ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៃ សុគន្ធ និង ឈុន សុវណ្ណភក្តី បញ្ចប់រឿងខ្វែងគំនិតគ្នា

នៅទីបំផុត លោក ម៉ៃ សុគន្ធ និង លោកឈុន សុវណ្ណភក្ដី កូនប្រុសថៅកែផលិតកម្ម BKS ដែលផ្ទុះជម្លោះចម្រូងចម្រាស់ បានសម្រចបញ្ចប់ទំនាស់នោះហើយ។ អ្នកទាំងពីរប្រកាសថា រឿងខ្វែងគំនិតដែលបានកើតឡើង គឺដោយសារតែយល់ច្រទ្បំប៉ុណ្ណោះ។

លោកឈុន សុវណ្ណភក្តី និយាយថា ក្រោយការចរចារជាថ្មី លោកបានដឹងហើយ អ្វីដែលលោកបានផ្ដល់សម្ភាសន៍ឲ្យសារព័ត៌មានពាក់ព័ន្ធនឹងរឿងបទចម្រៀងគឺពិតជាមានការប៉ះពាល់ដល់ផលិតកម្មលោកម៉ៃ សុគន្ធ ប្រាកដមែន។ យ៉ាងណាមិញ លោកថាការឆ្លើយតប របស់លោកម៉ៃ សុគន្ធ ក៍មានការប៉ះពាល់ ចំពោះលោកផងដែរ។ លោកថាក្រោយ ការឆ្លើយឆ្លងគ្នាទៅវិញទៅមក មានការប៉ះគ្នាធ្វើឲ្យខូចឈ្មោះប៉ុណ្ណោះ ទើបលោកសម្រេចចិត្តជជែកគ្នាជាថ្មី ហើយព្រមព្រៀងបញ្ចប់ទំនាស់ពាក្យសម្ដីដោយសន្តិវិធី។ លោកថាហេតុផលនៃ ជម្លោះ គឺដោយសារតែមានយល់ច្រទ្បំ ពាក់ព័ន្ធនឹងបទចម្រៀងមួយ ដែលកើតឡើងដោយសារតែតារាចម្រៀងម្នាក់នៅផលិតកម្មលោក ម៉ៃ សុគន្ធ យកទៅច្រៀងបង្ហោះលើYoutube ធ្វើឲ្យមានរឿងខ្វែងគ្នា ក្រោយពេល បទនេះ ត្រូវលោកយកទៅ ឲ្យតារា ចម្រៀងម្នាក់ទៀតច្រៀងផ្លូវការ។ លោក ថាបញ្ហា កើតចេញព្រោះតែការយល់ ច្រទ្បំប៉ុណ្ណោះ ដោយលោកម៉ៃ សុគន្ធ ច្រទ្បំថាតារាចម្រៀង ដែលយកបទរបស់លោកទៅថតបង្ហោះលើYoutube ជាម្ចាស់បទដើម ហើយលោកក៍យល់ច្រទ្បំថា លោក ម៉ៃ សុគន្ធ វាយប្រហារដោយពាក្យសម្ដី ជាមួយខ្លួន ព្រោះតែការពារអ្នកយកបទ របស់ខ្លួនទៅផលិត។ លោកថាក្រោយការ ជជែកគ្នាម្ដងទៀត លោក និង ម៉ៃ សុគន្ធ កាន់តែយល់ចិត្តគ្នា ជាពិសេសបន្ទាប់ពី ការពន្យល់ពីគ្នាទៅវិញទៅមក។ លោកថា ខ្លួន និង លោក ម៉ៃ សុគន្ធ បានសម្រេច មិនសាចទឹកដាក់គ្នាទៀតទេ ហើយលោក ក៍ស្នើឲ្យបញ្ចប់ការយល់ច្រទ្បំចំពោះការខ្វែងគំនិតគ្នា ដែលធ្លាប់កើតមានជាមួយ លោកម៉ៃ សុគន្ធ នោះផងដែរ។ លោកថា ក្រោយការជជែកគ្នាលម្អិត ទើបបានដឹង ថាអ្វីដែលបានកើតសុទ្ធតែរឿងយល់ច្រទ្បំ។ មិនខុសគ្នា លោក ម៉ៃ សុគន្ធ ក៍បានបញ្ជាក់ថារវាងលោក និង លោក ឈុន សុវណ្ណភក្តី ពិតជាបានបញ្ចប់រឿងខ្វែងគំនិតគ្នាហើយ។ លោកថាក្រោយការបកស្រាយគឺ បញ្ហាកើតឡើងពិតជាបណ្ដាលមកតែពីការយល់ច្រទ្បំប្រាកដមែន។

មតិយោបល់