ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា YouTuber ល្បី Mr Beast ប្រកាសយកហ្គេមក្នុងរឿង «Squid Game» មកលេងក្នុងជីវិតពិត!

(បរទេស)៖ ទស្សនិកជនពិតជាបានជ្រាបច្បាស់ថា ថារឿងរបស់កូរ៉េខាងត្បូង «Squid Game» បានក្លាយជារឿងដែលល្បីបំផុតនៅលើ Netflix ដែលទទួលបានការចូលទស្សនាពីទស្សនិកជននៅជុំវិញពិភពលោក។ អ្វីដែលពិសេស ថ្មីៗនេះ ស្រាប់តែ MrBeast ដែលជា YouTuber ដ៏ល្បីមានលុយច្រើនសន្ធឹកសន្ធាប់ បានប្រកាសថា នឹងបង្កើត Squid Game នៅក្នុងជីវិតពិតដោយជ្រើសរើស Follower របស់លោក មកធ្វើជាអ្នកលេងតែម្តង។

MrBeast មានឈ្មោះពិតថា Jimmy Donaldson ជាអ្នកជំនួញមានទ្រព្យសម្បត្តិមហាសាល ដែលសំខាន់លោកគឺជាតារា Youtube ម្នាក់ដ៏ល្បីល្បាញ ជនជាតិអាមេរិកនោះ គឺតែងតែធ្វើសកម្មភាពសប្បុរសធម៌ក្នុងសង្គមជានិច្ច។ កាលពីថ្ងៃទី១២ តុលាកន្លងទៅ តារាប្រុសម្នាក់នេះ បានបង្ហោះវីដេអូមួយប្រកាសនៅក្នុងបណ្ដាញសង្គម TikTok ដែលធ្វើមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ អ្វីដែលគេចាប់អារម្មណ៍ជាងគេគឺលោកបានសរសេរថា បើសិនជាវីដេអូរបស់លោកមានអ្នកចុចបេះដូងបាន ១០ លាននាក់ លោកនឹងបង្កើតល្បែង Squid Game ដែលផ្ដល់ប្រាក់រង្វាន់ពិតៗ។ លោកថែមទាំងប្រកាសរើសយកអ្នកដែលចុចតាមដានគណនីរបស់ខ្លួន យកមកធ្វើជាបេក្ខជនលេងល្បែងនេះផងដែរ។

លើសពីនោះ វីដេអូដែលលោក Jimmy បានបង្ហោះមិនត្រឹមតែមានចំនួនអ្នកចុចបេះដូង ១០លាននាក់នោះទេ បើគិតមកដល់ថ្ងៃនេះ វាបានកើនឡើងជាង ១៦លាននាក់ឯណោះ។ បើទោះបីជាយ៉ាងណា ក៏គេនៅមិនទាន់ដឹងទេថា លោក Jimmy មានគម្រោងលេងល្បែងបែបណា។ ប៉ុន្ដែលោក Jimmy ត្រូវគេស្គាល់ថាជាមនុស្សល្អតែងតែជួយអ្នកខ្វះខាត ដូចនេះមហាជនសង្ឃឹមថាលោកនឹងបង្កើតល្បែងដែលមិនគ្រោះថ្នាក់និងជាល្បែងដែលមានគោលបំណងល្អ៕

ប្រភព៖ Koreaboo

មតិយោបល់