ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីហុងកុង ២ដួង ប្រចាំប៉ុស្តិ៍ TVB ចង់សម្តែងភាពយន្តជាមួយតារារបស់កម្ពុជា

ភ្នំពេញ: សម្រាប់អ្នកចូលចិត្តទស្សនាភាពយន្តភាគរបស់ហុងកុង ពិតជាស្គាល់ហើយចំពោះតារាសម្តែងដ៏ល្បីរបស់ស្ថានីយ៍ទូរទស្សន៍ TVB  និងជាតារាកំពូលនៃទីក្រុងហុងកុង ២ដួង គឺនាង Nancy Wu និងលោក Vincent Wong ដោយអ្នកទាំងពីរ បានបង្ហាញនូវបំណងប្រាថ្នារបស់ខ្លួន ថាចង់សម្តែងភាពយន្តជាមួយតារាកម្ពុជា ។

នៅក្នុងសន្និសីតសារព័ត៌មាន ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ ភីអិនអិន (PNN) នៅថ្ងៃទី១៨ ខែមិថុនា នាសណ្ឋាគារភ្នំពេញ លោក Vincent Wong បានលើកឡើងតាមរយ:អ្នកបកប្រែថា ក្នុងកម្មវិធី TVB PNN SHOWCASE 2016 នៅថ្ងៃទី១៩ ខែមិថុនា លោកនឹងធ្វើការបង្ហាញពីបទពិសោធន៍ខ្លះៗ នៃការងារសម្តែងភាពយន្ត ក៏ដូចជាវប្បធម៌របស់ទីក្រុងហុងកុង ជូនទៅដល់តារានៃប្រទេសកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនោះ និងប្រជាពលរដ្ឋខ្មែរ ។

លោកបានបន្តថា “សង្ឃឹមថានៅថ្ងៃអនាគត នឹងមានការសម្តែងរវាងប្រទេសទាំងពីរ គឺជនជាតិហុងកុង គឺពួកគាត់តែម្តង បានសម្តែងជាមួយជនខ្មែរដើម្បីរឹតសម្ព័ន្ធភាព នៃប្រទេសទាំងពីរនេះផងដែរ” ។

ជាមួយគ្នានេះ តារាដែលចូលចិត្តសម្តែងភាពយន្តជាតួ Super Hero រូបនេះ បានបន្ថែមថា លោកចូលចិត្តបរិភោគបាយរបស់ខ្មែរ ព្រោះវាមានគ្រាប់ទន់ៗល្អ និងមានរស់ជាតិប្លែក ហើយនៅថ្ងៃបន្តទៀត បើមានឱកាសលោកនឹងទៅភ្លក់មុខម្ហូបខ្មែរផ្សេងទៀត ។

ចំណែក នាង Nancy Wu វិញបានលើកឡើងថា មានការសប្បាយរីករាយ នៅពេលដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្លាម មានអ្នកគាំទ្រជាច្រើនបានទៅទទួលដល់ទីនោះ ។ នាង ក៏បានសង្ឃឹមថា ខ្សែភាពយន្តរបស់នាង នឹងមានការគាំទ្របន្ថែមទៀត ពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចំពោះខ្សែភាពយន្តរបស់កញ្ញា ដែលបាននឹងកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។

លោក Glen Felgate នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ ភីអិនអិន បញ្ជាក់ថា “យើងមានកិត្តិយស និងក្តីសោមនស្សជាខ្លាំង ដែលអាចអញ្ជើញកំពូលតារាភាពយន្តទាំងពីរ មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសជួបសំណេះសំណាលផ្ទាល់ជាមួយប្រិយមិត្តកម្ពុជាតែម្តង។”  លោកបន្ថែមថា អ្វីដែលជាកិត្តិយសជានេះគឺ ភីអិនអិន ទទួលសិទ្ធិចាក់បញ្ចាំងគ្រប់ខ្សែភាពយន្តថ្មីរបស់ TVB ដំបូងគេនៅកម្ពុជា។

 

នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ៥ល្ងាច នាស្ទួឌីយូព្រែកព្នៅ របស់ទូរទស្សន៍ ភីអីនអិន តារាហុងកុងទាំង ២ដួង នឹងចួលរួមពពិសេសមួយក្នុងកម្មវិធី TVB PNN SHOWCASE 2016 ហើយកម្មវិធីក៏មានការចូលរួមពីសំណាក់សិល្ប:ខ្មែរ គឺកញ្ញា ទេព បូព្រឹក្ស ផងដែរ ។ ជាមួយគ្នានោះ ប្រិយមិត្តជាច្រើនរយនាក់ ដែលកំពុងប្រកួតប្រជែងក្នុងកម្មវិធីអ្នកដែលមានមុខមាត់ដូច ឬស្រដៀងតារាភាពយន្តរបស់ TVB ក៏នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ដែលមានរយ:ពេល២ម៉ោងមួយនេះផងដែរ

លើសពីនេះ នាង Nancy Wu និង លោក Vincent Wongគ្រោងនឹងចូលរួមកម្សាន្តជាមួយល្បែងប្រពៃណីខ្មែរ និងផ្តល់បរិយាកាសរីករាយសម្រាប់ប្រិយមិត្តខ្លួន តាមរយ:ការបកស្រាយបទចម្រៀងពីខ្លួនពួកគេផ្ទាល់។

កាលពីដើមឆ្នាំ២០១៦ ស្ថានីយទូរទស្សន៍ ភីអិនអិន បានចុះកិច្ចព្រមព្រៀង ចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគថ្មីរបស់ TVB កំពុងដាក់បញ្ចាំងក្នុងទីក្រុងហុងកុង ។  កិច្ចព្រមព្រៀងនេះ មានតម្លៃរហូតដល់ទៅជាង ១លានដុល្លារ ផ្តល់សិទ្ធិផ្តាច់មុខឲ្យ ភីអិនអិន ចាក់ផ្សាយភាពយន្តភាគចុងក្រោយ និងមុនគេបង្អស់លើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកម្ពុជា ។

នៅមានខ្សែភាពយន្តថ្មីៗជាច្រើនទៀត គ្រោងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដូចជារឿង Dead Wrong, House Of Spirits, My Lover From The Planet Meow, Two Steps From Heaven, Dearest Daddy និងរឿង My Dangerous Mafia Retirement Plan ជាដើម។ ភីអិនអិន ចាក់ផ្សាយខ្សែភាពយន្តភាគរបស់ TVB ៥ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ និង ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៧យប់៕

មតិយោបល់