ក្នុងបទសម្ភាសន៍មុននេះបន្តិច តារាកំប្លែងល្បីឈ្មោះ អ្នកនាង យូ សុខសុធា ហៅកាឆយ បានអះអាងថាអ្នកនាងនឹងចាកចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ ដើម្បីទៅសម្ដែងជាប្រវត្តិសាស្រ្តនៅលើទឹកដីអាមេរិក បន្ទាប់ពីខាងសមាគមខ្មែរនៅលើទឹកដីអាមេរិក ចេញមុខរត់ច្បាប់ធានាអ្នកនាងអោយទៅច្រៀងរាំនៅទីនោះ។ យ៉ាងណាមិញ អ្នកនាងថាមិនមានគម្រោងសម្ដែងរហូតដល់៣ខែតាមការចង់បានរបស់អ្នកធានានោះទេ ដោយអ្នកនាងនឹងទៅបានតែរយៈពេល២ខែឡើយ សម្រាប់គម្រោងចេញសម្ដែងលើកនេះ។
អ្នកនាងនិយាយថានៅអំឡុងខែ៩ខាងមុខនេះ អ្នកនាងនឹងត្រូវធានាចេញដោយសមាគមខ្មែរនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដោយនេះគឺជាការងារក្រៅស្រុកថ្មីមួយបន្ទាប់ពីអ្នកនាងខកខានទទួលការងារចេញច្រៀងក្រៅស្រុកអស់រយៈពេលមួយសន្លប់ធំ។ អ្នកនាងថាខ្លួនធ្លាប់ចេញទៅបារាំង៣លើក និងអូស្រ្តាលី១លើក បន្តបន្ទាប់មកអ្នកនាងក៏លែងខ្វល់ខ្វាយនឹងការងារនេះតែម្ដង ដោយសារតែអ្នកនាងត្រូវច្រៀងកាត់សក់ផង ច្រៀងកម្មវិធីផង និងសម្ដែងភាពយន្តផង។ អ្នកនាងសម្រេចចិត្តទទួលសម្ដែងនៅលើទឹកដីអាមេរិក ដោយសារតែនោះជាប្រទេសសំបូរខ្មែររស់នៅ និងជាប្រទេសដែលអ្នកនាងមិនធ្លាប់ចេញសម្ដែង។ អ្នកនាងថាសមាគមខ្មែរដែលធានាយកអ្នកនាងទៅច្រៀងនៅលើទឹកដីនោះ បានចាត់ចែងលើការរត់ច្បាប់រួចហើយ ដោយគ្រោងអោយអ្នកនាងនៅសម្ដែងដល់ទៅ៣ខែពេញជាមួយលោកដួង សុខគា និងតារាបង្ហាញម៉ូដកញ្ញា អ៊ឹង និមល ប៉ុន្តែអ្នកនាងមិនអាចទទួលសម្ដែងបានទេ ក្នុងពេលដែលអ្នកនាងក៏បានកុងត្រាការងារក្នុងស្រុកមិនអាចទៅយូរតាមការចង់បាន។ អ្នកនាងថាបើការចេញដំណើរចេញរួចនៅអំឡុងខែ៩ នោះអ្នកនាងនឹងអាចបន្តសម្ដែងដល់ទៅ២ខែពេញ ប៉ុន្តែបើការធានាចេញពន្យារពេលដល់អំឡុងខែ១០ នោះការទទួលសម្ដែងក៏មិនបាន២ខែនោះដែរ ដោយសារតែអ្នកនាងជាប់សូរទទួលកុងត្រាការងារក្នុងស្រុករួចហើយ ។ អ្នកនាងថាគម្រោងរត់ច្បាប់នឹងចេញទៅរួចនៅអំឡុងខែ៩ខាងមុខ ដោយសារតែខាងស្ពុនស័រចង់អោយអ្នកនាងសម្ដែងពេញរយៈពេល២ខែ បើទោះជាភាពជាក់ស្ដែងគឺត្រូវរង់ចាំទូតផ្ដល់ទិដ្ឋការសម្រេចអោយទៅឬមិនអោយនោះក្ដី។
អ្នកនាងកាឆយ បញ្ជាក់ថាសប្បាយចិត្តដែលមានស្ពុនស័រនៅតែចាប់អារម្មណ៍ចង់បានអ្នកនាងអោយចេញសម្ដែងនៅក្រៅប្រទេស ជាពិសេសគឺទឹកដីអាមេរិកដែលអ្នកនាងប្រាប់ថាចង់ទៅសម្ដែងអោយបានម្ដងសម្រាប់អាជីពសិល្បៈកំប្លែង និងចម្រៀងរបស់ខ្លួន៕
មតិយោបល់