ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាខ្មែរ ប្រតិកម្មថៃយករូបប្រាសាទអង្គរវត្ត ទៅភ្ជាប់ក្នុងរឿងនាគរាជថៃ

ក្នុងប៉ុន្មានថ្ងៃទៀតប្រទេសថៃនឹងដំណើរការផ្សព្វផ្សាយរឿង«បារមីនាគរាជ ឬរឿង បួងសួងនាគរាជ ឬរឿង អន្ទាក់នាគរាជ»ជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅក្នុងប្រទេសថៃ ដោយខ្សែរឿងនេះផលិតថៃដែលជាអ្នកដំឡើងបានអះអាងថាជារឿងដែលនិយាយពី ស្ដេចនាគដែលអាចប្រែក្រឡាជាបុរសក៏បានជាស្រ្តីក៏បាន និងជានាគមានបារមីដែលប្រជាជនថៃមានជំនឿមកដល់បច្ចុប្បន្ន។ អ្វីដែលគេកត់សម្គាល់ គឺខ្សែរឿងនោះបានដាក់ភ្ជាប់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលនាំអោយមានប្រតិកម្មពីក្រុមមហាជន ជាពិសេសគឺតារាសិល្បៈ។

លោកម៉ៃ សុគន្ធ តារាចម្រៀងប្រចាំផលិតកម្មZoom បានអះអាងថាលោកមិនអាចទទួលយកបាននោះទេ ដែលថៃធ្វើរឿងពាក់ព័ន្ធនឹងប្រវត្តិនាគរាជរបស់ខ្លួន ហើយយកប្រាសាទអង្គរវត្តរបស់ខ្មែរទៅភ្ជាប់ ដែលហាក់ដូចជាចង់សំដៅថាប្រាសាទអង្គរវត្តគឺជារបស់ថៃ។ លោកថាបើទោះជារឿងព្រេងនោះមានប្រវត្តិពាក់ព័ន្ធទៅនឹងប្រាសាទអង្គរវត្ត ក៏មិនគួរនឹងយកទៅភ្ជាប់ក្នុងរឿងនោះដែរ ដោយសារតែពិភពលោកគេបានស្គាល់រួចមកហើយថាអង្គរវត្តជារបស់ខ្មែរ ដែលមិនគួរនឹងធ្វើអោយមានការភាន់ច្រលំ។ លោកសួរច្រាសមកវិញថា តើភាគីថៃបានសុំសិទ្ធិជាមុនមុននឹងយករូបប្រាសាទរបស់ខ្មែរទៅប្រើពាក់ព័ន្ធនឹងរឿងស្ដេចនាគរបស់ខ្លួនទេ?

មិនខុសគ្នាដែរ នាយព្រែកតារាកំប្លែង និងជាពិធីករប្រចាំទូរទស្សន៍ My TV បានអះអាងថា លោកមិនយល់នោះទេ ដែលរឿងប្រវត្តិរបស់ថៃបែរជាយករូបប្រាសាទរបស់ខ្មែរទៅប្រើ ដែលហាក់ដូចជាអតីតកាលរបស់ប្រាសាទអង្គរគឺរបស់ថៃ។ លោកថាភាពយន្តរបស់ហូលីវូដ ក៏ត្រូវគេឃើញផលិតរឿងពាក់ព័ន្ធនឹងប្រវត្តិរបស់ប្រទេសមួយផ្សេងទៀតផងដែរ ឧទាហរណ៍ដូចជាការធ្វើរឿងនិយាយពីប្រាសាទពីរ៉ាមីត ពីជញ្ជាំងប៊ែកឡាំង និងពីសម័យប៉ុលពតមុននេះរបស់ខ្មែរ ប៉ុន្តែលោកថាគេមិនដែលធ្វើដោយមិនបានសុំសិទ្ធិ ដែលករណីនេះក្រសួងពាក់ព័ន្ធសុទ្ធតែបានជូនដំណឹងអោយពលរដ្ឋរបស់គេបានដឹងជាមុន។ លោកជារឿងពិបាកទទួលដែលអត្តសញ្ញាណរបស់ជាតិសាសន៍មួយ ត្រូវគេយកទៅប្រើក្នុងការសម្ដែងសិល្បៈរបស់គេដោយជនជាតិខ្មែរមិនបានដឹងទាល់តែសោះ បើទោះជាករណីនោះគ្រាន់តែយកទៅធ្វើលើប៉ាណូរឿង។

អ្នកនាងមាស សុវណ្ណរតនា ពិធីការិនីCNC បានបញ្ចេញមតិថា ថៃរាល់ពេលធ្វើរឿងអ្វីមួយមិនដែលខ្វល់ពីកម្ពុជានោះទេ ប៉ុន្តែបើកម្ពុជាវិញអោយតែធ្វើអ្វីជាការប៉ះពាល់ដល់ប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ គឺរមែងធ្វើតាមលំដាប់លំដោយ ជាការគោរពតម្លៃរបស់ជាតិសាសន៍នីមួយៗ។ អ្នកនាងថាប្រទេសពីរដែលមានអត្តសញ្ញាណវប្បធម៌ស្រដៀងគ្នា មិនអាចបែបនេះបានទេ ជាពិសេសការផលិតរឿងព្រេងដោយប្រើអត្តសញ្ញាណរបស់ម្ចាស់វប្បធម៌ ធ្វើអោយមានការយល់ច្រលំ។

ក្រៅពីតារាខាងលើតារាផ្សេងទៀត ដែលបានជ្រើសយកប្រធានបទនោះមកពិភាក្សាក៏បានរិះគន់ថៃធ្ងន់ៗលើករណីនេះផងដែរ។ ចំពោះករណីនេះ មន្ត្រីក្រសួងវប្បធម៌មួយរូបបានអះអាងថានៅមិនទាន់បានដឹងនោះទេ និងថារង់ចាំប្រតិកម្មពីថ្នាក់លើ។

មតិយោបល់