នៅល្ងាចថ្ងៃទី២៨ ឧសភានេះ តារាកំប្លែងល្បីឈ្មោះគួរសមអ្នកនាងទេព បុទមបុផល បានប្រកាសធ្វើខួប១២ឆ្នាំសម្រាប់មង្គលរបស់ខ្លួន បូកជាមួយនឹងឡើងផ្ទះថ្មីយ៉ាងកាលីប ដោយអ្នកនាងបញ្ជាក់ថានឹងទទួលភ្ញៀវរហូតដល់៤០តុនៅល្ងាចនេះ។ អ្នកនាងថានេះជាពិធីធំដុំទី១ បន្ទាប់ពីអ្នកនាងបានក្លាយជាតារាសិល្បៈ ដែលអ្នកនាងក៏ចាត់ទុកថានេះក៏ជាពិធីបើកបង្ហាញពីសុភមង្គលជីវិតស្នេហារបស់អ្នកនាងផង។
បុទមបុផល ដែលត្រូវគេស្គាល់ថាបុទមៗ បានអះអាងថាអ្នកនាងបានសម្រេចធ្វើខួបអាពាហ៍ពិពាហ៍១២ឆ្នាំរបស់ខ្លួន ដោយសារតែអ្នកនាងក៏ចង់សម្ពោធផ្ទះថ្មី ដែលអ្នកនាងទើបនឹងទិញនៅបុរីមង្គលភ្នំពេញ ស្ថិតនៅផ្លូវជាសុផារ៉ា និងចង់ជួបជុំតារាសិល្បៈរួម និងក្រៅជំនាន់របស់អ្នកនាងផង។ អ្នកនាងពិធីល្ងាចនេះបានរៀបចំចំនួនជាង៤០តុ ដោយតារាសិល្បៈត្រូវបានអញ្ជើញរហូតដល់ជាង១០០នាក់ ដែលអ្នកនាងរំពឹងថានឹងមិនសូវមានអវត្តមាននោះទេ ដោយសារតែអ្នកនាងមិនដែលចោលកម្មវិធីរបស់តារាណាម្នាក់។ យ៉ាងណាមិញ អ្នកនាងថាផ្ទះដែលឡើងសម្ពោធអមជាមួយពិធីខួបអាពាហ៍ពិពាហ៍នេះ មិនមែនជាផ្ទះសម្រាប់រស់នៅខ្លួនឯងនោះទេ គឺទិញអោយម្ដាយប៉ុណ្ណោះ ដោយសារតែអ្នកនាង និងស្វាមី មានផ្ទះរស់នៅក្រៅពីនេះរួចទៅហើយ។ អ្នកនាងថាពិធីខួបអាពាហ៍ពិពាហ៍របស់អ្នកនាងត្រូវបានសំពះផ្ទឹមមិនខុសគ្នាកាលពីមង្គលការ១២ឆ្នាំនោះទេកាលពីព្រឹកថ្ងៃទី២៨ ឧសភានេះ ដោយអ្នកនាងបញ្ជាក់ថាខ្លួនក៏សប្បាយចិត្តណាស់ដែលបានចងរឹតស្នេហាដោយពិធីមង្គលមួយនេះជាថ្មីម្ដងទៀត។ អ្នកនាងខ្លួនមិនសូវសកម្មក្នុងរឿងសិល្បៈនោះទេ ដោយសារតែជាប់រវល់រកស៊ី ប៉ុន្តែសម្រាប់ការបង្ហាញវត្តមានក្នុងកម្មវិធីជប់លៀងរបស់អ្នកសិល្បៈ និងកម្មវិធីសប្បុរសធម៌ គឺអ្នកនាង និងស្វាមីមិនដែលបាត់មុខនោះទេ ដើម្បីអោយនៅតែមានទំនាក់ទំនងជាមួយអ្នកសិល្បៈទូទៅ៕
មតិយោបល់