ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុវណ្ណបញ្ញា ថាកុនភាគថ្មីរបស់ខ្លួន នឹងជួយបំបែកទីផ្សារ

ក្នុងប៉ុន្មានថ្ងៃនេះ តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា បានអះអាងថារវល់នឹងការសម្ដែងកុនភាគយ៉ាងខ្លាំង ដោយសារតែនាងទទួលបានតួឯកក្នុងរឿងភាគមួយយ៉ាងថ្មីសន្លាងរបស់ទូរទស្សន៍CTV8HD។ យ៉ាងណាមិញនាងក៏បារម្ភខ្លាចនេះជារឿងភាគក្រៅប៉ុស្ដិ៍ទូរទស្សន៍ចុងក្រោយផងដែរ ដោយសារតែខាងផលិតកម្មថោន មានគោលការណ៍មិនឲ្យចេញថតរឿងក្រៅប៉ុស្ដិ៍ក្រោយទូរទស្សន៍ថោនដំណើរការពេញទំហឹង។

ឈិត សុវណ្ណបញ្ញា និយាយថានាងរំពឹងចំពោះការសម្ដែងមួយរឿងថ្មីដែលទើបទទួលបាននេះយ៉ាងខ្លាំង ទើបនាងប្រឹងសម្ដែងដល់ថ្នាក់ដាច់បាយដាច់ទឹក និងទម្លាក់ចោលស្ទើរទាំងអស់នូវការងារច្រៀងរាំដែលទម្លាក់ដោយផលិតកម្មថោន។ រឿងដែលនាងទទួលថតនេះ នាងចេញមិនស្គាល់យប់ថ្ងៃនោះទេ ដោយក្នុងពេលខ្លះត្រូវថតដល់ពាក់កណ្ដាលអធ្រាតុក៏មានដើម្បីបំពេញតម្រូវការរបស់ផលិតករដែលត្រូវថតប្លង់យប់។ នេះជារឿងភាគដំបូងដែលនាងទទួលបាន តែជារឿងទី២ដោយសារតែមុននេះបន្តិចនាងក៏ធ្លាប់សម្ដែងក្នុងរឿងដាក់រោងក្នុងរឿង«ទេសចរណ៍ឋាននរក»ម្ដងហើយ។ នៅក្នុងរឿងភាគថ្មីនេះ នាងសម្ដែងជាតួនិស្សិត និងជាតួយុវវ័យ ដែលមានទម្លាប់តែងខ្លួនខ្យូតៗ ហើយបើនិយាយពីចរិតក៏ប្រហាក់ប្រហែលនឹងចរឹកខាងក្រៅផងដែរ ទើបនាងយល់ថាការសម្ដែងរឿងមួយរឿងនេះមិនមានបញ្ហា។ នាងរំពឹងយ៉ាងខ្លាំងថាពេលរឿងចេញ នឹងធ្វើឲ្យនាងទទួលបាននូវការចាប់អារម្មណ៍បន្ថែមទៀត ក្រោយពីបទ«ឃើញហើយក៏ហួសចិត្ត!»របស់នាងបានក្លាយជាបទមានការទាក់ទាញថ្មី។ ភាពយន្តភាគនេះក៏ប្រហែលជាជារឿងចុងក្រោយក្រៅប៉ុស្ដិ៍ដូចគ្នា ដោយសារតែខាងផលិតកម្មថោនពិតជាមិនអនុញ្ញាតិឲ្យទទួលថតរឿងបន្តទៀត បន្ទាប់ពីនាងបានក្លាយជាតារាចម្រៀងផ្ដាច់មុខរបស់ផលិតកម្មថោនបែបនេះ។ នាងថាខ្លួនបានទទួលចេញថតរឿងនេះ ដោយសារតែនាងបានកុងត្រាជាមួយCTV8HD តាំងពីមុនចូលថោនប៉ុណ្ណោះ ហើយខាងថោនក៏បានឯកភាពឲ្យសម្ដែងផងដែរ មុនពេលថោនសម្រេចជ្រើសនាងឲ្យក្លាយជាតារាចម្រៀង។ អ៊ីចឹងហើយទើបនាងសម្ដែងរឿងក្រៅប៉ុស្ដិ៍បាន តែសម្រាប់រឿងថ្មីដែលគ្រោងនឹងទាក់ទងបន្តបន្ទាប់ អាចនឹងមិនមានការអនុញ្ញាតិ។ ប៉ុន្មានសប្ដាហ៍ចុងក្រោយ នាងថាវក់វីនឹងការសម្ដែងកុនយ៉ាងខ្លាំង ដោយនាងបញ្ជាក់ថាការសម្ដែងកុន និងអាជីពចម្រៀងដែលថតMV ផង គឺមិនគ្នាទេ។ នាងរំពឹងយ៉ាងខ្លាំងថាទូរទស្សន៍ថោន នឹងមើលឃើញពីសមត្ថភាពរបស់នាងហើយផ្ដល់ឱកាសឲ្យនាងសម្ដែងជាតួឯកដូចគ្នា បន្ថែមពីលើការលើកស្ទួយឲ្យនាងមានចម្រៀងច្រើនបទក្រោយពេលហក់ចូល។ យ៉ាងណាងមិញ ប្រសិនបើទូរទស្សន៍ថោន មិនមានរឿងណាមួយឲ្យនាងនោះទេក៏នាងមានជំនឿចិត្តថានឹងមានផលិតករដែលគ្រោងផលិតរឿងតាមរោង នឹងចាប់អារម្មណ៍យកនាងឲ្យសម្ដែងបន្តបន្ទាប់ផងដែរ ដោយសារតែនាងពេលនេះគឺប្រកាន់ជំហរថា ឲ្យតែមានរឿងទាក់ទងឲ្យសម្ដែង ហើយមានការអនុញ្ញត្តិ គឺនឹងសម្ដែងមិនប្រកែកនោះឡើយ ដើម្បីពង្រីកទីផ្សារសិល្ប:។ នាងថាការសម្ដែងរឿងភាគលំបាករឿងពេលវេលាច្រើន និងត្រូវជ្រើសសំលៀកបំពាក់ច្រើនម៉ូដ ប៉ុន្តែសម្រាប់ការលេងទឹកមុខ និងកាយវិកាជាដើម លែងជាបញ្ហាចោទសម្រាប់នាងហើយ ទើបនាងប្រកាសថានឹងទទួលសម្ដែងកុនឲ្យពេញទំហឹង មិនថារឿងភាគ ឬរឿងដុំ។ នាងថាសប្បាយចិត្តដែលបានមួយរឿងយ៉ាងកាលីបក្រោយពេលចូលថោន ដែលរឿងមួយនេះពិតជាកម្រើកឡើងក្នុងពេលដាក់ផ្សាយខាងមុខ បន្ទាប់ពីស្ងប់ស្ងាត់យ៉ាងយូរនៅក្នុងផលិតកម្មហង្សមាស៕

មតិយោបល់