ព័ត៌មានសិល្បៈ និងកម្សាន្ត

ហុង ដា ថាអត់ ទោះបានសម្ដែងធ្វើប្ដី នាងឃ្មឹបជាថ្មី

កាលពីថ្ងៃទី២០ ឧសភា ក្រុមកំប្លែងនាយកុយបានបង្ហាញវត្តមានអ្នកនាងឃ្មឹបឲ្យក្លាយជាសមាជិករបស់ខ្លួនក្នុងវង់កំប្លែងរបស់លោក។ អ្វីដែលគេចាប់អារម្មណ៍ គឺនាយកុយបានតម្រូវឲ្យហុងដា និងនាងឃ្មឹបសម្ដែងជាប្ដីប្រពន្ធនឹងគ្នា ហាក់ដូចជាអ្នកទាំង២មិនមានរឿងប្រេះឆាគ្នាកាលពីអតីតកាល។ យ៉ាងណាមិញ នាយហុងដាថាខ្លួនមិនមានអារម្មណ៍ណាមួយជាថ្មីជាមួយអតីតភរិយានោះទេ បើទោះលោក និងអ្នកនាងត្រូវនាយកុយឲ្យសម្ដែងធ្វើប្ដីប្រពន្ធនឹងគ្នាលើឆាក ដែលមានសកម្មភាពជិតស្និទ្ធិគ្នា។

នាយកុយប្រកាសថា ដោយសារតែនាយហុងដា និងអ្នកនាងឃ្មឹប សុទ្ធតែអត់ប្រកាន់គ្នាទើបលោកសម្រេចចិត្តឲ្យអ្នកទាំង២សម្ដែងធ្វើប្ដីប្រពន្ធ ក្រោយសម្រេចឲ្យអ្នកនាងឃ្មឹបបានចូលក្រុមជាថ្មី ព្រោះតែអាណិតនាងដែលធ្លាក់ខ្លួនដល់ថ្នាក់អត់លុយអត់កាក់។ លោកបានបើកឆាកឲ្យអ្នកទាំង២សម្ដែងប៉ះគ្នា កាលពីថ្ងៃសៅរ៍ នៅCTN ដោយឲ្យសម្ដែងជាប្ដីប្រពន្ធគ្នាតែម្ដង ហើយឃើញថាអ្នកទាំង២សម្ដែងជាមួយគ្នាបានល្អសម និងមានការចាប់អារម្មណ៍។ លោកថាក្រោយការអនុញ្ញាតិឲ្យចូលក្រុម ហុងដា និងឃ្មឹបគឺជាកូនក្រុមរបស់លោកដូចគ្នា ដូច្នេះប្រសិនបើអ្នកទាំង២កែប្រែទំនាក់ទំនងពីរាប់អានទៅជាប្ដីប្រពន្ធជាថ្មី លោកក៏គ្មានសិទ្ធិហាមឃាត់ និងមានតែជូនពរ។ យ៉ាងណាមិញ លោកថាមិនមានគម្រោងផ្គូរផ្គងឲ្យពួកគេទទួលយកគ្នាដោយនោះទេ គឺគ្រាន់តែចង់ឲ្យការសម្ដែងមានភាពទាក់ទាញប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកហុងដា ឆ្លើយថារវាងលោក និងអ្នកនាងបានបញ្ចប់និស្ស័យទៅហើយ ដូច្នេះបើទោះជាត្រូវសម្ដែងធ្វើជាប្ដីប្រពន្ធនឹងគ្នាក៏នៅចិត្តរបស់លោកនៅត្រឹមតែរាប់អានដូចប្អូនស្រីប៉ុណ្ណោះ គឺមិនមានបំណងលើសពីហ្នឹងឡើយ។ អ្នកនាងឃ្មឹបក៏ធ្លាប់ប្រកាសថាគោរពស្រឡាញ់លោកហុងដាដូចជាបងប្រុសនោះដែរគឺមិនមានបំណងណាមួយលើសពីហ្នឹងឡើយ៕

មតិយោបល់