ព័ត៌មានជាតិ

សាហាវបំផុត! អ្នករត់ម៉ូតូឌុបម្នាក់ត្រូវចោរអារ.ក ប្លន់យកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថា មានករណីប្លន់ដ៏សាហាវមួយ បានកើតឡើង បន្ទាប់ពីបុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានចោរធ្វើសកម្មភាពអារ.ក រួចយកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់។

ករណីប្លន់ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះ ដួង ដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិអូរតាប៉ុន ឃុំពេជ្យចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យប្រើកាំបិត អារ.ក ជនរងគ្រោះ រួចយកម៉ូតូម៉ាកឌ្រីម សង់សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-6375 ទៅបាត់ដោយសុវត្ថិភាព។ ចំណែក ជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរបង្អែក។

ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេត ដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់