ព័ត៌មានបច្ចេកវិទ្យា

iPad Pro ថ្មីចេញហើយ! ទាំង ៥ ចំណុចនេះ ល្មមឱ្យលង់អត់?

មួយរយៈចុងក្រោយនេះ អ្នកគាំទ្រផលិតក្រុមហ៊ុន Apple ហាក់មិនចាប់អារម្មណ៍ចំពោះថេប្លេត iPad ប៉ុន្មានទេ ខណៈពួកគេមានតែ iPhone មួយគឺល្មមគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ជាមួយ iPad Pro ថ្មីដែលមានទំហំអេក្រង់ ១០.៥ អីុញ និង ១២.៩ អីុញ វិញ បានពាំនាំមកជាមួយលក្ខណៈសម្បត្តិ និងសមត្ថភាពថ្មីប្លែកជាច្រើន ដែលល្មមអាចបង្វែរចិត្តលោកអ្នកឱ្យងាកមកចាប់លង់លើវាឡើងវិញ។ ក្នុងនោះ Post Tech សូមលើកយកលក្ខណៈសម្បត្តិដែលលេចធ្លោបំផុតចំនួន ៥ មកបង្ហាញជូនប្រិយមិត្តឱ្យបានជ្រាបដូចតទៅ៖

– អេក្រង់ធំ! ផ្ទាំងកម្មវិធីប្រើប្រាស់ដូច Mac

ជាមួយអេក្រង់ធំបំផុតមិនធ្លាប់មានក្នុងចំណោមផលិតផលថេប្លេតរបស់ Apple និងតាមរយៈ iOS 11 លោកអ្នកអាចដាក់បន្ថែម App នៅលើមឺនុយ Dock របស់វាបានកាន់តែច្រើនដើម្បីងាយស្រួលក្នុងការចុចចូលទៅកាន់កម្មវិធីទាំងនោះ។ ម្យ៉ាងទៀត វាក៏មានភ្ជាប់មកជាមួយកម្មវិធី Files សម្រាប់គ្រប់គ្រងឯកសារក្នុងមេម៉ូរី ដែលទាំងនេះធ្វើឱ្យមើលទៅមិនខុសពីផ្ទាំងកម្មវិធីប្រើប្រាស់របស់កុំព្យូទ័រ Mac ប៉ុន្មានឡើយ។

– ចង់ Copy & Paste គ្រាន់តែទាញដាក់ៗ

ឥឡូវនេះ Apple បានបន្ថែមុខងារ Drug and Drop ដែលអ្នកប្រើប្រាស់ទូទៅតែងតែទន្ទឹងចង់បាន។ វាផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការចម្លងពាក្យពេចន៍ និងអត្តបទ ព្រមទាំងរូបភាពផងដែរ ពីកម្មវិធីមួយទៅកម្មវិធីមួយ។ ពោលគឺគ្រាន់តែចុចលើរូបភាព ឬឃ្លាប្រយោគដែលចង់ចម្លងចេញ បន្ទាប់មក ប្រើម្រាមដៃអូសវាទៅទម្លាក់លើកម្មវិធីដែលខ្លួនចង់ចម្លងចូលត្រង់កន្លែងណាមួយ ជាការស្រេច។

– មុខងារ Mulititasking កាន់តែឆ្លាតវៃ

ការចុចប្តូរចុះឡើងៗរវាង ឬក្នុងចំណោមកម្មវិធីកាន់តែដូចការធ្វើបែបនេះនៅលើកុំព្យូទ័រ Mac ហើយបន្ទាប់មក លោកអ្នកអាចជ្រើសរើសកម្មវិធីពីរឱ្យវាបើកដំណើរដំណាលគ្នានៅលើផ្ទៃអេក្រង់តែមួយបាន។ ម្យ៉ាងទៀត លោកអ្នកក៏អាចទាញផ្ទាំងកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងពីរឱ្យមួយធំ ឬតូចតាមចិត្តចង់ក៏បាន។ លក្ខណៈពិសេសនេះ នឹងជួយឱ្យលោកអ្នកធ្វើការងារបានកាន់តែច្រើននៅលើផ្ទាំងអេក្រង់តែមួយ។

– ល្បឿនបម្លាស់ទីរបស់ក្រាហ្វិកបង្កើនទ្វេគុណ

ជាមួយ iPad Pro ថ្មីនេះ ក្រុមហ៊ុនបានបង្កើនល្បឿនបម្លាស់ទីក្រាហ្វិចរបស់វាពី 60Hz ទៅ 120Hz ដែលធ្វើឱ្យការអូសលើផ្ទាំងកម្មវិធី ឬការបម្លាស់ទីពីផ្ទាំងកម្មវិធីពីមួយទៅមួយ ឬចុះឡើងៗ កាន់តែរលូន ហើយវាក៏ជួយឱ្យរូបភាពក្រាហ្វិកវីដេអូហ្គេម និងសកម្មភាពបម្លាស់ទីក្នុងខ្សែភាពយន្តកម្រិតខ្ពស់ អាចបង្ហាញចេញកាន់តែអស្ចារ្យ និងមិនមើលទៅមានសភាពព្រាលៗ។

– ប៊ិក​មានសមត្ថភាពកាន់តែល្អប្រសើរខ្លាំង

Apple បានចំណាយពេលយ៉ាងយូរសម្រាប់អភិវឌ្ឍសមត្ថភាពប៊ិកវៃឆ្លាតរបស់ខ្លួន ហើយលទ្ធផលនៃការខំប្រឹងប្រែងនោះ គឺបានស្តែងចេញតាមរយៈ​​ iPad Pro ថ្មី និង iOS 11។ ចុងប៊ិករបស់វា អាចប្រើសរសេរ ឬកត់ត្រា ឬគូសជាបន្ទាត់ត្រង់ស្មើលើអេក្រង់ដូចជាប៊ិក ឬដែកខ្មៅធម្មតាសរសេរលើក្រដាសអីចឹង។ ម្យ៉ាងទៀត លោកអ្នកក៏អាចជ្រើសរើសទំហំចុងប៊ិកតូចធំ ឬមុខងាររបស់វាឱ្យទៅជាប្រដាប់គូសគំនូរ ផាត់ពណ៌បានយ៉ាងសម្បូរបែបផងដែរ៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់