ព័ត៌មានសិល្បៈ និងកម្សាន្ត

នីរិទ្ធិ អែនឌ្រូ សម្រេចធ្វើខួបកំណើតជាមួយក្រុមក្មេងកំព្រា

ខុសពីតារាភាគច្រើនដែលមានគម្រោងជប់លៀងទទួលភ្ញៀវប៉ុណ្ណេះតុប៉ុណ្ណោះតុដើម្បីអោយគគ្រឹកគគ្រេងនៅក្នុងហាងទំនើបសម្រាប់ថ្ងៃខួបកំណើតរបស់ខ្លួន លោកនីរិទ្ធ អែនឌ្រូ ដែលត្រូវគេស្គាល់ថាជាពិធីករទូរទស្សន៍ប៉ុស្ដិ៍លេខ៩ និងត្រូវគេស្គាល់ថាជាតារាដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយកញ្ញាប៉ុបពីនោះ បានអះអាងថាលោកបានសម្រេចលើកថ្ងៃខូបកំណើតរបស់លោកទៅធ្វើជាមួយក្រុមក្មេងៗកំព្រាជាជំនួសវិញនៅក្នុងមណ្ឌលកុមារកំព្រា។ លោកថាថ្ងៃខួបរបស់លោកត្រូវចំថ្ងៃទី២ មិថុនា មុននេះ ប៉ុន្តែលោកមិនធ្វើនោះទេដោយសារតែជាប់ភារៈដកឃ្លាមិនទាន់រួច ហើយគាប់ជួនជាលោកប្រកាន់ជំហរធ្វើទានសម្រាប់ឆ្លងខូបកំណើតរបស់ខ្លួននោះផង ទើបសម្រេចលើកថ្ងៃដែលអាចជ្រើសយកថ្ងៃទ៦ ឬថ្ងៃទី១០ មិថុនាខាងមុខ ដើម្បីទៅចែកទាន និងក្ដីស្រឡាញ់ចំពោះក្មេងៗវិញ។

លោក នីរិទ្ធ អែនឌ្រូ និយាយថា សម្រាប់ខូបកំណើតឆ្នាំនេះ លោកសម្រេចមិនធ្វើជាទ្រង់ទ្រាយក្នុងហាងដូចតារាសិល្បៈមួយចំនួនទេ ដោយលោកបង្វែរការចំណាយដែលគ្រោងរៀបចំទៅទិញជាសម្ភារៈសិក្សា និងភេសជ្ជៈជាដើមវិញ ហើយយកទៅចែកចាយដល់ក្មេងៗរស់នៅមណ្ឌលកុមារកំព្រា ដើម្បីចែករំលែកក្ដីស្រឡាញ់ ដើម្បីអោយយកថ្ងៃខូបកំណើតជាថ្ងៃបានធ្វើបុណ្យផង។ ពិធីករវ័យ២៧ឆ្នាំរូបនេះ បន្តថាលោកចង់យកថ្ងៃកំណើតរបស់លោកទៅធ្វើជាទានជំនួសវិញ ទើបលោកមិនខ្វល់រៀបចំជាពិធីជប់លៀង ហើយសុខចិត្តផ្លុំនំនៅចំពោះមុខក្មេងៗ ក្រោយពេលចែកចាយសម្ភារៈសិក្សា និងភេសជ្ជៈនៅក្នុងមណ្ឌលដែលលោកជ្រើសរើសរួចរាល់។ យ៉ាងណាមិញ លោកថាមិនទាន់កំណត់ថានឹងជ្រើសយកមណ្ឌលកុមារកំព្រាណាមួយ ដើម្បីរៀបចំសម្រាប់ឆ្លងឆ្នាំកំណើតរបស់ខ្លួននោះទេ ដោយសារតែការទំនាក់ទំនងនៅមិនទាន់បានធ្វើ។ លោកមានអារម្មណ៍ថាប្លែកនៅពេលនឹកដល់ស្ថានភាពដែលខ្លួនគ្រោងធ្វើ ដោយលោកបញ្ជាក់ថា ការចែករំលែកក្ដីស្រឡាញ់សម្រាប់ថ្ងៃកំណើតរបស់តារា គឺជាការផ្សាភ្ជាប់ទំនាក់ទំនង និងភាពជិតស្និទ្ធិជាមួយក្មេងៗ ដើម្បីលើកទឹកចិត្តអោយពួកគេមានឱកាសបានសប្បាយចិត្ត និងភាពកក់ក្ដៅនៅក្នុងជីវិត៕

មតិយោបល់