ក្រោយពីមានព័ត៌មានពាក់ព័ន្ធនឹងអតីតភរិយារបស់លោកអ៊ិត សេដ្ឋា ហើយព័ត៌មានទាំងនោះយករូបរបស់តារាចម្រៀងមាស អាលីស ដែលបានថតលេងជាមួយលោក ទៅប្រើភ្ជាប់ បានធ្វើអោយមានការយល់ច្រលំយ៉ាងខ្លាំងថាតារាចម្រៀងរូបនេះគឺអតីតភរិយារបស់លោក។ អ្នកនាងថាមនុស្សជាច្រើនបានយល់ច្រលំ ដោយខ្លះមើលលើក្រោមក្នុងពេលជួបផ្ទាល់ និងខ្លះបានយកមុខមាត់របស់អ្នកនាងភ្ជាប់ជាមួយនឹងព័ត៌មាននោះមកវាយប្រហារនាងផង។ តារាចម្រៀងអ្នកនាងមាស អាលីស និយាយថា អ្នកគាំទ្រច្រើនគ្នាបានឆាត និងខលមកនាង ដោយសួរថាអ្នកនាងពិតជានារីដែលជាអតីតភរិយារបស់លោកអ៊ិត សេដ្ឋាមែនឬមិនមែន។
ជាក់ស្ដែងគ្រាន់តែអ្នកនាងដើរផ្សារកាលពីព្រឹកថ្ងៃទី៧ មិថុនា គឺមានមនុស្សច្រើននាក់ច្រលំថាអ្នកនាងគឺជាស្រ្តីម្នាក់នោះ ដោយសារតែគ្រប់ព័ត៌មានគឺមិនមានឃើញដាក់មុខមាត់របស់អតីតភរិយារបស់លោកអ៊ិត សេដ្ឋា ក្រៅពីរូបថតរបស់អ្នកនាងទៅប្រើភ្ជាប់។ អ្នកនាងថាមិនចង់អោយមានការយល់ច្រលំបន្តទៀតឡើយ ទើបសម្រេចចិត្តចេញមុខបកស្រាយ ដោយសារ អ្នកនាងបញ្ជាក់ថាខ្លួនគ្រាន់តែជាអ្នកចម្រៀង ហើយមានឱកាសបានឡើងច្រៀងក្នុងកម្មវិធីដែលលោកអ៊ិត សេដ្ឋា ធ្វើជាពិធីករ រួចក៏ថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ។ អ្នកនាងថារូបថតមួយសន្លឹកនោះត្រូវបាននាងបង្ហោះក្រោយពេលលោកស្លាប់ ដើម្បីបង្ហាញពីការសោកស្ដាយ ហើយក៏ត្រូវបណ្ដាអ្នកសារព័ត៌មានយកទៅប្រើស្ទើរគ្រប់ការចុះផ្សាយដែលនិយាយសំដៅដល់លោកអ៊ិត សេដ្ឋា។ អាចមកពីការប្រើរូបនោះនៅក្នុងព័ត៌មានដែលនិយាយពីប្រពន្ធលោកនាពេលចុងក្រោយ ទើប ទើបនាំអោយមានការយល់ច្រលំចំពោះនាងខ្លាំងឡើងលើករណីនេះ។ អ្នកនាងថាមានអារម្មណ៍រអារខ្លួនដែលនាងទៅណាមកណាត្រូវគេច្រលំថាជាអតីតភរិយារបស់លោកអ៊ិត សេដ្ឋា ហើយថែមទាំងមានអ្នកខ្លះឈានដល់ការយករូបរបស់នាងភ្ជាប់នឹងអត្ថបទនោះផង រិះគន់ថានាងមុខមាត់បែបនេះហេតុអ្វីចិត្តដាច់ម្លេះ។ អ្នកនាងស្នើអោយបញ្ចប់ការយល់ច្រលំ ដោយសារតែអ្នកនាងគ្រាន់តែជាតារាចម្រៀង និងមិនមែនជាអតីតភរិយារបស់លោកអ៊ិត សេដ្ឋា ដូចអ្វីដែលបានយល់ច្រលំឡើយ៕
មតិយោបល់