ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃឲ្យបេក្ខជនកម្ពុជា តែងខ្លួនជាអប្សរាប្រកួតអន្តរជាតិ រងការរិះគន់ផ្អើលហ្វេសប៊ុក!!!

យោងតាមការបង្ហោះរបស់លោក កៅ សីហា អ្នកនិពន្ធល្បីឈ្មោះរបស់ហង្សមាសបានសរសេរថា ហេតុផលដែលបេក្ខជនកម្ពុជាតុបតែងខ្លួនជាអប្សរាប្រុសធ្វើឲ្យមានការរិះគន់ឡើងរញ្ជួយហ្វេសប៊ុក ក្នុងព្រឹត្តិការណ៍ Mister National Univers 2017 នៅទីក្រុងបាងកក គឺជាការរៀបចំទាំងស្រុងរបស់គណៈកម្មការថៃដែលបញ្ជូនតំណាងកម្ពុជាឲ្យចេញប្រកួត។ ព្រឹត្តិការណ៍នេះបានដំណើរការប្រកួតតាំងពីថ្ងៃ ៥ មិថុនា ដោយគ្រោងប្រកាសពាននៅថ្ងៃទី១៣ មិថុនានេះ បន្ទាប់ពីតម្រូវឲ្យបេក្ខជនមកពីប្រទេសនីមួយៗស្លៀកពាក់ប្រពៃណីតំណាងឲ្យជាតិនីមួយៗ ហើយបេក្ខភាពតំណាងឲ្យកម្ពុជា គឺលោក កូវ កែវណារិន ត្រូវបានគេជេរឡើងផ្អើលតែម្ដង ក្រោយពីឈុតអប្សរាប្រុសរបស់លោក ដែលត្រូវបានលោកកៅ សីហា បង្ហោះថាជាការចាត់ចែងដោយជនជាតិថៃបង្ហោះឡើង។

នៅលើហ្វេសប៊ុក គេឃើញ លោក កូវ កែវណារិន តំណាងឲ្យកម្ពុជា ដែលត្រូវបានក្រុមហ៊ុនឯកជនមួយបញ្ជូនឲ្យចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវមហាជនជេរប្រទិចសឹងនឹងរបើកហ្វេសប៊ុក ដោយក្រៅពីរិះគន់ថាលោកជាបេក្ខជនចេកៗ និងមានមុខមាត់មិនសមតំណាងឲ្យយកម្ពុជាសម្រាប់ការប្រកួតនោះ ក៏ត្រូវអ្នកលេងហ្វេសប៊ុកដដែលជេរប្រទិចក្រោយពេលការតុបតែងកាយជាអប្សរាប្រុសរបស់លោកត្រូវបានបង្ហោះផងដែរ។ ម្នាក់ៗបានចោទថាលោកគឺជាតំណាងកម្ពុជាដែលធ្វើឲ្យមានការភាន់ច្រឡំថាវប្បធម៌កម្ពុជាមានអប្សរាប្រុស និងយល់ថាលោកធ្វើឲ្យអាប់អោនតម្លៃវប្បធម៌លើឆាកអន្តរជាតិ។ ការប្រកួតដែលមានបេក្ខជនជាបុរសស្អាតៗ និងមាឌធំៗមកពីប្រទេសជាច្រើនហើយរៀបចំដោយប្រទេសថៃនៅទីក្រុងបាងកកនោះ តម្រូវឲ្យបេក្ខជននីមួយៗកែច្នៃសម្លៀកបំពាក់តំណាងឲ្យវប្បធម៌របស់ខ្លួនយកមកប្រកួត តែសម្រាប់លោក កូវ កែវណារិន តំណាងកម្ពុជាត្រូវគេអះអាងថាភាគីថៃជាអ្នករៀបចំ ដោយបេក្ខជនកម្ពុជាទៅដល់ចាំតែស្លៀកតែម្ដង។

ចំពោះករណីនេះមានការរិះគន់យ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនដែលបានបញ្ជូនបេក្ខជនកម្ពុជាឲ្យចេញទៅប្រកួត និងចំពោះ ក្រសួងវប្បធម៌ ដែលបណ្ដោយឲ្យមានក្រុមហ៊ុនឯកជនធ្វើព្យុះធ្វើភ្លៀង ហើយធ្វើឲ្យខូចមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ មកទល់ម៉ោងនេះ អ្នករិះគន់នៅតែបន្តចោទថាក្រសួងវប្បធម៌ មិនដែលមានចំណាត់ការណាមួយឲ្យបានមុន ដោយរង់ចាំឲ្យមានប្រតិកម្មពីមហាជនជាប្រចាំគ្រប់ពេលការប៉ះពាល់តម្លៃវប្បធម៌កើតឡើង។ ជាពិសេសចំពោះករណីដែលបង្កឲ្យមានការភាន់ច្រលំដោយប្រទេសជិតខាងគឺមន្ត្រីក្រសួងច្រើនប្រើពាក្យថាមិនបានដឹង និងថាចាំដោះស្រាយ តែមិនដែលឃើញបានផលត្រលប់មកវិញឡើយ ដូចជាករណីប្រទេសថៃយករូបអង្គរទៅដាក់ភ្ជាប់រឿងនិទានរបស់ខ្លួនមុននោះ គឺថៃនៅតែដំណើរការដាក់បញ្ចាំងរឿងនោះជាសាធារណៈបានដដែលក្រោយមហាជនខ្មែរប្រតិកម្ម។ យ៉ាងណាមិញចំពោះករណីនេះ មិនដឹងថាក្រសួងវប្បធម៌ នឹងចាត់វិធានការបែបណាចំពោះអ្នកច្នៃម៉ូដឲ្យបេក្ខភាពរបស់កម្ពុជា ដែលមិនមានការឆ្លងដល់ក្រសួងរបស់កម្ពុជាជាមុននោះទេ៕

មតិយោបល់