែលបានទៅធ្វើការផ្នែកបោសសម្អាតនៅប្រទេសម៉ាឡេស៊ី ហើយជួបការលំបាកក្នុងការងារ នឹងត្រូវវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៣ ខែឧសភា។ នេះបើតាមការឲ្យដឹងពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែឧសភា។

លោក ជុំ សុន្ទរី បានឲ្យដឹងថា ដោយមានការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីចំនួន២នាក់ មានឈ្មោះ ឈួន មុំ អាយុ២៦ឆ្នាំ ស្រុកកំណើតនៅភូមិខ្វែក ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះ ឃាម ស៊ីលាង អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧៖៣៥នាទី ព្រឹក តាមជើងយន្តហោះលេខ AK536។

លោក ជុំ សុន្ទរី បញ្ជាក់ថា ពលការិនី ឈួន មុំ និង ឃាម ស៊ីលេង បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Phillimore នៅកម្ពុជា និងក្រុមហ៊ុន Eco Syabas នៅម៉ាឡេស៊ី និងបានទៅស្ថានទូតសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ភាគីក្រុមហ៊ុនបានយល់ព្រមទិញសំបុត្រយន្តហោះឲ្យពលការិនីទាំងពីរ តាមរយៈការសម្របសម្រួលរបស់ស្ថានទូត៕

photo_2016-05-18_15-07-26

មតិយោបល់