ពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង លី ច័ន្ទសីហា កាលពីយប់ថ្ងៃទី៥ ឧសភា គេកត់សម្គាល់ថាវត្តមានភ្ញៀវកិត្តិយសក្នុងពិធីរបស់នាងគឺសុទ្ធតែជាតារាល្បីៗ និងមានឈ្មោះបោះសំឡេងតែម្ដង ដោយសូម្បីតែអ្នកនាង ខៀវ សុខារ៉ាវី និងអ្នកនាងឱក បុរី ក៏មានវត្តមាននៅថ្ងៃនោះដែរ ខណៈដែលភរិយារបស់ឥស្សរជនជាន់ខ្ពស់មួយចំនួនក៏បានបង្ហាញខ្លួន។ ក្នុងនោះចំនួនអ្នកចូលរួមត្រូវគេប៉ាន់ស្មានកើនឡើងដល់ជាង១០០០នាក់រហូតគ្មានតុអង្គុយ។
លោកលី សុជន បញ្ជាក់នៅក្នុងវេទិកានោះថា លី ច័ន្ទសីហា គឺជាកូនតែម្នាក់របស់លោក និងភរិយា ដូច្នេះលោករំពឹងថាកូនប្រសាររបស់លោកនឹងមិនធ្វើអោយកូនរបស់លោកមិនមានសេចក្ដីសុខនៅក្នុងជីវិតអាពាហ៍ពិពាហ៍នោះឡើយ។ លោកថាសប្បាយចិត្ត ដែលបានរៀបចំមង្គលការកូនស្រីក្នុងទិដ្ឋភាពអធិកអធម ហើយលោកក៏មានមោទនភាពផងដែរដែលក្នុងមង្គលការរបស់កូនស្រីលោក គឺមានបណ្ដាភ្ញៀវជាអ្នកមានមុខមាត់យ៉ាងច្រើនកុះករចូលរួម ដោយបណ្ដាភ្ញៀវខ្លះមិនបានអញ្ជើញក៏មានវត្តមានដោយសារតែការអាណិតស្រឡាញ់លី ច័ន្ទសីហា។ លោកថាកូនស្រីរបស់លោកគឺជាអ្នកសិល្បៈ ដូច្នេះលោកស្នើសុំអោយកូនប្រសាររបស់លោកចាត់ទុកតារាសិល្បៈជាមិត្តភ័ក្ត្រទាំងអស់ជាមិត្តជិតស្និទ្ធដូចគ្នា ដោយកុំអោយមានការភាន់ច្រលំនាង និងអ្នកសិល្បៈទាំងនោះគឺជាអ្វីនឹងគ្នា។ លោកក៏ទទូចអោយកូនកំលោះការងារចំណងស្នេហ៍របស់ខ្លួនជាមួយកូនលោកកុំអោយប្រេះស្រាំផងដែរ ដោយលោកប្រកាសថាលី ច័ន្ទសីហា គឺជាកែវភ្នែករបស់ខ្លួន ដែលអាចនិយាយថាបើនាងមានទុក្ខ គឺលោកពិតជាពោរពេញដោយការឈឺចាប់ តែបើនាងមានសេចក្ដីសុខ លោកក៏មានសុភមង្គល។
ក្នុងពិធីមង្គលការរបស់លី ច័ន្ទសីហា គេឃើញតារាល្បីៗឡើងច្រៀងបណ្ដាក់គ្នាយ៉ាងសប្បាយរីករាយ ហើយបើទោះជាទីតាំងប្រារព្ធពិធីមានភាពចង្អៀតបន្តិច ប៉ុន្តែគេកត់សម្គាល់ពិធីមួយនេះនៅតែបានបញ្ចប់ដោយភាពអធឹកអធមមិនខុសពីមង្គលការរបស់តារាល្បីៗផ្សេងទៀតដែលបានចំណាយដល់ខ្ទង់សែនដុល្លារ រៀបចំពិធីនៅកោះពេជ្រ ឬនៅទីតាំងដែលមានបរិយាកាសទូលាយជាងនេះ។ លី ច័ន្ទសីហា និយាយថានាងជួលទីតាំងមង្គលការនៅកោះពេជ្រ និងកន្លែងល្អៗផ្សេងទៀត សុទ្ធតែជាប់រវល់ ទើបនាងបង្ខំចិត្តប្រារព្ធពិធីនៅម៉ូឌែន២វិញ៕
https://www.youtube.com/watch?v=F2CFNeF37Sk&feature=youtu.be
មតិយោបល់