ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«រាជិនី» ចេញរូបរាង ក្រោយចំណាយការផលិតច្រើនខែ!

នៅទីបំផុតភាព យន្តខ្នាតធំរឿង«រាជិនី» របស់ផលិតកម្មបដិហារ្យភាពយន្តបានដាក់បង្ហាញពីឈុតខ្លីរបស់ខ្លួនជាផ្លូវការ អមដោយការប្រកាសថានឹងគ្រោងដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី១៥ មិថុនាខាងមុខ។ នេះជាស្នាដៃទី៣របស់ផលិតកម្មបដិហារ្យ បន្ទាប់ពីភាពយន្តចំនួន២មុន គឺរឿង«គំនុំខ្មោចក្រមុំទាំង៣»និងរឿង«លង់ស្នេហ៍អ្នកគ្រូ»ទទួលបានជោគជ័យរួចមកហើយ។

លោកស៊ុម ភារិន ចាងហ្វាងផលិតកម្មបានអះអាងថាភាពយន្តរឿង«រាជិនី»គឺជារឿងដែលលោកសម្រិតសម្រាំង និងបង្កើនគុណភាពខុសប្លែកជាងមុន បើទោះជាតួសម្ដែងលោកជ្រើសយកតារាក្មេងៗច្រើនជាងតារាជើងចាស់ខុសពីរឿងមុនៗ។

យ៉ាងណាមិញ លោកថារឿងនេះតារាសម្ដែងសុទ្ធតែមានភាពទាក់ទាញ និងប្រឹងអស់ពីសមត្ថភាពក្នុងការសម្ដែង ទើបលោករំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យច្រើនជាងភាពយន្ត២មុនដែលផលិតកម្មបដិហារ្យបានផលិត។ លោកនិយាយថាភាពយន្តនេះនឹងដំណើរការដាក់បញ្ចាំងនៅថ្ងៃទី១៥ មិថុនា គ្រប់រោង ហើយមិនទាន់ច្បាស់ថានឹងមានពិធីសម្ពោធជាទ្រង់ទ្រាយធំ ឬយ៉ាងណានោះទេ ក្នុងពេលដែលខាងរោងកុនមិនទាន់បញ្ជាក់ថាមុនថ្ងៃទី១៥ មិថុនា តើរោងកុនទំនេរពេលណាដែលអាចឲ្យផលិតកម្មធ្វើកម្មវិធី។ លោកទទូចឲ្យគាំទ្ររឿងនេះ ដោយអះអាងថានេះជាស្នាដៃកូនខ្មែរ ដោយសារសាច់រឿងមិនមានការចម្លងពីភាពយន្តណាមួយឡើយ។ ក្នុងនោះឈុតឆាកសម្ដែងក៏មានកំប្លែង កំសត់ និងភ័យរន្ធត់គ្រប់រសជាតិពេញមួយផ្ទៃរឿងផងដែរ។ លោកថារឿងនេះចំណាយទុនផលិតច្រើនគួរសម ហើយបើនិយាយពីពេលវេលាក្នុងការផលិត និងកាត់តក៏ប្រើពេលមិនតិចជាង៤ខែដែរ៕

មតិយោបល់