មកទល់ពេលនេះមានការខ្ចរខ្ចាយកាន់តែច្រើនជុំវិញស្នេហារបស់តារាស្រី៣រូប គឺអ្នកនាងសុខ សោម៉ាវត្តី អ្នកនាងពេជ្រ សោភា តារាចម្រៀងហង្សមាស និងអ្នកនាងភិន សុដាលីស។ អ្នកទាំង៣សុទ្ធតែជាមេម៉ាយសំបូរស្នេហ៍ និងបានបង្ហាញដោយលែងលាក់លៀមពីបុរសប្រចាំចិត្តរបស់ខ្លួនបើទោះជាក្នុងពេលខ្លះប្រកែក ក៏ស្ថិតក្នុងន័យទទួលស្គាល់ភាគច្រើន។
អ្នកនាងសុខ សោម៉ាវត្តី កាន់តែទម្លាយស្នេហាជាមួយកីឡាករវ័យក្មេង គឺលោក លី វ៉ាហេទ បន្ទាប់ពីបានសម្ដែងក្នុងរឿង«ខូចចិត្តអាជីព»ជាមួយគ្នា។ អ្នកនាងនិងខ្សែការពារក្នុងក្រុមជម្រើសជាតិរូបនេះ ត្រូវគេដឹងថាមានវ័យខុសគ្នាដោយសារខាងស្រីអាយុច្រើនជាងខាងប្រុស ប៉ុន្តែសម្រាប់ទំនាក់ទំនងគឺមិនខុសពីស្នេហាយុវវ័យផ្សេងទៀតនោះឡើយ។ ក្រៅពីទៅណាមកណាជាមួយគ្នា ដោយមិនខ្លាចក្រសែភ្នែកមហាជន អ្នកនាងសុខ សោម៉ាវត្តី ក៏ប្រើបណ្ដាញហ្វេសប៊ុករបស់ខ្លួនបង្ហោះចែកចាយនូវរូបភាពផ្អែមល្ហែមជាមួយបុរសជាសង្សារថ្មីរបស់ខ្លួនធ្វើអោយស្នេហាកាន់តែមានការសុះសាយផងដែរ។ យ៉ាងណាមិញ អ្នកទាំងពីរនៅតែអះអាងថាស្ថិតក្នុងដំណាក់កាលជាមិត្តនឹងគ្នានៅឡើយ បើទោះជាសកម្មភាពដែលបានស្ដែងឡើងគឺបេះមិនដាច់ទៅហើយ។
អ្នកនាងពេជ្រ សោភា និងលោកឆឹម សក្កដាក៏ត្រូវគេដឹងថាជាគូស្នេហ៍ស្អិតរមួតមិនណយដាក់គ្នាផងដែរសម្រាប់មួយគូនេះ។ បើទោះជាស្នេហារបស់អ្នកទាំងពីរត្រូវគេចោទថាជាល្បែងបិទពួនបន្លំភ្នែក ប៉ុន្តែពេជ្រ សោភា នៅតែអះអាងថាខ្លួនមិនយកកេរ្តិ៍ឈ្មោះដែលនាងខំសាងទៅសម្អុយព្រោះតែចង់បង្កើតស្នេហាក្លែងក្លាយនោះឡើយ។ អ្នកនាង និងគូស្នេហ៍កាន់តែប្រកាសអោយដឹងពីសកម្មភាពថ្មីៗជាពិសេសគឺ ការចែករំលែកក្ដីស្រឡាញ់ដាក់គ្នាទៅវិញទៅមកធ្វើអោយអ្នកគាំទ្រច្រណែន។ អ្នកនាង និងលោក ឆឹម សក្កដា ក៏ប្រកាសថានឹងស្រឡាញ់គ្នាអោយដល់ទីបំផុតព្រោះតែបានចាស់ទុំសងខាងត្រូវចិត្តនោះផង។ យ៉ាងណាមិញ អ្នកទាំងពីរនៅតែអះអាងថាអត់មានគម្រោងភ្ជាប់ពាក្យ ឬរៀបការឆាប់ៗ ដោយសារតែអ្នកនាងបញ្ជាក់ថាចាំមើលចិត្តបន្តិចទៀតសិន។
ងាកមកមេម៉ាយភិន សុដាលីស ឯណេះវិញ ក៏ស្អិតណាស់ដែលជាមួយតួប្រុសជាកូនខ្មែរកាត់រូស្សី គឺលោក សួន រ៉ានីរ៉ាស៊ីនី។ អ្នកទាំងពីរត្រូវគេឃើញបណ្ដើរយ៉ាងផ្អែមល្ហែម ដោយមានតារាសិល្បៈច្រើនឡើងបង្ហើបថាស្រឡាញ់គ្នាយ៉ាងស៊ីជម្រៅទៀតផង ទើបអ្នកនាងភិន សុដាលីស សុំលោកអ៉ិន ជាឪពុកអោយសម្ដែងតួឯកជាមួយអ្នកនាងក្នុងរឿង«ណូលីណូឡា»ដែលទើបចេញថតក្ដៅៗ។ អ្នកនាងភិន សុដាលីសបានសារភាពថាលោកស៊ីនីជាមិត្តភ័ក្រ្តប្រុសម្នាក់ដែលយល់ចិត្តអ្នកនាង ក្នុងពេលដែលលោកស៊ីនីឯណោះវិញក៏ប្រកាសដូចគ្នាថាមុនពេលលោកបានចូលខ្លួននៅស្និទ្ធិជាមួយភិន សុដាលីស គឺបានកាត់ផ្ដាច់ស្នេហាអតីតកាលអស់គ្មានសល់ ដែលមិនមានសម្ពាធខាងក្រៅណាមួយកើតឡើង។ យ៉ាងណាមិញ អ្នកទាំងពីរបានចាត់ទុកថាអ្វីៗនៅត្រឹមជាការរាប់អានលើសពីធម្មតានៅឡើយប៉ុណ្ណោះគឺមិនមានគម្រោងស្ដីដណ្ដឹង ឬរៀបការណាមួយទេ។
មកទល់ពេលនេះមេម៉ាយទាំង៣ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងដោយសារតែមានស្នេហារៀងខ្លួនដូចគ្នា ក្រោយប្រកាសលែងប្ដីឡើងកក្រើកសិល្បៈ៕
មតិយោបល់