ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉េយ៉េ សម្ញ៉ែងទ័ពស្រួចផ្ដើលព្រឹត្តិការណ៍សប្បុរសធម៌

ខុសពីការប៉ាន់ស្មានថា តារាសម្ដែងយ៉េយ៉េ មានតែក្រុមកំប្លែងប្រមាណតែត្រឹម៦រូប ការពិតក្រុមកំប្លែងរបស់នាងក៏មានក្រុមសម្ដែងShow យ៉ាងពិសេសដែលជាកម្លាំងទ័ពស្រួចរបស់ខ្លួនដែលមានទម្រង់សម្ដែង និងតុបតែងកាយប្លែករហូតដល់ជាង២០នាក់ផ្សេងទៀត ដើម្បីវាយលុកទីផ្សារ។ ក្រុមនេះត្រូវបានគេដឹងថាសម្ដែងផ្ដាច់មុខឲ្យតែក្លិបGLប៉ុណ្ណោះ ខណៈដែលការសម្ដែងម្ដងៗគឺលុះត្រាតែខ្ទង់ពាន់ដុល្លារទើបអាចទស្សនាមួយក្រុមសម្ដែងនេះបាន។

យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍អ្នកបរិច្ចាគឈាមពិភពលោកដែលរៀបចំការប្រគុំតន្ត្រីដោយគ្រួសារតារាកម្ពុជាកម្លាំងទ័ពស្រួចរបស់នាង បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ដោយក្រៅពីទាក់ទាញអ្នកទស្សនា ក៏មានការសរសើរមិនដាច់ពីមាត់ផងដែរថាក្រុមភេទទី៣មួយក្បួនធំនេះទាំងស្អាត រាំបញ្ចេញក្បាច់បានរស់រវើក និងសម្បូរស្ទីលទាក់ភ្នែកមិនធម្មតា។

យ៉េយ៉េនិយាយថានេះជាក្រុមសម្ដែងShow មួយវង់ធំ ដោយការចេញសម្ដែងមួយលើកគឺរង្វង់២០០០ដុល្លារទៅច្រើនជាងនេះ ទើបក្រុមនាងទទួលសម្ដែង។ នាងថាមួយវង់នេះសម្ដែងជូនតែកម្មវិធីពិសេសៗប៉ុណ្ណោះ តែសម្រាប់កម្មវិធីសប្បុរសធម៌ដែលអាចជួយជាប្រយោជន៍ដល់សង្គមបាន គឺពួកនាងសុខចិត្តចំណាយលុយ និងចំណាយកម្លាំងសម្ដែងជូនដោយមិនគិតកម្រៃនោះទេ។

នាងថាសប្បាយចិត្តដែលក្រុមសម្ដែងរបស់នាងកាន់តែមានទីផ្សារ ជាពិសេសចាប់តាំងពីបានទទួលឱកាសសម្ដែងប្រចាំក្នុងក្លិបGL ដែលជាទីតាំងឆ្នាំងបាយរបស់នាង។ យ៉ាងណាមិញ នាងថាខ្លួនគ្រាន់តែជាមេក្រុមប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកទទួលខុសត្រូវពីលើគឺមានមេការរបស់អ្នកនាងម្នាក់ទៀត៕

មតិយោបល់