ព័ត៌មានសិល្បៈ និងកម្សាន្ត

ធីណាតា បន្តជំនួញជាមួយគូដណ្តឹង ក្រោយបាក់បែកស្នេហ៍

នៅទីបំផុត តារាសម្ដែង កញ្ញា ធីណាតា តារាចម្រៀងយេរៗបានសារភាពថា រវាងកញ្ញានឹងគូដណ្ដឹងបានដាច់ដោចគ្នាហើយ បើទោះជាមុននេះបន្តិច មានការអះអាងថា មានការចុះសម្រុងគ្នា និងមានគម្រោងដឹកដៃគ្នាចូលរោងការយ៉ាងណាក្ដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺទោះជាកញ្ញាបែកបាក់ស្នេហ៍ក៏ពិតមែន ក៏ក្រុមហ៑ុនដែលកញ្ញា និងអតីតគូដណ្ដឹងបានបង្កើតរួមគ្នា នៅតែបន្តគ្រប់គ្រងរួមគ្នា ដោយគ្មានការបិទចោល។

កញ្ញាធីណាតា និយាយថា កញ្ញាពិតជាមានការស្ដាយស្រណោះ ដែលចំណងស្នេហ៍របស់នាងត្រូវបានបញ្ចប់ បន្ទាប់ពីខំតស៑ូឲ្យមួយខ្យល់ធំ។ យ៉ាងណាមិញអ្វីដែលកញ្ញាបានប្រទះ កញ្ញាថា ក៏ប្រសើរជាងមានចម្រូងចម្រាស់ ហើយបែកបាក់គ្នា ក្រោយពេលរៀបការផងដែរ។ កញ្ញាថា ក្រោយការបែកស្នេហ៍ អត់មានសល់អ្វីក្រៅពីមុខរបររកសុី ដែលបានសហការបើករួមគ្នានោះទេ ទើបទោះជាផ្ដាច់ស្នេហ៍ហើយ ក៏នៅតែបន្តរាប់គ្នា ក្នុងនាមជាដៃគូមុខជំនួញជំនួសវិញ។ កញ្ញាថាមិនពិបាកធ្វើចិត្តនោះទេ បន្ទាប់ពីនាង និងអតីតគូដណ្ដឹងបានសម្រេចចិត្តច្បាស់លាស់ និងបានជជែកគ្នាពីដំណោះស្រាយ ដើម្បីបន្តការងារមុខជំនួញ កុំឲ្យមានការប៉ះពាល់ដល់ប្រយោជន៍មុខជំនួញ។

ម្យ៉ាងមកពីកញ្ញា ក៏មិនសូវបង្ហាញខ្លួនក្នុងការគ្រប់គ្រងមុខជំនួញនោះ ក្រៅពីត្រួតពិនិត្យឯកសារជាធំផង ទើបការបន្តជំនួញរួមគ្នា មិនចោទនោះទេ បើទោះជាចំណងស្នេហ៍ ដែលធ្លាប់ល្អូកល្អិនត្រូវប្រេះឆា។ កញ្ញាថា មុខជំនួញរួមគ្នានោះ គឺ ការនាំចូលផលិតផលផ្តាច់មុខ មកពីប្រទេសអូស្ត្រាលីជាប្រភេទគ្រឿងសំអាង និងប្រភេទអាហារបំប៉ន ដែលនាងបញ្ជាក់ថាកាក់កប។ នាងមានគម្រោងចេញទៅច្រៀង នៅប្រទេសអូស្ត្រាលីជាលើកទី៦ រយ:ពេល៣ខែក្នុងពេលខាងមុខ ដោយការចេញទៅច្រៀងលើកនេះ នាងអាចបន្តនៅទីនោះដល់៦ខែផង។

ហេតុផលដែលនាងសម្រេចបន្ថែមពេលវេលាចេញសម្ដែង ដោយសុខចិត្តឃ្លាតឆ្ងាយពីការងារសិល្ប:ក្នុងស្រុកបែបនេះ គឺដើម្បីទៅលម្ហែកាយ បំភ្លេចស្នេហ៍ភ្លើងចម្បើង ដែលនាងខំផ្តើមរហូតដល់ថ្នាករួមរស់់ក្រោមដំបូល តែមួយហើយស្រាប់តែត្រូវបញ្ចប់ទាំងមិនបានត្រៀមខ្លួន។ នាងប្រកាសថា ដំណើរចេញទៅអូស្ត្រាលីលើកនេះ នាងអាចពិចារណាស្នេហាថ្មីផងដែរ ប្រសិនបើមានបុរសណាមួយ ដែលអាចឲ្យនាងកក់ក្ដៅក្នុងចិត្តក្រោយមានស្នាមរបួស៕

មតិយោបល់