ភ្នំពេញ: បើទោះជាមានព័ត៌មានយ៉ាងសុះសាយថា តារាចម្រៀង ម៉េង កែវពេជ្ជតា និងដៃគូចម្រៀងគឺលោក រ័ត្ន មករា បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយក្ដី ក៏តារាចម្រៀងខុសវ័យទាំងពីរនេះ ហាក់មិនខ្វល់ និងការលើកឡើងនោះឡើយ។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកទាំងពីរកាន់តែបង្កើនភាពស្និទ្ធិស្នាល ផ្គើនក្រសែភ្នែកមហាជនខ្លាំងឡើង ដោយខុសប្លែកពីការចោទប្រកាន់ថា អ្នកនាងពាក់ព័ន្ធនិងបុរសមុនៗ ដែលអ្នកនាងរមែងបិទបាំង ដោយការប្រយ័ត្នប្រយែងនូវរាល់សកម្មភាពក្រៅឆាកនោះ។
ជាក់ស្ដែង នៅលើបណ្ដាញហ្វេសប៊ុកគេឃើញតារាចម្រៀង ម៉េង កែវពេជ្ជតា និងលោក រ័ត្ន មករា បង្ហោះសកម្មភាពទៅណាមកណាជាមួយ ដែលហាក់ដូចជា ផ្គើនចំពោះការចោទប្រកាន់ ឬមានន័យម្យ៉ាងទៀតថា កំពុងតែចង់បើកចំហរស្នេហា ដោយលែងលាក់លៀមនោះផង។
លោក រ័ត្ន មករា ត្រូវគេឃើញចេញផ្ទះវីឡា របស់អ្នកនាង នៅបុរីកាំងម៉េង ក្នុងតំបន់ព្រែកកំពិស ជាយភ្នំពេញ និងធ្វើជាអ្នកបើករថយន្ត ជូនអ្នកនាងទៅនេះទៅនោះ ដូចជាអង្គរក្សបេះដូងម្នាក់នោះទេ។ ស្ទើរគ្រប់កម្មវិធីដែលមានតម្រូវការអ្នកនាង ម៉េង កែវពេជ្ជតា ឲ្យឡើងច្រៀង ដោយសូម្បីតែក្នុងកម្មវិធីអាហ្វែមង្គលការ ក៏អ្នកនាងត្រូវបានគេអះអាងថា ទទូចឲ្យអញ្ជើញលោក រ័ត្ន មករា ដើម្បីបានច្រៀងរួមគ្នា ដែលខុសពីពេលមុនផងដែរ។ វត្តមានរបស់អ្នកនាងលើឆាកតន្ត្រីគេកម្រណាស់ មិនឃើញអ្នកនាងបកស្រាយបទចម្រៀង ជាមួយលោក រ័ត្ន មករា នៅក្នុងកាលៈទេសៈដែលសារព័ត៌មានក្នុងស្រុក និងអ្នកសិល្បៈកាន់តែទម្លាយចេញថា អ្នកទាំងពីរស្រឡាញ់គ្នា។
យ៉ាងណាមិញ តារាទាំងពីរនៅមិនទាន់មាន អ្នកណាចេញមុខទទួលស្គាល់នោះទេ បើទោះជាពួកគេកាន់តែល្អូកល្អិន លើសពីមិត្តភក្តិសិល្បៈ និងឧស្សាហ៍បង្ហោះរូបជាលក្ខណៈស្និទ្ធស្នាល ដោយបើកចំហរនៅលើហ្វេសប៊ុក។ អ្នកនាង ម៉េង កែវពេជ្ជតា យល់ថា នោះជាការរាប់អានរវាងអ្នកនាង និងលោក រ័ត្ន មករា ដោយសារតែលោក គឺជាដៃគូចម្រៀងរបស់ខ្លួន។ មិនខុសគ្នាដែរលោក រ័ត្ន មករា ឯណោះវិញ ក៏អះអាងថាសេពគប់អ្នកនាង ម៉េង កែវពេជ្ជតា គ្រាន់តែក្នុងនាមជាដៃគូចម្រៀង និងជាសិល្បៈរៀមច្បងប៉ុណ្ណោះ។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកមានភាពស្និទ្ធស្នាល ដោយក្រៅពីមិនប្រកែកថា មិនធ្លាប់ចេញចេញចូលផ្ទះអ្នកនាង ម៉េង កែវពេជ្ជតា ក៏ធ្លាប់បង្ហើបថាមានស្និទ្ធស្នាល ជាមួយកូនប្រុសស្រីរបស់អ្នកនាង និងឧស្សាហ៍បើកឡាន ជូនអ្នកនាងឡើងឆាក ដោយសារតែអ្នកនាងទ័លដៃទ័លជើង ព្រោះកូននៅតូចៗនោះផង៕
មតិយោបល់