ទើបតែឡើងតំណែងជាប្រធានសមាគមភាពយន្តកម្ពុជា ប៉ុន្តែគេកត់សម្គាល់ថា លោក ព្រំ សិលា កំពុងខ្នះខ្នែងយ៉ាងសកម្ម ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ ដែលអ្នកខ្លះយល់ថា នឹងក្លាយជាហានិភ័យ អោយមានសន្ទុះ។ លោកកំពុងបំពេញបេសកកម្ម ដឹកនាំផលិតករខ្មែរ និងក្រុមការងារជាច្រើនរូប ចូលរួមពិព័រណ៍ភាពយន្តអន្តរជាតិ នៅហុងកុង ឬ Filmart ដោយបង្ហាញពីការរំពឹងជាច្រើន ក្រោយពីដឹកនាំតំណាងកម្ពុជា មកកាន់ទីក្រុងហុងកុង។
លោក ព្រំ សិលា ថ្លែងប្រាប់ក្នុងព្រឹត្តិការណ៍ Filmart នៅហុងកុង ថា ក្រោយពីលោកបានឡើងជាប្រធានសមាគមភាពយន្តកម្ពុជា ទើបតែលើកទី១ប៉ុណ្ណោះ ដែលលោកបានដឹកនាំផលិតករ និងក្រុមការងារសមាគមចូលរួម ក្នុងព្រឹត្តិការណ៍តាំងស្ដង់ ដើម្បីដាក់លក់ភាពយន្តមួយនេះ។ លោកថា គឺជាមោទនភាពធំមួយ ដែលវេទិកាដាក់លក់ភាពយន្ត ដ៏ធំប្រចាំឆ្នាំរបស់ពិភពលោកមួយនេះ ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ ចំពោះភាពយន្តខ្មែរ ក្នុងពេលដែលលោកយល់ថា ក្រុមផលិតករកម្ពុជា និងសមាគមទទួលបានផ្លែផ្កា។ លោកថាវត្តមានរបស់សមាគម និងបណ្ដាផលិតករ ដែលបានតាំងស្ដង់ ដាក់លក់ភាពយន្ត ក្នុងព្រឹត្តិការណ៍នៅហុងកុងលើកនេះ គឺទទួលបានសញ្ញាណជាវិជ្ជមានល្អប្រសើរ។
លទ្ធផលដែលលោកសម្លឹងឃើញនោះ គឺដោយសារតែមានបណ្ដាភ្ញៀវអន្តរជាតិ ជាក្រុមផលិតករមកពីប្រទេសផ្សេងៗច្រើនក្រុម បង្ហាញការចាប់អារម្មណ៍ ចំពោះការផលិតផលភាពយន្តរបស់ខ្មែរ ដោយលោកមើលឃើញថា ក្រៅពីចាប់អារម្មណ៍ ចង់ទិញសាច់រឿងមួយចំនួនរបស់ខ្មែរ ដើម្បីយកទៅដាក់បញ្ចាំង នៅក្នុងប្រទេសរបស់ពួកគេ ផលិតករទាំងនោះ ក៏ប្រកាសចាប់ដៃ ជាមួយផលិតករខ្មែរ ដើម្បីផលិតរឿងនៅកម្ពុជាផងដែរ។ លោកថាគឺជាមោទនភាព ដែលភាពយន្តរបស់ខ្មែរ ត្រូវបានគេអនុញ្ញាតិអោយតាំងស្ដង់ក្នុងZone ភាពយន្តហូលីវូត ហើយមិនខុសពីជួយអោយភាពយន្តរបស់ខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
លោកបង្ហាញការរំពឹងយ៉ាងខ្លាំងថា ផលិតករបរទេស នឹងចាប់អារម្មណ៍ចុះមកផលិតភាពយន្ត នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីគោលការណ៍លើកលែងពន្ធ ក្នុងការផលិតភាពយន្តរហូតដល់ឆ្នាំ២០២៣ ដែលមិនខុសពីការបើកផ្លូវអោយផលិតករទាំងក្នុង និងក្រៅស្រុក បង្កើនការផលិតស្នាដៃ ព្រោះលែងមានការស្មុគស្មាញជាងមុន។ លោកថាវត្តមានតាំងស្តង់នៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ មីនា កម្ពុជាមិនរំពឹងច្រើនពីការលក់ភាពយន្ត បានច្រើននោះទេ ប៉ុន្តែអ្វីដែលសមាគមសម្លឹងឃើញគឺ ការទំនាក់ទំនងពីផលិតករបរទេស ដើម្បីផលិតរឿងនៅកម្ពុជា ដែលនឹងជួយអោយវិស័យភាពយន្តខ្មែរ មានការឈានឡើង។ ក្នុងនោះ ផលិតករហ្វីលីពីន និងសហរដ្ឋអាមេរិក ហាក់ចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថាកម្ពុជា ក៏មានធនធានផលិតករ ដែលមានសមត្ថភាព អាចចាប់ដៃផលិតភាពយន្ត ប្រកបដោយស្ដង់ដារបានយ៉ាងល្អដែរនោះ។
នៅក្នុងព្រឹត្តិការណ៍នោះ គេឃើញបណ្ដារប្រទេសរហូតដល់ជាង១៨០ប្រទេសចូលរួមតាំងស្ដង់ ដោយក្នុងនោះផលិតករខ្មែរ ដែលចូលរួមរួមមាន អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ និង ម្ចាស់ផលិតកម្មកងចក្រជាដើម៕
មតិយោបល់