ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ចូលសង្គ្រោះបន្ទាន់

កាលពីយប់ថ្ងៃទី៨ មិថុនា តារាសម្ដែងស៊ិចស៊ី កញ្ញា ពេជ្រ ចរណៃ ដែលត្រូវគេដឹងថាទើបនឹងបានតំណែងជាតារាវ៉ៃតប់ក្នុងរឿង«អាគមស្បែកដាច» ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យព្រះកេតុមាលាយ៉ាងតក់ក្រហក់ ដោយសារតែជំងឺពោះវៀនដុះខ្នែងរបស់នាងមានសភាពធ្ងន់ ព្រមជាមួយនឹងជំងឺដាច់សរសៃប្រើសបេះដូងធ្វើទុក្ខ។ យ៉ាងណាក៏ដោយមុននេះបន្តិចមានការបញ្ជាក់ថានាងឆ្លងកាត់គ្រោះថ្នាក់ហើយ ដោយគ្រាន់តែនាងមិនអាចទៅបន្តថតរឿង«អាគមស្បែកដាច»តាមផែនការ និងស្នើអោយផលិតករ ជួយពន្យារដើម្បីអោយនាងបានសម្ដែងបញ្ចប់។

កញ្ញាពេជ្រ ចរណៃ បានថ្លែងដោយសំលេងខ្សាវនៅមុននេះបន្តិចថា ដោយសារតែនាងអត់មានពេលត្រួតពិនិត្យសុខភាពដិតដល់ព្រោះរវល់ថតកុន ទើបបណ្ដាលអោយជំងឺពោះវៀនដុះខ្នែង និងសរសៃប្រើសបេះដូងដែលដាច់រហែកមានសភាពធ្ងន់ទៅ បណ្ដាលអោយនាងធ្វើទុក្ខខ្លាំងមុនដឹកទៅមន្ទីរពេទ្យ។ នាងមិនដឹងថាសភាពរបស់ខ្លួនអាក្រក់កម្រិតណានោះទេ ដោយគ្រាន់តែដឹងថាក្រោយពេលដឹងខ្លួន គឺនាងស្ថិតនៅលើគ្រែពេទ្យ ហើយក្រោយមកក៏ត្រូវគេបញ្ជូនទៅវះកាត់ និងទើបបានដឹងស្មារតីកាលពីព្រឹកថ្ងៃទី៩ មិថុនាមុននេះ។ នាងថាជំងឺធ្វើទុក្ខនៅតែធ្វើអោយនាងអស់កម្លាំង ហើយបើទោះជាការវះកាត់ខ្នែងពោះវៀនទទួលជោគជ័យ តែអាការៈធ្វើទុក្ខបេះដូងដោយសារតែដាច់រហែកសរសៃប្រើស នៅមិនទាន់ព្យាបាលដិតដល់ឡើយ។ នាងថាខ្លួនត្រូវបានគ្រូពេទ្យកំណត់អោយសម្រាកនៅមន្ទីរពេទ្យ៥ថ្ងៃពេញ និងតម្រូវមិនអោយធ្វើការធ្ងន់ធ្ងន់យ៉ាងហោច១ខែ ទើបនាងភ័យបារម្ភចំពោះការសម្ដែងក្នុងរឿង«អាគមស្បែកដាច»ដែលនាងបានទទួលលុយកក់ និងសម្ដែងបានច្រើនប្លង់មកហើយ ប៉ុន្តែត្រូវរាំងស្ទះព្រោះតែជំងឺសង្គ្រោះបន្ទាន់។

នាងមិនចង់អោយខាងផលិតកម្មដោះដូរតួសម្ដែងនោះទេ ដ្បិតនាងនាងចង់សម្ដែងមួយរឿងនោះអោយចប់តាមការគ្រោងទុក។ យ៉ាងណាមិញ នាងថាខ្លួនក៏មិនអាចគិតពីសុខភាព ហើយទៅបន្តថតរឿងខុសពីបម្រាមគ្រូពេទ្យ ក្រោយការវះកាត់តម្រូវវមិនអោយទៅថតរឿងវាយតប់ និងលោតហក់បានទេដើម្បីកុំអោយធ្វើទុក្ខធ្ងន់ធ្ងរថ្ងៃក្រោយ។ ក្នុងរឿង«អាគមស្បែកដាច»នាងថាត្រូវគេអោយសម្ដែងជាតួលេចធ្លោក្នុងរឿងក្នុងក្រុមចិត្តអាក្រក់ ដោយប្លង់សម្ដែងភាគច្រើនគឺការវាយតប់ និងលោតហក់តែម្ដង ទើបនាងគិតថាមានតែស្នើសុំអោយផលិតករពន្យារពេលប៉ុណ្ណោះ ទើបនាងអាចសម្ដែងបានតាមការចង់បាន។

ឆ្លើយតបនឹងករណីនេះផលិតកររឿង«អាគមស្បែកដាច»មិនទាន់អាចសុំការបញ្ជាក់ពីជំហរបានទេ ប៉ុន្តែយោងតាមតារាសម្ដែងម្នាក់ដែលមានប្លង់ច្រើនជាមួយនឹងពេជ្រ ចរណៃផងដែរ បានអះអាងថា ភាពយន្តនេះផលិតករត្រូវការបញ្ចប់ឆាប់ៗ ដូច្នេះចំពោះករណីតារាសម្ដែងរូបនេះឈឺធ្ងន់គឺមិនទាន់ដឹងថាត្រូវកាត់ប្លង់ចោល ដូរតួសម្ដែង ឬអាចរង់ចាំដល់មួយខែឬច្រើនជាងនេះ ដើម្បីអោយថតបញ្ចប់ទេ៕

មតិយោបល់