ហ្វីលីពីនៈ មន្ត្រីយោធា នៅថ្ងៃអាទិត្យនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានបើកការប្រយុទ្ធគ្នា ជាមួយកងកម្លាំងសន្តិសុខនៅតាមដងផ្លូវ ក្នុងទីក្រុងភាគខាងត្បូងប្រទេស ដោយបានសម្លាប់ជនស៊ីវិល ១៩ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
អំពើហិង្សានេះ បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតីលោក Rodrigo Duterte ប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារ នៅទូទាំងភាគខាងត្បូងប្រទេស ដើម្បីធ្វើការបង្ក្រាបភេរវកម្ម បន្ទាប់ពីលោក បាននិយាយថា មានការគំរាមកំហែងកាន់តែរីករាលដាលយ៉ាងឆាប់រហ័ស ពីសំណាក់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (IS) ។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ បានសម្លាប់ជនស៊ីវិល ១៩ នាក់ នៅ Marawi ជាទីក្រុងដែលមានប្រជាជនរស់នៅចំនួន ២០០,០០០ នាក់ ភាគច្រើនជាមូស្លីម។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានស្ត្រីបីនាក់ និងកុមារម្នាក់ ដែលត្រូវបានគេរកឃើញសាកសពនៅក្បែរសាកលវិទ្យាល័យមួយ។
អំពើហិង្សានេះ បានចាប់ផ្តើមនៅពេលដែលក្រុមខ្មាន់កាំភ្លើងរាប់សិប បានចូលទៅឆេវឆាវនៅក្នុងទីក្រុង Marawi បន្ទាប់ពីកងកម្លាំងសន្តិសុខ បានព្យាយាមចាប់ខ្លួន លោក Isnilon Hapilon ជាមេភេរវករជើងចាស់រដ្ឋអ៊ីស្លាម។
រហូតមកទល់ពេលនេះ ទាហាន ១៣ នាក់ និងប៉ូលិស ០២នាក់ ព្រមទាំងពួកសកម្មប្រយុទ្ធ ៥១នាក់ហើយ ត្រូវបានស្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ៕
គួរបញ្ជាក់ដែរថា ភាគច្រើននៃអ្នករស់នៅទីក្រុង Marawi បានរត់ភៀសខ្លួន ដោយសារការប្រយុទ្ធគ្នានេះ ស្របពេលកងកម្លាំងយោធា បានទម្លាក់គ្រាប់បែកទៅលើទីតាំងពួកសកម្មប្រយុទ្ធ ដែលត្រូវបានគេជឿថា កំពុងលាក់ខ្លួននៅទីនោះ៕
មតិយោបល់