ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ ក្នុងប្រទេសម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៤ នាក់ បានស្លាប់ និង ២៨ នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាក់រលំ ជញ្ជាំងសាលមួយ ដែលបង្កឡើងដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង នៅរដ្ឋ Rajasthan ភាគខាងលិចប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។
ប្រធានប៉ូលិសស្រុក លោក Anil Tank បាននិយាយថា «ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង៣០ នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ នៅឯសាលអាពាហ៍ពិពាហ៍មួយ នៅលើផ្លូវ Sevar ក្នុងស្រុក Bharatpur ដែលជាកន្លែងមានចំនួនមនុស្សយ៉ាងច្រើន បាននាំគ្នាមកចូលរួម ក្នុងពិធីអាពាហ៍ពិពាហ៍របស់ គូស្នេហ៍មួយគូ»។
លោកបានបន្ថែមថា «មានភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅតំបន់ទីនោះ ក៏ស្រាប់តែបង្កឲ្យមានការដួលរលំ នៃជញ្ជាំងសាល ខណៈដែលអ្នកទាំងនោះ កំពុងជ្រកក្រោមទីជំរកមួយ ក្បែរជញ្ជាំងសាល ដើម្បីការពារខ្លួនពីការទទឹក ជោកដោយភ្លៀងធ្លាក់»។
ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ប្រធានប៉ូលិសរដ្ឋ លោក Vasundhara Raje បានបញ្ជាឲ្យក្រុមមន្រ្តី បើកការស៊ើបអង្កេតផងដែរ៕
មតិយោបល់