ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតភរិយាលោកអ៊ិត សេដ្ឋា បាត់ដំណឹងនៅអូស្រ្តាលី

ក្រោយពីមានការផ្សាយថាអតីតភរិយារបស់លោកអ៊ិត សេដ្ឋា សម្ងំរស់នៅសហរដ្ឋអាមេរិកហើយមិននឹកនាដល់កូន អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរបង្ហោះថាការពិតអ្នកស្រី ស សុភាព ដែលជាអតីតភរិយារបស់លោក មិនបានរស់នៅអាមេរិកនោះទេ គឺអ្នកស្រីចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីជាយូរមកហើយ ដោយបាត់ដំណឹងនៅទីនោះតែម្ដង។

ប្រភពនោះបន្តថាក្រោយពេលលោកអ៊ិត សេដ្ឋាឡើងទៅរស់នៅ និងធ្វើការនៅលើទឹកដីអាមេរិក លោកបានលក់ចោលផ្ទះសំបែងនៅឯស្រុកខ្មែរ ដើម្បីយកលុយទៅបង្កជីវភាពថ្មីនៅទីនោះជាមួយអតីតភរិយាដែលជាអណិកជន។ ប៉ុន្តែការរួមរស់បានសុខត្រឹមតែបានកូន៣ប៉ុណ្ណោះ ក៏មានរឿងប្រេះស្រាំជាបន្តបន្ទាប់ រហូតបណ្ដាលឲ្យអ្នកស្រីស សុភាព ទ្រាំលែងបានហើយក៏ចុះចោលលោកអ៊ិត សេដ្ឋា ចេញទៅរស់នៅប្រទេសអូស្រ្តាលី។ ជននោះបន្តថាលោកសេដ្ឋា ប្រើពេលរង់ចាំភរិយារហូតដល់៤ឆ្នាំ ទើបសម្រេចចិត្តរើបង្វេចចុះមករស់នៅកម្ពុជាវិញក្នុងពេលធំដុំដូចនៅស្រុកខ្មែរផង។ មិនមានអ្នកណាទម្លាយថាអ្វីជាមូលហេតុដែលធ្វើឲ្យអ្នកស្រី ស សុភាព ដាច់ចិត្តដល់ថ្នាក់ចុះចោលពីប្ដី និងពីកូនហើយទៅរស់នៅអូស្រ្តាលីរហូតបាត់ដំណឹងនោះទេ តែមានការព្រលយថាអ្នកស្រីទ្រាំទ្រនឹងសភាពរស់នៅនាពេលនោះអត់បាន ទើបសម្រេចចិត្តចុះចោល ហើយសុំលែងលះជាក្រោយ។

ប្រភពនោះបន្តថាអ្នកស្រីស សុភាព ស្ថិតនៅប្រទេសអូស្រ្តាលីនាពេលបច្ចុប្បន្ន តែគេមិនដឹងថាអ្នកស្រីរស់នៅរដ្ឋនោះទេ គ្រាន់តែដឹងថាអ្នកស្រីមានស្វាមី និងមានគ្រួសារថ្មីរួចទៅហើយ។ មានការប៉ាន់ស្មានថាអ្នកស្រីបានដឹងពីរឿងរ៉ាវរបស់លោកអ៊ិត សេដ្ឋា រួចហើយ ប៉ុន្តែអាចមកពីស្នាកស្នាមមុនពេលលែងលះដែលត្រូវគេអះអាងថាមានសភាពធ្ងន់ធ្ងរ ទើបជាហេតុផលធ្វើឲ្យអ្នកស្រីមិនហ៊ានបង្ហាញខ្លួន។ ប្រភពនោះក៏បន្តក្រោយការចុះចោលរបស់ភរិយា លោកអ៊ិត សេដ្ឋា ក៏បានខឹងសម្បារនឹងមិនឲ្យកូនៗពាក់ព័ន្ធជាមួយនឹងអតីតភរិយាផង ទើបអ្នកស្រីមិនហ៊ានមកក្បែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងអាថ៌កំបាំងពីក្រោយខ្នងរបស់គ្រួសារមួយនេះ តើមានអ្វីបន្ថែមទៀតនោះទេក្នុងពេលដែលអ្នកស្រីយឹម សំអឿន ជាម្ដាយរបស់លោកអ៊ិត សេដ្ឋានៅតែប្រកាន់ជំហរមិននិយាយពាក់ព័ន្ធនឹងម្ដាយរបស់ក្មេងៗ ដោយបានបញ្ជាក់ថាមិនហ៊ាននិយាយទេដើម្បីកុំឲ្យមានរឿង ក្នុងពេលដែលរឿងដែលអ្នកស្រីចង់សំដៅនោះ តើជាអ្វី ហើយភាគីខាងលោក អ៊ិត សេដ្ឋា ឬអ្នកស្រី ស សុភាព ជាអ្នកខុសនាពេលនោះ។ មានការប៉ាន់ស្មានថា អ្នកស្រី ស សុភាព អាចបន្តមិនហ៊ានលេចមុខក្នុងពេលដែលកូនៗទាំង៣របស់អ្នកស្រីទទួលបានជំនួយច្រើន ដែលអាចនឹងធ្វើឲ្យគេយល់ថាអ្នកស្រីមកទទួលប្រយោជន៍ពីកូនៗវិញ។

មតិយោបល់