នៅថ្ងៃទី១ កុម្ភៈនេះ តារាចម្រៀង លោកជើងចាស់លោក ណូយ វណ្ណេត នឹងបួសភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា នៅវត្តគល់ទទឹង នៅម្ដុំកោះក្របី។ ក្រៅពីមិនទាន់ច្បាស់រឿងសឹកវិញ លោកក៍ត្រូវភរិយាប្រកាសថាចង់អោយបួសអស់មួយជីវិត ដើម្បីកុំអោយត្រលប់មកឡុកឡាក់ក្នុងជីវភាពប្រចាំថ្ងៃនោះផង។
អ្នកស្រី សោម ម៉ានី ភរិយាលោក ណូយ វណ្ណេត បានអះអាងថា ដោយសារតែប្ដីចាស់ហើយ ហើយក៍ចង់អោយប្ដីបានកុសល ក្នុងព្រះពុទ្ធសាសនា ទើបអ្នកស្រី និងកូនចៅ សម្រេចអោយលោកសាងផ្នួស នៅថ្ងៃទី១ កុម្ភៈនេះ នៅក្នុងទីវត្តស្ថិតនៅខ័ណ្ឌច្បារអំពៅ នៅលើកោះក្របី។ ក្នុងពិធីនោះ កូនប្រុសរបស់អ្នកស្រី គឺលោក ណេត វណ្ណនាថ ក៍ត្រូវអោយបួសជាមួយលោក ណូយ វណ្ណេតផងដែរ ដោយគ្រាន់តែកូនប្រុស នឹងត្រូវសឹកវិញតាមកំណត់ ហើយលោកណូយ វណ្ណេត នៅមិនច្បាស់ពីកាលវេលាលាចាកសិក្ខាបទនៅឡើយ។ អ្នកស្រីថា លោកណូយ វណ្ណេត នឹងដាក់ពេលសឹក ឬមិនសឹករហូតក្រោយពេលលោកសាងផ្នួស ផ្អែកតាមលោកចង់នៅយូរ ឬនៅរហូត ប៉ុន្ដែបើអាចបួសអស់មួយជីវិត អ្នកស្រីថាគ្រួសារសប្បាយចិត្ត។
ខុសពីភរិយាទូទៅ ដែលចង់អោយប្ដីត្រលប់មករកស៊ីដើម្បីជីវភាព អ្នកស្រីម៉ានី និយាយថា អ្មកស្រីមិនចង់អោយលោកណូយ វណ្ណេត បួសហើយសឹកវិញទេ។ អ្នកស្រីចង់អោយលោកស្ងប់ស្ងាត់ និងឈប់គិតរឿងនឿយហត់បន្តទៀត ដោយអ្នកស្រីប្រកាសថា មានការបួសក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ទើបលោកស្រួលចិត្ត ហើយមិនសូវគិតច្រើនដូចពីមុន។ អ្នកស្រីថា លោកណូយ វណ្ណេត មិនចេះនៅស្ងៀមនោះទេ គឺដឹងតែរកមិនសូវចង់ទំនេរ ដូច្នេះហើយទើបអ្នកស្រីចង់អោយបួសមិនសឹក ដើម្បីអោយលោកស្រណុកខ្លួន ក្នុងពេលកូនៗក៍ធំអស់ដែរ។ យ៉ាងណាមិញអ្នកស្រីថា អ្វីៗស្ថិតនៅលើការសម្រេចចិត្តរបស់លោកទាំងស្រុង ដោយលោកសឹកវិញឆាប់ៗ ក៍អ្នកស្រីសប្បាយចិត្ត ហើយបើបួសរហូតក៍រឹតសប្បាយចិត្ត។ ក្នុងពិធីសាងផ្នួសនោះ អ្នកស្រីថាបានអញ្ជើញមិត្តភ័ក្ត្រ ជាអ្នកសិល្បៈមួយចំនួន តែមិនទាន់ច្បាស់ថាតើតារាទាំងនោះ អ្នកណាខ្លះបានចូលរួមទេ។
មតិយោបល់