ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ត្រូវគេសង្ស័យថា រៀបគម្រោងទៅរស់នៅអង់គ្លេស

ខណៈដែល ភិន សុដាលីស ត្រូវគេឃើញលេចមុខនៅក្នុងប្រទេសអង់គ្លេស ទាំងភាពយន្តរឿង”កាំបិតមុខ២” ថតមិនទាន់ចប់នាពេលនេះ មានការសង្ស័យថា នាងកំពុងស្វះស្វែងរកផ្លូវ ចេញទៅរស់នៅទីនោះ ខណៈដែលប្រភពច្បាស់ការ បានលួចបង្ហើបថា បើគ្មានអ្វីជាឩបសគ្គ គឺនាងចេញទៅរស់នៅទីនោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក អុិន សុភិន ជាឳពុកចេញមុខបំភ្លឺ។

ផលិតករមហាហង្សរូបនេះឆ្លើយថា កូនស្រីរបស់លោក គឺអ្នកនាង ភិន សុដាលីស ពិតជាស្ថិតនៅអង់គ្លេស និងកំពុងស្វះស្វែងរកផ្លូវសិក្សា នៅក្នុងប្រទេសនោះពិតមែន ប៉ុន្តែមិនមែនអ្នកនាងចង់រស់នៅនោះទេ ដ្បិតបើត្រូវនៅរៀន ក៏រៀនក្នុងរយៈពេលខ្លី ដែលមិនចាត់ទុកថា ទៅរស់នៅនោះដែរ។ លោកថា នាងទៅកាន់ប្រទេសអង់គ្លេស ដោយសារតែកូនប្រុស របស់លោក សិក្សា និងរស់នៅទីនោះ ហើយជាពេល ដែលភរិយារបស់លោក ត្រូវទៅលេងកូនប្រុសប៉ុណ្ណោះ ទើបភិន សុដាលីស ជូនម្ដាយទៅជាមួយ។

លោកថា កូនស្រីគ្រាន់តែចង់ទៅមើលថា តើនៅក្នុងប្រទេសអង់គ្លេស អាចសិក្សាជំនាញអ្វីបាន ដែលពាក់ព័ន្ធនឹងការឌីហ្សាញ និង ផ្នែកផលិតកម្មប៉ុណ្ណោះ ប៉ុន្តែបើត្រូវនឹងរៀនមែន ក៏មិនមែនពេលនេះដែរ ដោយសារតែភិន សុដាលីស នៅជាប់ថតរឿង”កាំបិតមុខ២” មិនទាន់ចប់។

លោក អុិន សុភិន បន្តថា ភិន សុដាលីស មិនចេះរស់នៅប្រទេសគេទេ ដោយសារតែនាងនឹកកូន និងមានចំណូលចិត្ត ចង់រស់នៅស្រុកខ្មែរច្រើនគេ។ លោកថាភិន សុដាលីស ត្រូវមកសម្ពោធភាពយន្តរឿង”លោកឳពុក”ផង ដូច្នេះនាងមានការងារច្រើន ណាស់ត្រូវធ្វើ មិនអាចទៅរៀន ឬ រស់នៅអង់គ្លេសបានទេ បើទោះជាប្អូនប្រុសនៅទីនោះស្រាប់៕

មតិយោបល់